ជាតិ
ព្រះមហាក្សត្រ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ៖ ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ
03, Apr 2024 , 10:09 am        
រូបភាព
ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នៃនីតិកាលទី៥ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នាថ្ងៃទី៣ មេសា ២០២៤។
ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នៃនីតិកាលទី៥ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នាថ្ងៃទី៣ មេសា ២០២៤។
ដោយ: រួបរួម
ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី៣ ខែមេសា នេះ បានបើកសម័យប្រជុំដំបូងរបស់ខ្លួន ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្នុងព្រះរាជសុន្ទរកថានាវិមានរដ្ឋចំការមន ព្រះករុណា ព្រះមហាក្សត្រ បានលើកឡើងពីតួនាទីដ៏សំខាន់របស់សមាជិកព្រឹទ្ធសភាក្នុងការរួមគ្នាបំពេញតួនាទីភារកិច្ចក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អ និងនីតិរដ្ឋ។



«ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម»។ នេះជាព្រះរាជបន្ទូលរបស់ព្រះករុណាព្រះមហាក្សត្រ ដោយបន្ថែមថា សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលនៃសង្គមជាតិ ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខណ្ឌតំបន់ និង ពិភពលោក ។

ព្រះប្រមុខរដ្ឋ ស្តេច បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំស្ថាប័នព្រឹទ្ធសភាយ៉ាងរលូន ប្រកបដោយភាពចាស់ទុំខាងនយោបាយ និងស្មារតីទទួលត្រូវខ្ពស់ នា៤នីតិកាលកន្លងមក ចាប់ពីសម្តេច ជា ស៊ីម បន្តដល់សម្តេច សាយ ឈុំ ហើយក្នុងមុខងារសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាចូលរួមក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី ដោយបានដើរតួនាទីប្រកបដោយកិត្តិយស និងសក្តានុពលនៅក្នុងក្របខ័ណ្ឌតំបន់ និង ពិភពលោក។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា យាងបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូង នៃនីតិកាលទី៥ នាថ្ងៃទី៣ មេសា ២០២៤។ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន។

ឈរលើអត្តសញ្ញាណជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រះករុណា ព្រះមហាក្សត្រ ជំរុញ ព្រឹទ្ធសភានីតិកាលទី៥ បន្តរួមចំណែកឱ្យកាន់តែសកម្មក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ជាពិសេស ការការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រគ្រប់រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង។


ក្នុងព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា៖ «ខ្មែរគឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ»។

ស្របពេលជាមួយគ្នា ព្រះមហាក្សត្រ រំលឹកដល់សមាជិក សមាជិកាព្រឹទ្ធសភាឱ្យខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ សម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជារាស្ត្រ។

ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង នៃនីតិកាលទី៥ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នាថ្ងៃទី៣ មេសា ២០២៤។ រូបពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។


ក្រោយការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ បាន៣អាសនៈ។ ៣អាសនៈដែលគណបក្សឆន្ទៈខ្មែរទទួលបាននោះ គឺលោក សុក ហាច ប្រធានគណបក្ស ទទួលបាននៅភូមិភាគទី២, លោក គង់ មុនីកា អគ្គលេខាធិការគណបក្ស ទទួលបាននៅភូមិភាគទី៦ រីឯលោក សេង ម៉ារឌី អនុប្រធាន ឈ្នះអាសនៈនៅភូមិភាគ៤។

ក្រៅពីសមាជិកព្រឹទ្ធសភាទាំង៥៨រូបដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ សមាជិកព្រឹទ្ធសភា២ រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។

លោក សុខ ឥសាន និងលោក ហេង ហាលីម ជាសមាជិកព្រឹទ្ធសភាដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៥ នាសម័យរដ្ឋសភាជាវិសាមញ្ញ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី កាលពីព្រឹកថ្ងៃទី១ ខែមីនា។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសមាជិកព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ថតរូបអនុស្សាវរីយ៍រួមគ្នា នៅព្រឹកថ្ងៃទី៣ មេសា ២០២៤ នៅវិមានព្រឹទ្ធសភា។ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន។

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកដែលត្រូវបានព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាត់តាំង តាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមីនា។

សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប់ជាសមាជិកព្រឹទ្ធសភាភូមិភាគទី៣ ខេត្តកណ្តាល ហើយសម្តេចនឹងឆ្ពោះទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ។ លោក ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ នឹងក្លាយជាអនុប្រធានទី១ និងទី២ ជំនួសលោក ស៊ីម កា និងលោក ទេព ងន។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន ត្រូវបានសមាជិកព្រឹទ្ធសភា បោះឆ្នោតគាំទ្រជាប្រធានព្រឹទ្ធសភា នាថ្ងៃទី៣ មេសា ២០២៤។ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន។

សម្តេច សាយ ឈុំ ទើបតែត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមីនា រីឯលោក ស៊ីម កា និងលោក ទេព ងន ជាឧត្តមទីប្រឹក្សា ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។

សមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតទាំង៥៨រូប រួមមាន៖

ភូមិភាគទី១ (ភ្នំពេញ)៖
លោក ប្រាក់ សុខុន, លោក ធន់ វឌ្ឍនា, លោក ម៉ាន់ ឈឿន, លោក ចែម វីឌ្យ៉ា, លោកស្រី ម៉ាណ ណាវី, លោកស្រី មុំ សណ្តាប់។

ភូមិភាគទី២ (កំពង់ចាម, ត្បូងឃ្មុំ)៖ លោក អ៊ុច បូររិទ្ធ, លោកស្រី អ៊ុក ម៉ាលី, លោក ស៊ាក ឡេង, លោក សេ្លះ ពុនយ៉ាម៉ីន, លោក ឡាន់ ឆន, លោក ជឹម លាវ, លោក ឆាយ វណ្ណា, លោក សុក ហាច (ឆន្ទៈខ្មែរ)។

ភូមិភាគទី៣ (កណ្តាល)៖ សម្តេច ហ៊ុន សែន, លោកស្រី ចាន់ សុទ្ធាវី, លោក ម៉ម ប៊ុននាង, លោក ប្រាក់ ចំរើន, លោកស្រី សួស សារ៉ាម។

ភូមិភាគទី៤ (បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ប៉ៃលិន,ឧត្តរមានជ័យ)៖
លោក ប៉ុល លឹម, លោក ងី ច័ន្ទ្រផល, លោក អន ស៊ុំ, លោក តេង សាវង្ស, លោក អ៊ុក គង់, លោក លេង វី, លោកស្រី ឯម ផលាមុនី, លោក ឈើយ ចាន់ណា, លោក សត ណាឌី, លោក សេង ម៉ារឌី។

ភូមិភាគទី៥ (កំពត, តាកែវ, កែប)៖ លោក ខៀវ មុត, លោក ឈួន ឆាម, លោក គិន ណែត, លោក កុក អាន, លោក ទេព យុទ្ធី, លោក លី សារី, លោកស្រី កង សៅរ៍ធន។

ភូមិភាគទី៦ (ព្រៃវែង, ស្វាយរៀង)៖ លោក អ៊ុំ សារឹទ្ធ, លោកស្រី មាន សំអាន, លោក គឹម ធា, លោក ឈួន ឡេង, លោក ម៉ែន ស៊ីផាន់, លោក ទឹម ផន, លោក គង់ មុនីកា។

ភូមិភាគទី៧ (កំពង់ឆ្នាំង, កំពង់ស្ពឺ, កោះកុង, ពោធិ៍សាត់, ព្រះសីហនុ)៖ លោក ឈិត សុខុន, លោក ង៉ាន់ ចំរើន, លោក លី យ៉ុងផាត់, លោក ម៉ុង ឫទ្ធី, លោកស្រី ថាក់ ឡានី, លោក សាយ បូរិន, លោក អ៊ឹង លាងហ៊ួ, លោក ញ៉ូវ សុង។

ភូមិភាគទី៨ (កំពង់ធំ, ក្រចេះ, មណ្ឌលគិរី, ព្រះវិហារ, រតនគិរី, ស្ទឹងត្រែង)៖ លោក នាង ផាត, លោក មួង ប៉យ, លោកស្រី ឃួន ឃុនឌី, លោក យស ផានីត្តា, លោក សាន់ ឡាទីន, លោក ញ៉ែម សាម៉ន៕


Tag:
 ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com