ជាតិ
អត្ថបទពាណិជ្ជកម្ម
សិស្ស-និស្សិតនៃសាលាបច្ចេកទេស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ចំនួន ៩៦% ទទួលបានការងារធ្វើ និង ៤% ទៀតបើកមុខរបរផ្ទាល់ខ្លួន
02, Apr 2024 , 2:29 pm        
រូបភាព
ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៖ អង្គការមូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតចំនួន១,១២៨នាក់នៃសាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ទួលគោក នៃអង្គការមូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ ដែលបានសិក្សាពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍សំណេះសំណាលជាមួយសិស្ស-និស្សិតថា៖ «ប្អូនៗអតីតសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងបម្រើការងារ ឬប្រកបមុខរបរផ្សេងៗ ទាំង១,១២៨នាក់នេះ នឹងអាចក្លាយជាធនធានដ៏មានសក្ដានុពលក្នុងការផ្សព្វផ្សាយទៅដល់សិស្ស-និស្សិតមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ ឱ្យចាប់អារម្មណ៍ចូលសិក្សាជំនាញបច្ចេកទេស។ ជំនាញបច្ចេកទេស ដែលជាយន្តការផ្លូវកាត់ឱ្យមានជំនាញជាក់លាក់រយៈពេលខ្លី និងឆាប់ទទួលបានការងារធ្វើដើម្បីជួយផ្គត់ផ្គង់ជីវភាពខ្លួនឯង និងក្រុមគ្រួសារ»។
 
លោកក៏បានអំពាវនាវឱ្យជួយផ្សព្វផ្សាយសិស្ស-និស្សិតក្រីក្រមិនសូវមានលទ្ធភាពសិក្សាបន្ដ ឱ្យរៀនជំនាញបច្ចេកទេស ដែលជាជំនាញមួយជួយឱ្យមានជីវភាពកាន់តែប្រសើរ បើទោះបីសិក្សានៅសាលាបច្ចេកទេសរបស់រដ្ឋាភិបាល ឬអង្គការនានា។ ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសដ៏ល្អ សម្រាប់សិស្ស-និស្សិត ដែលត្រូវការចំណូលលឿន ហើយមិនបង្កជាបន្ទុកគ្រួសារ ប៉ុន្តែផ្ទុយទៅវិញជួយផ្គត់ផ្គង់គ្រួសារឱ្យកាន់តែធូរស្រាលមួយកម្រិតទៅវិញ ហើយក្រោយការសិក្សាបច្ចេកទេសវិជ្ជាជីវៈនេះ សិស្សនិសិ្សតទាំងអស់ នៅតែអាចបន្តសិក្សាទៅមហាវិទ្យាល័យបានដដែល។
  


គូសបញ្ជាក់ថា សិស្ស-និស្សិត ចំនួន១,១២៨នាក់នៃសាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ទួលគោក ក្នុងនោះមានចំនួន ៩៦% ទទួលបានការងារធ្វើ និង ៤% ទៀតបើកមុខរបរផ្ទាល់ខ្លួន។
 
មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ បានចាប់ផ្ដើមនៅកម្ពុជាដំបូងនៅឆ្នាំ១៩៩១ និងបន្តរហូតមកដល់បច្ចុប្បន្នមានជាច្រើនសាខា។ មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈគេនៅកម្ពុជា ដែលបើកបង្រៀនជំនាញបច្ចេកទេសដល់កូនខ្មែរ ដើម្បីបាននូវចំណេះដឹង បម្រើការងារក្នុងសង្គមជាតិ និងខ្លួនឯងផ្ទាល់ផងដែរ។ 
 
គោលបំណងចម្បងរបស់មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិគឺចង់ជួយជំរុញដល់យុវជន យុវនារី ឱ្យក្លាយជាពលដ្ឋសកម្ម និងសុចរិត ជាពិសេសលើកកម្ពស់ស្រ្តីឱ្យចូលរួមក្នុងការកសាងសង្គមជាតិ។ ក្រៅពីបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាបច្ចេកទេសដុនបូស្កូ ចង់ឱ្យប្អូនៗធ្វើជាអ្នកនាំសារផ្សព្វផ្សាយពីជំនាញបច្ចេកទេសដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រឱ្យចាប់ជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីទទួលបានការងារល្អមួយនៅក្នុងសង្គមជាតិ៕
 
(អត្ថបទពាណិជ្ជកម្ម)
















© រក្សាសិទ្ធិដោយ thmeythmey.com