ជាតិ
ស្នងការរាជធានីភ្នំពេញ ណែនាំឱ្យបញ្ឈប់សកម្មភាពប៉ាតម្សៅ គប់ និងបាញ់ទឹក ជាបន្ទាន់
02, Apr 2024 , 11:53 am        
រូបភាព
រាល់សកម្មភាពប៉ាតម្សៅ គប់ និងបាញ់ទឹក នៅតាមទីសាធារណៈ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ នេះបើតាមស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១ មេសា ដែលបានចេញបញ្ជាឱ្យកងកម្លាំង តាមដាននិងត្រួតពិនិត្យ ទប់ស្កាត់សកម្មភាពទាំងនេះ។

 
ស្នងការនគរបាលជាតិ បានសង្កេតឃើញថា ការរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៣០ និង៣១ ខែមីនា មានការលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា ហើយសិស្សខ្លះទៀត ជិះម៉ូតូជាក្រុមៗ ចេញក្រៅសាលា ដោយបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យរំខាន និងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ ។
 
«ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់និងនាំយកមកអប់រំ រាល់សកម្មភាពក្មេងសិស្សសាលាដែលជិះម៉ូតូឈូឈរជាក្រុមៗបង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ»។ នេះបើតាមស្នងការរាជធានីភ្នំពេញ ដែលបានសរសេរលើហ្វេសប៊ុក។
 
ស្នងការរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា បើសិនជាក្រុមយុវជន និងពលរដ្ឋទូទៅ នៅបន្តសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ត្រូវមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ។
 
ជាមួយគ្នានេះ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយលោកនាយកសាលា និងគ្រូតាមបណ្តាសាលារៀន ចុះអប់រំឱ្យសិស្សានុសិស្សទាំងអស់ គោរពច្បាប់ គោរពសេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមលើកកម្ពស់ថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។ ជាពិសេសស្នើសុំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបង្កប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ 
 
ស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដូច្នេះ៖«អាស្រ័យដូចខាងលើ សូម លោកនាយកសាលា គ្រឹះស្ថានសិក្សា និង អាណាព្យាបាល ចូលរួមជួយ អប់រំទប់ស្កាត់ ជាមួយយើងខ្ញុំ»។
 
កាលពីពេលថ្មីៗនេះ មានសិស្សជាង១០០នាក់ ដែលបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ ដូចជាការលេងប៉ាតម្សៅ គប់ទឹក និងបាញ់ទឹកជាដើម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួន យកមកអប់រំធ្វើកិច្ចសន្យាម្តងរួចហើយ ។ តែបើក្នុងករណីមិនរាងចាល ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត។ នេះបើតាមស្នងការដ្ឋាននគរបាលជាតិ៕

Tag:
 ប៉ាតម្សៅ
  បាញ់ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com