ជាតិ
អត្ថបទពាណិជ្ជកម្ម
គម្រោងផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ (SWITCH To Solar)៖ ឆ្លុះបញ្ចាំងពីសហគ្រិនថាមពលស្អាតនៅកម្ពុជា
01, Apr 2024 , 5:08 pm        
រូបភាព
អ្នកស្រី វ៉ន ចាន់រស្មី នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុនអ៊ីជីអ៊ី ខេមបូឌា ក្នុងពេលធ្វើបទបង្ហាញអាជីវកម្មឆ្នាំ២០២៣
អ្នកស្រី វ៉ន ចាន់រស្មី នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុនអ៊ីជីអ៊ី ខេមបូឌា ក្នុងពេលធ្វើបទបង្ហាញអាជីវកម្មឆ្នាំ២០២៣
រាជធានីភ្នំពេញ ថ្ងៃទី០១ មេសា ២០២៤៖ អ្នកស្រីវ៉ន ចាន់រស្មី នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុនអ៊ីជីអ៊ី ខេមបូឌា (EGE Cambodia) បានចាប់ផ្តើមប្តូរមកវិស័យថាមពលពន្លឺព្រះអាទិត្យចាប់តាំងពីឆ្នាំ២០១៩។ ផ្ដើមពីការចាប់អារម្មណ៍លើឱកាសអាជីវកម្ម បានក្លាយទៅជាចំណង់ចំនូលចិត្តក្នុងការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាថាមពលស្អាតដើម្បីគាំទ្រទីផ្សារកសិវារីវប្បកម្មសម្រាប់សហគមន៍ជនបទ។ អ្នកស្រីបានលើកឡើងថា «ការអភិវឌ្ឍដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព គឺចាំបាច់ដើម្បីជួយគាំទ្រដល់សហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។»
 
ចក្ខុវិស័យនេះត្រូវបានសាបព្រួស តាមរយៈកម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរ ទៅកាន់ថាមពលព្រះអាទិត្យ (SWITCH to Solar Startup Program)។ កម្មវិធីសហគ្រិនភាពបច្ចេកវិទ្យាថាមពលស្អាតនេះត្រូវបានអនុវត្តដោយដៃគូសហការគម្រោងដែលរួមមានអង្គការអេននឺជីឡេប (EnergyLab), អង្គការ ភីផលអិននិត (People In Need) និង ក្រុមហ៊ុនសិវែ (Sevea Consulting)។
 
អង្គការអេននឺជីឡេប បានចាប់ផ្ដើមអនុវត្តកម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរ ទៅកាន់ថាមពលព្រះអាទិត្យ តាមរយៈការរៀបចំកម្មវិធីបណ្ដុះគំនិតអាជីវកម្ម (Hackathons) ជាបន្តបន្ទាប់ដើម្បីកំណត់ដំណោះស្រាយបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់ជួយដល់វិស័យកសិវារីវប្បកម្ម។ ដោយធ្វើការជាមួយអ្នកទីប្រឹក្សាក្នុងស្រុក និងក្រៅស្រុក គម្រោងបានបន្តការបណ្តុះគំនិតអាជីវកម្មតាមរយៈសកម្មភាពផ្សេងៗដូចជាការបំផុសគំនិត ការអនុវត្ត និងវគ្គពន្លឿនអាជីវកម្មជាបន្តបន្ទាប់ដើម្បីពង្រឹងចំណេះដឹងផ្នែកសហគ្រិនភាពសម្រាប់ ដំណោះស្រាយក្នុងវិស័យថាមពលស្អាតនៅកម្ពុជា។
 

អ្នកចូលរួមទស្សនាការដាក់បង្ហាញផ្ទះកសិកម្ម(Agri House) នៅក្នុងកម្មវិធីបទបង្ហាញអាជីវកម្មឆ្នាំ២០២៣។

ខិតជិតមកដល់ការបញ្ចប់គម្រោង អ្នកចូលរួមជាង២០០ នាក់ ដោយក្នុងនោះមានស្រ្តីជាង៣៥% ត្រូវបានផ្តល់ឱកាសក្នុងការស្វែងរកគំនិតអាជីវកម្មលើវិស័យថាមពលស្អាត។ ធុរកិច្ចថ្មីចំនួន ២០ក្រុម បានចូលប្រលូកក្នុងទីផ្សារជាមួយនឹងវិធីសាស្រ្តច្នៃប្រឌិតរបស់ពួកគេលើការប្រើប្រាស់ថាមពលស្អាតនៅក្នុងវិស័យកសិវារីវប្បកម្ម។
 
លោកគៀត សាវរី ស្ថាបនិកដំរីបូមទឹក (Elephant Pump) ដែលជាធុរកិច្ចថ្មីលក់ម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ បានឲ្យដឹងថា ភាពជោគជ័យរបស់អាជីវកម្មលោកគឺអាចកើតមានឡើងក៏ដោយសារការចូលរួមជាមួយគម្រោង។ 
 
លោក សាវរី បានបន្តថា៖ «ការចូលរួមកម្មវិធីនេះ មិនត្រឹមតែផ្តល់ឲ្យខ្ញុំនូវចំណេះដឹងផ្នែកឧស្សាហកម្មថាមពលស្អាត និងជំនាញសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏បានភ្ជាប់ខ្ញុំជាមួយនឹងបុគ្គលដែលមានគំនិតដូចគ្នា។ គម្រោងក៏បានជួយខ្ញុំបង្កើតគំនិតអាជីវកម្មដ៏រឹងមាំមួយដែលអាចចូលប្រលូកក្នុងទីផ្សារ និងទទួលបានធនធានផ្សេងៗទៀតផងដែរ។»
 

កសិករកំពុងថែទាំសូឡា នៅក្នុងកសិដ្ឋាននៅក្នុងខេត្តរតនគិរី

បើទោះបីជាគម្រោងនេះ ខិតជិតមកដល់ការបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែឱកាសក្នុងការអភិវឌ្ឍបចេ្ចកវិទ្យាថាមពលស្អាតសម្រាប់សហគ្រិនគឺនៅតែបន្ត។  អង្គការអេននឺជីឡេប នឹងបន្តធ្វើការជាមួយដៃគូ ដើម្បីគាំទ្រអ្នកដែលមានទេពកោសល្យ និងគំនិតនវានុវត្តថ្មីៗ។
 
គូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោង លោក Ian Jones គ្រូណែនាំសម្រាប់គម្រោង កម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរ ទៅកាន់ថាមពលព្រះអាទិត្យ បានលើកឡើងថា «កម្មវិធីនេះត្រូវបានរចនាឡើងក្នុងគោលបំណងកំណត់តម្រូវការរបស់ធុរកិច្ចដោយសង្កត់ធ្ងន់ទៅលើការលើកកម្ពស់ការសម្រេចចិត្តដែលត្រឹមត្រូវ និងការសន្មត់ដែលសមហេតុផល។ សហគ្រិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងការរៀបចំយុទ្ធសាស្ត្រអាជីវកម្ម ប្រតិបត្តិការអាជីវកម្ម និងការផ្លាស់ប្ដូរផ្នត់គំនិតបន្ទាប់ពីបានចូលរួមនៅក្នុងគម្រោងនេះ។ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យធុរកិច្ចថ្មីមាននិរន្តរភាព និងមានសមត្ថភាពសម្របខ្លួនឯងទៅនឹងការផ្លាស់ប្តូរនៅក្នុងបរិយាកាសទីផ្សារ។»
 


 សូឡា ដែលកំពុងប្រើប្រាស់នៅក្នុងកសិដ្ឋាន នៅក្នុងខេត្តរតនគិរី

ដើម្បីកម្ពុជាត្រៀមខ្លួនឈានដល់អន្តរកាលថាមពល យើងកំពុងរៀបចំផែនការសម្រាប់ដំណាក់កាលបន្ទាប់នៃសហគ្រិនភាពក្នុងបច្ចេកវិទ្យាថាមពលស្អាត។ លោកបណ្ឌិត  Michael Renfrew ប្រធានផ្នែកប្រតិបត្តិ និងកម្មវិធីរបស់អង្គការអេននឺជីឡេប «ពិភពលោកកំពុងផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដូច្នេះវាមានសារៈសំខាន់ណាស់ដែលយើងអភិវឌ្ឍធនធានមនុស្ស និងអាជីវកម្មដើម្បីជួយជំរុញការផ្លាស់ប្តូរទៅថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា។»

លោក ណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប បានគូសបញ្ជាក់ថា៖ «យើងបានឃើញពីវឌ្ឍនភាពសំខាន់ៗក្នុងការអនុវត្តបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅក្នុងវិស័យកសិវារីវប្បកម្ម តាមរយៈកម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរ ទៅកាន់ថាមពលព្រះអាទិត្យ។ ជាមួយនឹងកំណើនសក្ដានុពលនៃទីផ្សារបច្ចេកវិទ្យាថាមពលស្អាតរបស់កម្ពុជា យើងគួរផ្តោតសំខាន់លើដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសហគ្រិន។»
 
 

 សូឡា ដែលកំពុងប្រើប្រាស់នៅក្នុងកសិដ្ឋាន នៅក្នុងខេត្តរតនគិរី

«ច្រើនជាង៧០% នៃគម្រោងអភិវឌ្ឍន៍ធុរកិច្ចថ្មី នៅតែមានភាពសកម្មខ្លាំងក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។ អង្គការអេននឺជីឡេប នៅតែប្តេជ្ញាចិត្តក្នុងការជួយដល់ការពន្លឿនភាពជាសហគ្រិននៅក្នុងវិស័យថាមពលស្អាតរបស់កម្ពុជា។ យើងសូមអំពាវនាវដល់ដៃគូរបស់យើងឱ្យរួមដៃគ្នាក្នុងការជំរុញឱ្យមានការទទួលយកកាន់តែទូលំទូលាយនៃបច្ចេកវិទ្យាថាមពលស្អាត និងថាមពលកកើតឡើងវិញ។»
 
ចូលអានករណីសិក្សារបស់គម្រោងរបស់យើង ហើយទាក់ទងមកពួកយើងសម្រាប់ការសាកសួរបន្ថែម ឬឱកាសភាពជាដៃគូ៖ S2S Startups Case Study24.pdf

  

 សូឡា ដែលកំពុងប្រើប្រាស់នៅក្នុងកសិដ្ឋាន នៅក្នុងខេត្តរតនគិរី


អំពីកម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរទៅកាន់ថាមពលព្រះអាទិត្យ

គម្រោងផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ  គឺជាគម្រោងរយៈពេល ៤ ឆ្នាំដែលផ្តល់មូលនិធិពីសហភាពអ៊ឺរ៉ុបតាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែក ដែលអនុវត្តដោយ People In Need ជាមួយនឹងដៃគូ EnergyLab និង Sevea ។ គម្រោងបានដំណើរការនៅឆ្នាំ ២០២០ ដោយមានគោលបំណងលើកកម្ពស់ការអនុវត្តការប្រើប្រាស់ប្រកបដោយនិរន្តរភាព (SCP) ក្នុងចំណោមសហគ្រាសធុនតូច ខ្នាតតូច និងមធ្យម (MSMEs) តាមរយៈការបង្កើនលទ្ធភាពទទួលបានដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ និងហិរញ្ញប្បទាន។ អង្គការអេននឺជីឡេប កំពុងធ្វើការលើកម្ម្មវិធីអាជីវកម្មចាប់ផ្ដើមផ្លាស់ប្ដូរទៅកាន់ថាមពលព្រះអាទិត្យ ដែលជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ ដែលអភិវឌ្ឍបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសម្រាប់ទីផ្សារកសិវារីវប្បកម្ម។
 
គម្រោងនេះ ក៏បានចាប់ដៃគូជាមួយសហគ្រិនខ្មែរ (Khmer Enterprise)  ដើម្បីទទួលបាននូវមូលនិធិដើមទុន ដើម្បីគាំទ្រដល់ការចាប់ផ្ដើមអាជីវកម្មជាមួយនឹងការចំណាយលើផលិតផលគំរូ ការធ្វើទីផ្សារ និងការចំណាយផ្សេងៗទៀត។

អំពី អង្គការអេននឺជីឡេប 
អង្គការអេននឺជីឡេប បង្កើតឡើងក្នុងឆ្នាំ២០១៨ ដែលគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលធ្វើការប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពដើម្បីគាំទ្រដល់វឌ្ឍភាពនៃថាមពលស្អាត។ ចាប់តាំងពីការបង្កើតមក យើងត្រូវបានទទួលស្គាល់ដោយដៃគូរបស់យើងថាមានភាពឯករាជ្យ ចំណេះដឹង និងធនធាន ជាមួយនឹងរបៀបវារៈប្រកបដោយតម្លាភាពដើម្បីគាំទ្រថាមពលស្អាត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com