ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច សាយ ឈុំ និងអនុប្រធានព្រឹទ្ធសភា២រូបទៀត ត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
30, Mar 2024 , 10:00 am        
រូបភាព
សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤។ រូបពីហ្វេសប៊ុកព្រឹទ្ធសភា។
សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤។ រូបពីហ្វេសប៊ុកព្រឹទ្ធសភា។
សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ ត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី ។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ នាថ្ងៃទី២៩ មីនា។


 
ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យដោយឡែកពីរទៀត នាថ្ងៃជាមួយគ្នានោះ ដោយបានត្រាស់បង្កាប់តែងតាំងលោក ស៊ីម កា អនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី។ ចំណែកលោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៤ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី ។
 
បច្ចុប្បន្ន សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានរដ្ឋសភា ជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយដឹកនាំជាង៣៧ឆ្នាំ ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  មានឋានៈស្មើនាយករដ្ឋមន្ត្រី។
 
ដោយឡែកសម្តេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,សម្តេច ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេច ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច , លោក យឹម ឆៃលី អតីតប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោក ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ប៊ិន ឈិន អតីតរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី, លោក ប្រាក់ សុខុន អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក កែ គឹមយ៉ាន អតីតប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី៕
 

Tag:
 ព្រះមហាក្សត្រ
  សាយ ឈុំ
© រក្សាសិទ្ធិដោយ thmeythmey.com