អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ​ សន្យាដោះស្រាយបំណុលរបស់មន្រ្តីស៊ីវិល
16, Mar 2024 , 6:29 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
ប្រមុខរដ្ឋាភិបាលថៃ លោកសេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១៥ ខែមីនា បានសន្យាដោះស្រាយបំណុលរបស់មន្រ្តីរាជការប្រមាណ ៣លាននាក់ និងបញ្ជាក់ពីភាពចាំបាច់ក្នុងការកាត់បន្ថយអត្រាការប្រាក់សម្រាប់មន្រ្តីរាជការ ដើម្បីបន្ធូរបន្ថយបន្ទុក។

 
នៅចំពោះមុខប្រធានទីភ្នាក់ងាររដ្ឋចំនួន ១១ ដើម្បីជជែកពីបញ្ហាបំណុល លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី បានសន្យាបន្តជួយដោះស្រាយបន្ទុកបំណុលរបស់សាធារណៈ ហើយថែមទាំងព្រមានពីហានិភ័យថែមទៀត ប្រសិនបើគ្មានការដោះស្រាយ។ 
 
តាមសំណើពីទីភ្នាក់ងាររដ្ឋទាំង ១១ លោកសេដ្ឋាបានបញ្ជាក់ថា លោកនឹងស្នើនាយកដ្ឋានលើកតម្កើងសហករណ៍ឱ្យចូលរួមក្នុងកម្មវិធីដោះស្រាយបំណុលរបស់រដ្ឋាភិបាលឱ្យបានឆាប់បំផុត ក្នុងគោលបំណងអាចឱ្យមន្រ្តីស៊ីវិលអាចខ្ចីប្រាក់ក្នុងចំនួនដ៏ច្រើន។ 
 
តាមការបញ្ជាក់របស់ស្នងការប៉ូលិសរង និងជាអនុប្រធានគណៈកម្មាធិការរដ្ឋាភិបាលលើបំណុលប្រជាជន លោក Kittirat Phanphet មន្រ្តីរាជការ២,៨លាននាក់ ក្នុងចំណោម ៣,១លាននាក់ បានជំពាក់បំណុលប្រមាណច្រើនជាង ៨៣,៧ពាន់លានដុល្លារ។ មន្រ្តីរាជការមួយចំនួន ត្រូវបង់ប្រាក់លើបំណុលរហូតដល់សល់ប្រាក់តិចតួចប៉ុណ្ណោះ ក្នុងការចំណាយប្រចាំថ្ងៃ។ 
 
ត្រង់ចំណុចនេះ លោក Kittirat Phanphet បានអះអាងថា មន្រ្តីរាជការទាំងនោះ ត្រូវការជំនួយ ហើយជំរុញឱ្យមានច្បាប់មួយចំនួន ដើម្បីអាចដោះស្រាយពាក់ព័ន្ធនឹងបំណុលនេះ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com