អន្តរជាតិ
គណៈកម្មការរៀបចំការបោះឆ្នោតថៃ នឹងស្នើតុលាការរំលាយបក្សឆ្ពោះទៅមុខ
12, Mar 2024 , 9:59 pm        
រូបភាព
លោក Pita Limjaroenrat អតីតមេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AFP
លោក Pita Limjaroenrat អតីតមេដឹកនាំបក្សឆ្ពោះទៅមុខ។ រូបភាព AFP
គណៈកម្មការរៀបចំការបោះឆ្នោតថៃ នៅថ្ងៃទី១២ ខែមីនា បានឯកភាពស្នើតុលាការធម្មនុញ្ញរំលាយបក្ស បក្សឆ្ពោះទៅមុខ (MFP)។ ការសម្រេចនេះ ធ្វើឡើងក្រោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅក្នុងខែមករា ដែលស្នើឱ្យបក្សនយោបាយមួយនេះ ទម្លាក់ចោលរាល់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ។ 

 
ដោយផ្អែកតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញចេញនៅថ្ងៃទី៣១ ខែមករា គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានសម្រេចជាឯកច្ឆន្ទនៅថ្ងៃទី១២ ខែមីនា ដើម្បីស្នើតុលាការធម្មនុញ្ញឱ្យរំលាយបក្សឆ្ពោះទៅមុខ។
 
«គណៈកម្មការបោះឆ្នោត បានពិចារណា និងវិភាគពីសាលក្រមរបស់តុលាការធម្មនុញ្ញ ហើយបានសម្រេចជាឯកច្ឆន្ទ ដើម្បីស្នើឱ្យរំលាយបក្សឆ្ពោះទៅមុខ»។ គណៈកម្មការរៀបចំការបោះឆ្នោត បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្តថា ខ្លួនបានរកឃើញព័ស្តុតាង ដែលបក្សឆ្ពោះទៅមុខ បានបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។
 
ទន្ទឹមនេះ គណៈកម្មការរៀបចំការបោះឆ្នោត បានបន្ថែមថា បក្សឆ្ពោះទៅមុខ បានបំពានមាត្រា ៩២ នៃច្បាប់រៀបចំបក្សនយោបាយ។ មាត្រា ៩២នេះ អនុញ្ញាតឱ្យតុលាការធម្មនុញ្ញរំលាយបក្សនយោបាយណាមួយ ដែលគំរាមដល់ស្ថាប័នមហាក្សត្រថៃ។ 

ការសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ធ្វើឡើងក្រោយពីមានពាក្យបណ្តឹងរបស់លោក Ruangkrai Leekitwattana និងលោកមេធាវី Theerayut Suwankesorn។
 
តុលាការធម្មនុញ្ញថៃកន្លងមក បានជំរុញឱ្យបក្សឆ្ពោះទៅមុខទម្លាក់ចោលការប៉ុនប៉ងធ្វើវិសោធនកម្មមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ។ ជុំវិញមាត្រាមួយនេះ បក្សឆ្ពោះទៅមុខ បានស្នើឱ្យធ្វើកាត់បន្ថយទោសជាប់ពន្ធនាគារ ហើយរាល់ពាក្យបណ្តឹងត្រូវដាក់ចេញពីស្ថាប័នរាជវាំង។ បន្ថែមពីនេះ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បក្សឆ្ពោះទៅមុខ ក៏បានលើកឡើងពីការធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រផង៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com