កីឡាជាតិ
ជាតិ
ប្រកួតជើងឯកទាញព្រ័ត្រថ្នាក់ជាតិ ដើម្បីចម្រាញ់អត្ដពលិកឆ្នើម ត្រៀមស៊ីហ្គេម និងព្រឹត្តិការណ៍អន្តរជាតិ
03, Apr 2024 , 7:59 am        
រូបភាព
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា រៀបចំការប្រកួតជ្រើសរើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ក្នុងគោលបំណងសំខាន់ៗ ២យ៉ាង គឺដើម្បីចម្រាញ់យកធនធានកីឡាករ-កីឡាការិនីឆ្នើម ហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ និងត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥។ នេះជាការអះអាងរបស់លោក ចាប រតនា អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។

 
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា នៅក្រុងព្រះសីហនុ។ លោក ចាប រតនា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា សហព័ន្ធ ត្រូវការប្រមូលធនធានកីឡាករ-កីឡាការិនីឆ្នើម និងមានទេពកោសល្យ ចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់បន្ថែម និងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំង។
 
អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ការពង្រឹងសមត្ថភាពអត្ដពលិក គឺជាការត្រៀមខ្លួនសម្រាប់ប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា ជាពិសេសការត្រៀមខ្លួនចូលរួមស៊ីហ្គេម ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ។
 
«គោលដៅរបស់យើង មាន២ គឺដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីល្អៗ តំណាងជាតិ ហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់អន្ដរជាតិ ទាំងកម្រិតអាស៊ាន កម្រិតអាស៊ី និងអន្ដរជាតិនានា។ ទី២ប្រសិនភាគីថៃ ម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៥ កម្ពុជា ក៏អាចសម្រួចអត្ដពលិក ឲ្យចូលរួមប្រកួតបាន។»។ លោក ចាប រតនា បាននិយាយដូច្នេះ។
 
ការប្រកួតនេះ មាន២វិញ្ញាសាធំៗ គឺប្រកួតជាក្រុម និងឯកត្តជន។ ការប្រកួតជាក្រុម មានដូចជា៖ បុរស ៨ទល់៨ ទម្ងន់៦០០គីឡូក្រាម, នារី ៨ទល់៨ ទម្ងន់៥០០គីឡូក្រាម, បុរស ៤ទល់៤ ទម្ងន់៣០០គីឡូក្រាម និងនារី ៤ទល់៤ ទម្ងន់២៥០គីឡូក្រាម។ 
 
វិញ្ញាសាឯកត្តជន ចែកចេញជា២ គឺបុរស ១ទល់១ ទម្ងន់៧៥គីឡូក្រាម និងនារី ១ទល់១ ទម្ងន់៦២.៥គីឡូក្រាម។
 
លោក ចាប រតនា រំពឹងថាការប្រកួតឆ្នាំនេះ អាចមានអ្នកចូលរួមច្រើនជាងឆ្នាំ២០២៣ ដោយសារមានការផ្សព្វផ្សាយច្រើន និងមានរយៈពេលវែងក្នុងការរៀបចំការប្រកួត។ ដោយឡែក ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ មានក្រសួងសមាគម ចូលរួមសរុបចំនួន១២ និងអត្ដពលិកទាំងអស់ ​៤៥០នាក់៕

Tag:
 ទាញព្រ័ត្រ
  ចាប រតនា
© រក្សាសិទ្ធិដោយ thmeythmey.com