ជាតិ
ព័ត៍មានសុខភាព
សុខភាព
នរណា​ខ្លះ​បែប​នេះ? បញ្ហា​សុខភាព​ទាំងនេះ​ហើយ​នាំ​ឱ្យ​មាន​ជំងឺ​គេង​មិន​លក់
04, Apr 2024 , 6:59 am        
រូបភាព
ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់ ៖

 
១. ការ​ឈឺចាប់​រ៉ាំរ៉ៃ
ការ​ឈឺចាប់​រ៉ាំ​រ់ៃ គឺជា​អាកា​រៈ​ឈឺចាប់​ដែល​មាន​រយៈពេល​យូរ​ស​ប្តា​ហ៍​, ខែ ឬ​ដល់​ឆ្នាំ​ឯណោះ​។ ក្រៅពី​របួស​រាង​កាយ អាកា​រៈ​ឈឺ​ខ្នង និង​ជំងឺ​រលាក​សន្លាក់ នៅ​មាន​កត្តា​ច្រើន​ណាស់​ដែល​នាំ​ឱ្យ​ការ​ឈឺចាប់​រ៉ាំរ៉ៃ​កើតឡើង រួម​បញ្ចូល​ទាំង​ជំងឺផ្លូវចិត្ត​ដូច​ជា​ថប់​បារម្ភ និង​ធ្លាក់​ទឹកចិត្ត​។ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ឈឺចាប់​រ៉ាំរ៉ៃ គឺ​មិន​ងាយ​នឹង​គេង​លក់​បាន​ស្កប់​ឡើយ ជា​ពិសេស​ប្រសិនបើ​អាកា​រៈ​នេះ​ធ្វើទុក្ខ​ខ្លាំង​នៅ​ពេល​យប់​។
 
២. ស្ត្រេ​ស
ភាព​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​អាច​ជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ពាក់ព័ន្ធ​ជាមួយ​ការ​គេង​។ អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​នៃ​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​ស្ត្រេ​ស​ជាប់​ជា​ប្រចាំ​រយៈពេល​យូរ​។ អ្វី​ដែល​គួរ​អោយ​ព្រួយបារម្ភ​ថែម​ទៀត​នោះ គឺ​ការ​គេង​មិន​គ្រប់គ្រាន់​ជះ​ឥទ្ធិពល​មិន​ល្អជា​ច្រើន​ចំពោះ​សុខភាព​។ នៅ​ពេល​ថ្នាំ​គេង​លក់​មិន​អាច​ជួយ​អ្វី​អ្នក​បាន​ទៀត​នោះ វា​ដល់​ពេល​ដែល​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ហើយ​។
 
៣. ជំងឺ​ថប់​បារម្ភ
ការ​គេង​មិន​លក់​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺ​ថប់​បារម្ភ​។ ទោះជា​យ៉ាងណា​អ្នក​គួរ​ព្យាយាម​យកឈ្នះ​លើ​បញ្ហា​នេះ​ឱ្យ​បាន​។ កង្វះ​នៃ​ការ​គេង​អាច​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​ដែល​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​យ៉ាប់​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។
 
៤. ជំងឺ​ធ្លាក់​ទឹកចិត្ត
ផលវិបាក​មួយ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​ការ​គេង​មិន​លក់​។ ហើយ​នៅ​ពេល​អ្នក​មិន​បាន​គេង​សោះ​នោះ អ្នក​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ដែល​អាច​ធ្វើ​ឲ្យ​បញ្ហា​នៃ​ការ​ធ្លាក់​ទឹកចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់​នោះ​អ្នក​ប្រាកដជា​ងាយ​នឹង​មាន​អារម្មណ៍​សោកសៅ​មិន​សប្បាយចិត្ត​នៅ​ថ្ងៃ​បន្ទាប់​។ ធ្លាប់​ដឹង​ទេ​ថា​អ្នក​ដែល​ចូល​គេង​យប់​ជ្រៅ​ច្រើន​តែ​មានគំនិត ឬ​ការ​គិត​អវិជ្ជមាន? ហើយ​ការ​គិត​បែប​នេះ​ច្រើន គឺ​តែង​ផ្សារ​ភ្ជាប់​នឹង​ការ​វិវត្តន៍​ទៅ​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​។
 
៥. បញ្ហា​ទាក់ទង​ការ​ដកដង្ហើម
ដូច​ជា​អាកា​រៈគេង​ស្រមុក​ខ្លាំង ឬ​គេង​មិន​ដកដង្ហើម (sleep apnea) ដែល​អាច​នាំ​ឱ្យ​អ្នក​អាច​ភ្ញាក់​ដឹងខ្លួន​ច្រើន​ដង​ក្នុង​មួយ​យប់​ៗ​។ ជួនកាល​វា​ផ្សារ​ភ្ជាប់​នឹង​ទម្ងន់​របស់​អ្នក ប៉ុន្តែ​មិនមែន​រហូត​នោះ​ទេ​។ អា​ឡែក​ស៊ី​ច្រមុះ​និង​ជំងឺហឺត​ក៏​អាច​បង្ក​បញ្ហា​ដល់​ការ​ដកដង្ហើម​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ ដូច្នេះ​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បានការ​ធ្វើ​រោគវិនិច្ឆ័យ​និង​ការ​ព្យាបាល​ត្រឹមត្រូវ​។
 
៦. ការ​អស់​រដូវ
ស្ត្រី​សឹងតែ​គ្រប់​រូប​មានការ​ព្រួយបារម្ភ​ពី​ថ្ងៃ​ដែល​ការ​អស់​រដូវ​ឈាន​មក​ដល់​។ នោះ​ក៏​ព្រោះតែ​បញ្ហា​នេះ​អាច​បង្ក​អាកា​រៈ​គួរ​អោយ​រំខាន​ជា​ច្រើន រួម​ទាំង​ការ​គេង​មិន​លក់​។ ហេតុ​អ្វី​ទើប​ស្ត្រី​អស់​រដូវ​ពិបាក​ក្នុង​ការ​គេង​លក់0x017d7 នោះ​ក៏​ព្រោះតែ​ពួក​គេ​ត្រូវ​ជួប​ប្រទះ​បញ្ហា​បែកញើស​ច្រើន ឬ​អារម្មណ៍​ក្ដៅ​ភាយ​ដែល​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ការ​អស់​រដូវ​។
 
៧. ច្រាល​ទឹក​អាស៊ីត​ក្រពះ
បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​នឹង​បង្ក​អាកា​រៈ​គួរ​អោយ​រំខាន​ជា​ច្រើន​រួម​មាន​ក្រហាយ​ទ្រូង ចង្អោរ​ចង់​ក្អួត វិលមុខ ក្អួត ភើរ ព្រមទាំង​ក្អក​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​គេង​របស់​អ្នក​។
 
៨. បញ្ហា​រមាស់​ស្បែក
រួម​មាន​ជំងឺ​សើ​ស្បែក​ត្រអក និង​ជំងឺ​សើ​ស្បែក psoriasis ជាដើម គឺ​អាច​ធ្វើ​ឱ្យ​ស្បែក​រលាក ហើយ​រមាស់​ខ្លាំង​ពិបាក​នឹង​គេង​លក់​ណាស់​។ ដើម្បី​ជា​ការ​ប្រសើរ​ប្រសិនបើ​អ្នក​មិនដឹង​ពី​មូលហេតុ​ដែល​បង្ក​អាកា​រៈ​រមាស់​ទ្រាំ​មិន​បាន​ទេ​នោះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com