ជាតិ
អ្នកនាំពាក្យមហាផ្ទៃ ឆ្លើយតបសារព័ត៌មានឥណ្ឌាថា កម្ពុជា មិនព្រងើយចំពោះបទល្មើសអនឡាញឡើយ
30, Mar 2024 , 2:59 pm        
រូបភាព
អាជ្ញាធរកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបង្ក្រាបបទល្មើសឆបោក និងបទឧក្រិដ្ឋផ្សេងៗតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបបែបនេះ ទៅកាន់សារព័ត៌មានឥណ្ឌាមួយ ដែលបានចុះផ្សាយថា ប្រជាជនឥណ្ឌា ជាង៥០០០នាក់ ត្រូវបានបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យានៅកម្ពុជា។


 
សារព័ត៌មាន The Indian Express បានចុះផ្សាយថា ជនជាតិឥណ្ឌាជាង៥០០០ពាន់នាក់នោះ កំពុងជាប់នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេឃុំឃាំង និងបង្ខំឱ្យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា តាមរយៈការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ។ សារព័ត៌មាននេះ បានបញ្ជាក់ថា ជនជាតិឥណ្ឌារងគ្រោះទាំងនោះ ត្រូវបានគេបង្ខំឱ្យមកបោកប្រាស់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា ហើមានករណីខ្លះទៀត ជាករណីជំរិតទារប្រាក់ ដោយបន្លំខ្លួនជាមន្ត្រីអាជ្ញាធរអនុវត្តច្បាប់ជាដើម។ 
 
ក្នុងចុះផ្សាយដដែលនេះ បានសង្កត់ធ្ងន់ថា ប្រជាជនឥណ្ឌា ដែលកំពុងរស់ក្នុងប្រទេសឥណ្ឌា បានចាញ់បោកក្រុមឧក្រិដ្ឋទាំងនោះ យ៉ាងតិច៥០០០លានរូពី (ជិត៦០លានដុល្លារអាម៉េរិក) ក្នុងរយៈពេលជាង៦ខែមកនេះ។ បើតាម The Indian Express រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធរបស់ឥណ្ឌា បានពិភាក្សាគ្នា និងកំពុងរកមធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាជនឥណ្ឌា ដែលកំពុងរងគ្រោះទាំងនេះ។
 
លោក ទូច សុឃៈ ដែលទទួលបានព័ត៌មាននេះ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងក្រុមជំនាញពាក់ព័ន្ធ កំពុងពិនិត្យមើលករណីនេះហើយ។ អ្នកនាំពាក្យរូបនេះ ក៏ស្នើឱ្យស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃ ដើម្បីផ្ដល់ព័ត៌មានជាក់លាក់ថែមទៀត សម្រាប់ជួយសង្គ្រោះជនរងគ្រោះទាំងនោះ។ 
 
«ពីព្រោះការផ្សព្វផ្សាយជាព័ត៌មានបែបតួលេខ ដោយគ្មានព័ត៌មានជាក់លាក់ ដោយគ្មានគោលដៅកំណត់ គ្មានការចង្អុលបង្ហាញទិន្នន័យច្បាស់លាស់ វានាំឱ្យមានការយល់ខុស និងវាយតម្លៃខុសមកលើកម្ពុជា ហើយការចាត់វិធានការទៅ ក៏វាគ្មានប្រសិទ្ធភាព។ ដូច្នេះបើពួកគាត់(ស្ថានទូតឥណ្ឌា និងភាគីឥណ្ឌា) បានដឹងច្បាស់ពីតួលេខ និងដឹងច្បាស់ពីទីតាំងគោលដៅ ឬមុខសញ្ញាផ្សេងៗ គប្បីសហការជាមួយក្រសួងពាក់ព័ន្ធ ឬក្រសួងមហាផ្ទៃ»។ នេះជាការឆ្លើយតបរបស់លោក ទូច សុឃៈ ។
 
លោក សុឃៈ បានបន្ថែមថា កម្ពុជា មានឆន្ទៈខ្ពស់ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ ដោយមិនព្រងើយកន្ដើយឡើយ។ បើតាមលោក សុឃៈ កម្ពុជា នឹងប្រឹងប្រែងបោសសម្អាតក្រុមឧក្រិដ្ឋជន ដែលប្រព្រឹត្តបទល្មើសអនឡាញនេះ ដើម្បីលុបបំបាត់ពាក្យសម្តីថា «កម្ពុជា ជាកន្លែងជម្រករបស់ក្រុមខិលខូច ប្រព្រឹត្តបទល្មើស»។
 
កន្លងមកក្រុមការងារជំនាញក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តព្រះសីហនុ បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) នៅទីតាំង៣ផ្សេងគ្នា ក្នុងក្រុងព្រះសីហនុ ដោយបានជួយជនរងគ្រោះជិត១០០០នាក់ ហើយភាគច្រើនជាជនជាតិខ្មែរ។ ចំពោះករណីនេះ លោក ទូច សុឃៈ បានបញ្ជាក់ថា ជនរងគ្រោះភាគច្រើន ជឿលើការលួងលោម និងឧបាយកលរបស់ម្ចាស់អាជីកម្មអនឡាញនោះ ដូចជាការសន្យាផ្ដល់ប្រាក់ឈ្នួលខ្ពស់ និងអត្ថប្រយោជន៍ផ្សេងៗ ឬកិច្ចសន្យាណាមួយ ដែលធ្វើឱ្យជនរងគ្រោះ មិនអាចចេញពីទីតាំងបទល្មើសនោះបាន។
 
«សមត្ថកិច្ចរបស់យើង បានស៊ើបអង្កេតស្រាវជ្រាវកំណត់គោលដៅ ហើយឈានទៅដល់ការវាយបំបែកសំបុកជនល្មើសបាន៣ទីតាំងហើយ ។ នេះគឺបញ្ជាក់ថា កម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ មានឆន្ទៈមោះមុត មិនមែនបណ្ដែតបណ្ដោយឱ្យមានការលបលួចមកបើក(អាជីវកម្មអនឡាញខុសច្បាប់) ឬក៏ផ្ដល់ឱកាស និងទីតាំងណាមួយ ដល់ជនល្មើសនោះទេ»។ នេះបើតាមលោក សុឃៈ ដែលបានបន្ថែមថា ការកំណត់មុខសញ្ញា និងស្វែងរកជនល្មើសទាំងនេះ ក៏មិនមែនងាយស្រួលដែរ ព្រោះជនល្មើស តែងតែមានឧបាយកល និងផែនការគិតគូ ដើរជំហានមុនសមត្ថកិច្ចជានិច្ច មិនថា នៅកម្ពុជា ឬបណ្ដាប្រទេសណាឡើយ ។

អត្ថបទទាក់ទង
 
អ្នកនាំពាក្យរូបនេះ ក៏ស្នើឱ្យបណ្ដាប្រទេសទាំងអស់ ជួយផ្សព្វផ្សាយអប់រំ ផ្ដល់ចំណេះដឹង និងតម្រង់ផ្លូវពលរដ្ឋ ជាពិសេសអ្នកដែលកំពុងរកការងារធ្វើ ពីប្រទេសមួយ ទៅប្រទេសមួយនេះ ឱ្យចៀសផុតពីករណីឆបោក និងឧបាយកលរបស់ក្រុមប្រព្រឹត្តបទល្មើសអនឡាញនេះ។ លោក សុឃៈ បានសង្កត់ធ្ងន់ថា បញ្ហាបទល្មើសអនឡាញនេះ មិនមែនជាបញ្ហារបស់ប្រទេសកម្ពុជា តែម្នាក់នោះទេ ប៉ុន្តែវាជាបញ្ហារបស់ពិភពលោកទាំងមូល ដែលត្រូវនាំគ្នាទប់ស្កាត់។ បើតាមលោក សុឃៈ កម្ពុជា ជាប្រទេសរងគ្រោះ ពីឥទ្ធិពលឆបោកតាមអនឡាញ និងបទឧក្រិដ្ឋបច្ចេកវិទ្យានេះ៕ 
 

Tag:
 ទូច សុឃៈ
  បទល្មើសឌីជីថល
  អនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com