កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
រុស្ស៊ី ​ចោទមេ IOC សមគំនិតមិនបញ្ចូលអត្តពលិកខ្លួនក្នុងការប្រកួតអូឡាំពិក ប៉ារីស២០២៤
03, Apr 2024 , 2:39 pm        
រូបភាព
ប្រទេសរុស្ស៊ី ​ចោទប្រកាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ថាបានសមគំនិតជាមួយនឹងប្រទេសអ៊ុយក្រែន ក្នុងការហាមឃាត់អត្តពលិករុស្ស៊ីចូលរួមការប្រកួតកីឡាអូឡាំពិករដូវកាលក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។



ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យក្រសួង​ការបរទេសរុស្ស៊ី លោក​ស្រី Maria Zakharova ក្រោយពេល ក្រុមអ្នកលេងសៀកបោកបញ្ឆោតរុស្ស៊ី ២នាក់ ដែលគេស្គាល់ឈ្មោះថា Vovan និង Lexus ទម្លាយខ្សែសំឡេងសន្ទនាជាមួយនឹងលោក ​Thomas Bach ពេលដែលប្រធាន IOC រូបនេះ ត្រូវបានបញ្ឆោ​តឱ្យជឿថាលោកកំពុងតែជជែកជាមួយនឹងមន្ត្រីកីឡារបស់អាហ្រ្វិក។​
 
​សំឡេងសន្ទនានោះ លោក Bach បាននិយាយអំពាវនាថា IOC បានបង្កើតក្រុមពិសេសដើម្បីត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងអ៊ីនធឺណិត ដើម្បីជាការធានាថាអត្តពលិករុស្ស៊ី នឹងមិនពាក់ព័ន្ធក្នុងការផ្សព្វផ្សាយរឿងនយោបាយ គាំទ្រដល់រដ្ឋាភិបាលរុស្ស៊ី នៅ Paris 2024។
 
«យើងក៏បានផ្តល់ជូនភាគីអ៊ុយក្រែនផងដែរ មិនត្រឹមតែផ្តល់ជូនប៉ុណ្ណោះទេ តែបានស្នើឱ្យពួកគេ ដើម្បីផ្តល់ឱ្យយើងនូវចំណេះដឹងរបស់ពួកគេអំពីអាកប្បកិរិយារបស់អត្តពលិក ឬមន្ត្រីរុស្ស៊ីបែបនេះ។»។ នេះជាសម្តីដែលលោក Bach បាននិយាយជាភាសាអង់គ្លេស តាមរយៈសំឡេងដែលត្រូវបានទម្លាយដោយក្រុមសៀករបស់រុស្ស៊ី។
 
ព្រោះតែរឿងហេតុនេះ អ្នកស្រី Zakharova បានបង្ហោះលើបណ្តាញសង្គមតេឡេក្រាមចោទប្រកាន់ទៅលើមេ IOC ថាបានគប់គិតជាមួយនឹងអ៊ុយក្រែន និងបានលូកដៃចូលក្នុងបញ្ហានយោបាយ ជាក់ស្តែង។
 
តាមការបង្ហោះរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយដូច្នេះថា៖«បានចូលទៅក្នុងនយោបាយ-រដ្ឋបាល ហើយជាក់ស្តែង ការឃុបឃិតគ្នាព្រហ្មទណ្ឌជាមួយនឹងភាគីជាក់លាក់មួយ មានន័យថាអ៊ុយក្រែន ដើម្បីដកអ្នកប្រកួតប្រជែងកីឡាខ្លាំងរបស់រុស្ស៊ីពីការប្រកួតអន្តរជាតិ។»។
 
មិនមានអ្វីខុសប្លែកខ្លាំងឡើយ រវាងទំនាក់ទំនងរបស់រុស្ស៊ី ទល់នឹង​ IOC បន្ទាប់ពីស្ថាប័នគ្រប់គ្រងកីឡាអូឡាំពិកបានដាក់បម្រាមទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី និងបេឡារុស ដោយក្រុមអត្តពលិកត្រូវប្រកួតប្រជែងក្រោមឈ្មោះអព្យាក្រិក ដោយមិនប្រើប្រាស់ទង់ជាតិរុស្ស៊ី និងភ្លេងជាតិរុស្ស៊ីឡើយ។ ការហាមឃាត់ព្រោះតែ ប្រទេសរុស្ស៊ី វាយលុកចូលអ៊ុយក្រែល កាលពីឆ្នាំ ២០២២៕

Tag:
 Paris 2024
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com