អន្តរជាតិ
លោក Paul ដែលចាយពេល៧ទសវត្សរ៍ក្នុងឧបករណ៍ Iron Lung ទទួលមរណភាព
14, Mar 2024 , 2:29 pm        
រូបភាព
លោក Paul Alexander។ រូបភាព AP
លោក Paul Alexander។ រូបភាព AP
លោក Paul Alexander ដែលបានចំណាយពេលស្ទើរតែពេញមួយជីវិតនៅក្នុងឧបករណ៍ Iron Lung បានទទួលមរណភាព នៅវ័យ ៧៨ឆ្នាំ នៅថ្ងៃទី១១ ខែមីនា។ លោក Philip Alexander បងប្អូនប្រុស លោក Paul បានបញ្ជាក់បែបនេះ។ លោក Paul ត្រូវការឧបករណ៍ Iron Lung ដើម្បីជំនួយដង្ហើម។

 
រងគ្រោះព្រោះជំងឺស្វិតសាច់ដុំ (polio) ចាប់តាំងពីឆ្នាំ១៩៥២ ដែលជាឆ្នាំផ្ទុះជំងឺដ៏អាក្រក់មួយនេះ លោក Paul Alexander បានចំណាយពេលស្ទើរតែទាំងស្រុងនៅក្នុងឧបករណ៍ Iron Lung ដើម្បីជំនួយការដកដង្ហើមរបស់លោក។ លោកមានជំងឺដ៏អាក្រក់នេះ ចាប់តាំងពីអាយុ ៦ឆ្នាំមក។ 
 
យ៉ាងណាមិញ នៅថ្ងៃទី១១ ខែមីនា លោកPaul បានទទួលមរណភាព ក្នុងវ័យ ៧៨ឆ្នាំ។ ដំណឹងមរណភាពរបស់លោក ត្រូវបានផ្សាយដោយមូលនិធិGoFundMe នៅថ្ងៃទី១២ ខែមីនា។ 
 
«Paul អ្នកនឹងត្រូវបានមនុស្សគ្រប់គ្នានឹករលឹក និងត្រូវបានចងចាំ»។ លោក Christopher Ulmer អ្នករៀបចំមូលនិធិ GoFundMe សម្រាប់ជួយ Paul ពាក់ព័ន្ធនឹងផ្ទះសម្បែង និងសុខាភិបាល បានបញ្ជាក់បែបនេះ។ 
 
ក្នុងការចំណាយពេលនៃជីវិតកន្លងមក ទោះមានរាងកាយមិនដូចមនុស្សដទៃ ប៉ុន្តែលោក Paul បានជម្នះជោគវាសនារបស់ខ្លួន ហើយថែមទាំងអាចក្លាយជាមេធាវី និងជាអ្នកនិពន្ធថែមទៀត។ ស្នាដៃរបស់លោក បានលើកទឹកចិត្តមនុស្សជាច្រើនឱ្យតស៊ូនៅក្នុងជីវិត។ 
 
ជាមនុស្សម្នាក់ដែលវេជ្ជបណ្ឌិតរំពឹងថា មិនអាចមានជីវិតរស់នៅបានយូរ លោក Paul អាចចំណាយពេលនៅក្នុងឧបករណ៍ Iron Lung រហូតដល់ ៧ទសវត្សរ៍ ហើយនៅក្នុងឆ្នាំ២០២៣ លោកបានទទួលពាន Guinness World Records សម្រាប់អ្នកជំងឺដែលរស់នៅក្នុងឧបករណ៍ Iron Lung យូរជាងគេបំផុត។
 
ស្ថិតក្នុងលក្ខខណ្ឌកម្រិតឱ្យរស់នៅក្នុងឧបករណ៍Iron Lung លោកPaul ត្រូវប្រឈមគ្រោះថ្នាក់ដល់ជីវិត នៅពេលអគ្គិសនីដាច់។ យ៉ាងណាក៏ដោយ លោក Paul បានរៀនពីវិធីសាស្រ្តក្នុងការដកដណ្ហើម ដើម្បីឱ្យលោកអាចស្ថិតនៅក្រៅឧបករណ៍Iron Lung បានរយៈដល់២ ឬ៣ម៉ោងថែមទៀត៕ 

Tag:
 Polio Paul
© រក្សាសិទ្ធិដោយ thmeythmey.com