ជាតិ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! អាកាសធាតុក្ដៅខ្លាំង កុំរំលងអាហារទាំងនេះ
03, Apr 2024 , 6:59 am        
រូបភាព
គ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយ គឺសុទ្ធតែត្រូវការជាតិទឹកគ្រប់គ្រាន់ ដើម្បីដំណើរការមុខងារបានត្រឹមត្រូវជៀសវាងបញ្ហាសុខភាពផ្សេងៗ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពិសេសក្នុងខែក្ដៅការរក្សាបានជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺកាន់តែចាំបាច់បំផុត។ ថាតើអាហារអ្វីខ្លះជួយទប់ទល់នឹងអាកាសធាតុក្ដៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាននៅពេលរដូវក្ដៅឈានមកដល់ ៖

 
១. បឺរី
 
រួមមានស្ត្របឺរី (strawberries) ប្ល៊ូបឺរី (blueberries) និងប្ល៊ែកបឺរី (blackberries) ជាដើម គឺល្អណាស់សម្រាប់ទទួលទានក្នុងរដូវក្ដៅ។ អ្នកអាចយកផ្លែឈើនេះទៅកិនក្រឡុកធ្វើជាភេសជ្ជៈ ឬញ៊ាំស្រស់ៗពី ១ ពែង ទៅ ២ពែងក្នុងមួយថ្ងៃតែម្ដង។ ក្រៅពីសម្បូរទៅដោយជាតិទឹក បឺរីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងបឺរីជួយការពារស្បែកប្រឆាំងការបំផ្លាញពីសំណាក់កម្ដៅថ្ងៃ និងពន្យឺតដំណើរការនៃភាពចាស់តាមវ័យទៀតផង។
 
២. ទឹកក្រូចឆ្មារ
 
ត្រឹមមួយកែវនៃភេសជ្ជៈទឹកក្រូចឆ្មារ គឺល្អសម្រាប់រាងកាយដើម្បីរក្សាភាពត្រជាក់ស្រស់ស្រាយក្នុងរដូវក្ដៅនេះបាត់ទៅហើយ។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះក៏ជួយរក្សាជាតិទឹកនិងផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនផ្សេងទៀតផងដែរ។
 
៣. ទឹកដូង
 
កំឡុងពេលរដូវក្ដៅទឹកដូង គឺជាភេសជ្ជៈដ៏ប្រសើរបំផុតដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនិងត្រជាក់។ ភេសជ្ជៈធម្មជាតិនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយបំពេញអេឡិចត្រូលីត្រក្នុងរាងកាយក្រោយបាត់បង់ពេលបែកញើស ហើយបញ្ចុះកម្ដៅបានយ៉ាងប្រសើរ។
 
៤. សណ្ដែកបារាំង
 
សណ្ដែកបារាំងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំអុកស៊ីតកម្ម វីតាមីន K ម៉ង់កាណែស ជាតិសសៃ និងវីតាមីន C ល្អសម្រាប់រក្សាជាតិទឹកក្នុងរាងកាយនិងផ្ដល់អត្ថប្រយោជន៍ល្អៗចំពោះស្បែក។
 
៥. ឪឡឹក
 
ជាប្រភពដ៏ប្រសើរនៃជាតិទឹកដែលជួយកាត់បន្ថយកម្ដៅរាងកាយបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀតឪឡឹកក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលការពារស្បែកប្រឆាំងនឹងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យផងដែរ។ ជាតិសសៃនៃផ្លែឪឡឹកក៏ជួយរក្សាក្បាលពោះរាបស្មើនិងសម្រួលដល់ការរំលាយអាហារគួរឱ្យកត់សម្គាល់។
 
៦. ចេក
 
ការទទួលទានចេក គឺល្អបំផុតដើម្បីជួយរាងកាយទប់ទប់នឹងអាកាសធាតុក្ដៅ! ចេកជួយផ្ដល់ភាពត្រជាក់និងសំណើមក្នុងប្រព័ន្ធពោះវៀន ហើយកម្ចាត់ជាតិពុលផ្សេងៗ។
 
៧. ផ្លែទទឹម
 
ផ្លែឈើរសជាតិជូរអែមនេះមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយរាងកាយមិនឱ្យឡើងកម្ដៅខ្ពស់ខុសប្រក្រតី។
 
៨. ត្រសក់
 
មានផ្ទុកសម្បូរទៅដោយជាតិទឹក ត្រសក់ជួយបន្ថយកម្ដៅរាងកាយ។ វាជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំទៀតផង។
 
៩. បន្លែបៃតង
 
ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិទឹកនិងសារធាតុចិញ្ចឹម ព្រមទាំងវីតាមីនចាំបាច់ច្រើនប្រភេទដែលល្អសម្រាប់សុខភាព ក៏ដូចជាជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយអំឡុងពេលរដូវក្ដៅ។
 
១០. ស្លឹកជីអង្កាម
 
ដើម្បីបន្ថយកម្ដៅរាងកាយពីខាងក្នុង ចូរបន្ថែមស្លឹកជីអង្កាមក្នុងអាហារនិងភេសជ្ជៈ។ ជីអង្កាមមានផ្ទុកសារធាតុ menthol ដែលផ្ដល់ភាពត្រជាក់។
 
១១. ត្រសក់ស្រូវ
 
គ្រប់ចំណិតនៃផ្លែត្រសក់ស្រូវ គឺមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើនេះ ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ក្រោយធ្វើលំហាត់ប្រាណ ឬខណៈពេលស្ថិតក្រោមអាកាសធាតុក្ដៅ។ លើសពីនេះទៅទៀត ត្រសក់ស្រូវ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរ។
 
១២. ផ្លែប៉េងប៉ោះ
 
ជាប្រភពដ៏ប្រសើរនៃជាតិទឹកនិងសារធាតុ lycopene ដែលជួយការពារស្បែកពីការរលាកដោយសារកម្ដៅថ្ងៃ។
 
១៣. យ៉ាអួរ
 
ជាអាហារសម្រន់ដ៏ល្អបំផុតមួយសម្រាប់ទទួលទានក្នុងរដូវក្ដៅ។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងសារធាតុប្រូបាយអូទិក។ អ្នកអាចយកយ៉ាអួរទៅដាក់បង្កកជាមុនសិនសឹមទទួលទានត្រជាក់ៗ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh/
 

© រក្សាសិទ្ធិដោយ thmeythmey.com