ជាតិ
សេដ្ឋកិច្ច
CBC៖ ពលរដ្ឋកម្ពុជាជិត៥លាននាក់ ជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ​
03, Apr 2024 , 1:58 pm        
រូបភាព
រូបតំណាង៖ ពលរដ្ឋម្នាក់ប្រើប្រាស់សេវាហិរញ្ញវត្ថុនៅធនាគារអេស៊ីលីដា។
រូបតំណាង៖ ពលរដ្ឋម្នាក់ប្រើប្រាស់សេវាហិរញ្ញវត្ថុនៅធនាគារអេស៊ីលីដា។
ភ្នំពេញ៖ ​ប្រជាពលរដ្ឋកម្ពុជា ចំនួន ៤,៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែល​​​មាន​ទំហំ​ទឹកប្រាក់ ២៣២ ៣៩៣ ៣៩៤ លានរៀល ស្មើនឹងប្រមាណ​៥៧,៦ពាន់​លាន​ដុល្លារ​​។ ចំនួននេះ ​គិតត្រឹមដំណាច់ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ស្ថានភាព​ឥណទាននៅកម្ពុជា​ ដែលក្រុមហ៊ុន​ Credit Bureau Cambodia (CBC) បានចេញ នា​ចុងខែមីនា ឆ្នាំ២០២៤។​

 
របាយការណ៍របស់CBC បានកត់ត្រាទិន្នន័យឥណទានរបស់រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬ សហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិករបស់​CBCទាំ​ង​ចំនួន ១៩៤ ស្ថាប័ន ក្នុងឆ្នាំ២០២៣។ បើតាមCBC ប្រជាជនរស់នៅរាជធានីភ្នំពេញ ខេត្ត​កណ្តាល និងខេត្តសៀមរាប ប្រើ​ប្រាស់កម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុច្រើនជាងគេ។ 
 
CBC បានបញ្ជាក់ថា ក្នុងចំណោមសមតុល្យឥណទាន​ដែលមាន ៥៧,៦ ពាន់​លានដុល្លារ​ក្នុង​​​ឆ្នាំ​២០២៣នោះ គឺ​ជិត៦០ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ទៅ​ឱ្យប្រជាជន​នៅរាជធានី-ខេត្តចំនួន៣នេះ។​ បើតាម CBC នៅភ្នំពេញ មានទំហំឥណទាន​ច្រើន​ជាង​គេ រហូតដល់ ១១៤ ៤៩៦ ២១៤ លានរៀល ត្រូវនឹង​ជាង ២៨,៥ ពាន់លានដុល្លារ និង​​ស្មើ​នឹង​​ ៥០​ភាគរយនៃទំហំឥណទានទូទាំងប្រទេស ដោយមានអ្នកប្រើប្រាស់កម្ចីចំនួន​៦៧,៧​ ម៉ឺននាក់។ 
 
រីឯ ខេត្តកណ្តាល មានអ្នកខ្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ចំនួន ៣៨,៤ ម៉ឺននាក់ ក្នុង​ទំហំ​ទឹក​ប្រាក់​ ១៣ ១៦៣ ៥៩៣លានរៀល ស្មើនឹងប្រមាណ ៣ពាន់លានដុល្លារ។ ចំនួននេះ ​​ស្មើនឹង ៧,៨ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស ខណៈខេត្តសៀមរាប មានទំហំ ឥណទាន​៤,៦ភាគ ផងដែរ។ CBC បានបង្ហាញថា ខេត្តដែលមានបរិមាណឥណទានខ្ពស់​លំដាប់ទី៣នេះ គឺមានអ្នកប្រើប្រាស់កម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ចំនួន ៣២,៥ ម៉ឺននាក់។
 
ដោយឡែក ខេត្តដែលមានទំហំឥណទានទាបជាងគេនៅកម្ពុជា គឺខេត្ត​មណ្ឌលគិរី ខេត្ត​ប៉ៃលិន និងខេត្តកែប។ 
 
បើមើលទៅលើគុណភាពឥណទានវិញ ជារួមអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ គឺ​មាន​៤,៦ភាគរយ ត្រឹមចុងឆ្នាំ២០២៣។ CBC បន្តរៀបរាប់ថា ខេត្តដែល​មានអត្រា​ការសង​ត្រឡប់​យឺតលើសពី៩០ថ្ងៃ ទាបជាងគេមាន គឺខេត្តស្វាយរៀង មាន ២,៧ភាគរយ ខេត្ត​តាកែវមាន ៣,១ភាគរយ ខេត្តព្រៃវែងមាន ៣,២ភាគរយ  ខេត្តកែបមាន ៣,២ភាគរយ និង​ខេត្ត​ស្ទឹងត្រែងមាន៣,៣ភាគរយ។ 
 
ចំពោះរាជធានី និងខេត្តទាំងបីខាងលើ​ដែលប្រើប្រាស់កម្ចីច្រើនជាងគេរហូតដល់​៦០ ភាគ​រយ ​នៃទំហំកម្ចីសរុប៥៧,៦ពាន់លានដុល្លារ  CBC ឃើញមានអត្រា​នៃអ្នកសង​ត្រឡប់​យឺត​លើសពី៩០ថ្ងៃ ជាមធ្យមមាន៥,២ភាគរយ។ ក្នុងនោះ រាជធានីភ្នំពេញមាន៥,២ភាគរយ  កណ្តាលមាន៥ភាគរយ និងសៀមរាបមាន មានដល់៧,៨ភាគរយ។ 
 
«ជារួមមានអតិថិជនប្រហែល ៧៦ភាគរយ នៃអតិថិជនទូទាំងប្រទេស គឺខ្ចីប្រាក់តែ១​ស្ថាប័ន​​ប៉ុណ្ណោះ និងប្រហែល២០ភាគរយ ខ្ចីប្រាក់២ស្ថាប័ន។ សម្រាប់អតិថិជន​ទូទាំ​ង​ប្រទេសដែលខ្ចីប្រាក់៣ស្ថាប័ន គឺមានតែ១ភាគរយប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់ CBC ដែលបានបង្ហាញថា ក្នុងនោះ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ មានអត្រាអ្នកខ្ចី ប្រាក់តែ១ស្ថាប័ន គឺខ្ពស់ជាងគេលើសពី ៨០ភាគរយ ដែលជាអត្រាមួយល្អ។
 
ចំណែកឯ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន មានអត្រាអ្នកខ្ចីប្រាក់តែ ១ស្ថាប័ន ទាបក្រោម៧០ភាគរយ។  នេះមានន័យថា អតិថិជនខ្ចីលុយចាប់ពី២ស្ថាប័នទៅមាន ប្រហែល៣០ភាគរយ នៅខេត្តទាំងបីនេះ។
 
កន្លងមក​លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានលើកឡើងថា ការខ្ចីលុយ ឬជំពាក់លុយធនាគារ ឬមីក្រូហិរញ្ញវត្ថុ គឺមិនមែនជារឿងអាក្រក់នោះទេ។ អ្វីដែលសំខាន់នោះ តើអ្នកខ្ចីលុយពីប្រព័ន្ធធនាគារទាំងនោះ បានប្រើប្រាស់ចំគោលដៅ ឬ តម្រូវជាក់ស្តែង ក្នុងជីវភាពរស់នៅឬអត់? 
 
លោកស្រី បាននិយាយដូច្នេះ៖ «ការណ៍ដែលយើងខ្ចីលុយគេមិនមែនសុទ្ធតែអាក្រក់ទេ។ សំខាន់ពេលយើងទៅខ្ចីលុយគេ យើងត្រូវដឹងថា​ ​យើងយកទៅប្រើប្រាស់អ្វីពិតប្រាកដ។ បើយើងខ្ចីលុយគេទៅរកស៊ីជួញដូរ ដើម្បីបានចំណូលបន្ថែម ហើយសងគេវិញ នោះជា ការណ៍ល្អ តែបើយើងខ្ចីលុយគេយកទៅប្រើខុសគោដៅ ដូចជា ដូរស៊េរីម៉ូតូ ដូរទូរសព្ទថ្មី...​គឺ ខុស​ហើយ »។ ​
 
ជាមួយគ្នានេះ ទេសាភិបាលធនាគារជាតិ ក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ត្រូវបង្កើន​ទម្លាប់​សន្សំប្រាក់  និងត្រូវសន្សំជាមួយគ្រឹះស្ថានផ្លូវការ ព្រោះបានទាំងសុវត្ថិភាព និងបានទាំង​ការ​ប្រាក់​ដែលជាប្រភពចំណូលបន្ថែម៕ 

Tag:
 ហិរញ្ញវត្ថុ
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com