ជាតិ
លោក ហ៊ុន ម៉ានី មានមោទកភាព ​ចំពោះការបោះជំហានទៅមុខនៃវិស័យមុខងារសាធារណៈ
03, Apr 2024 , 3:09 pm        
រូបភាព
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។ រូបភាពពីក្រសួង​មុខងារសាធារណៈ
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។ រូបភាពពីក្រសួង​មុខងារសាធារណៈ
ភ្នំពេញ៖ វិស័យមុខងារសាធារណៈ កំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ក្នុងការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ និងជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ានី ក្នុង​ពិធី​បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅ​ថ្ងៃ​ទី​៣ មេសា។



លោក ហ៊ុន ម៉ានី​ បានសង្កត់ធ្ងន់ថា ​សមិទ្ធផលជាច្រើន ដែលក្រសួងមុខងារសាធារណៈ សម្រេចបានក្នុង​រយៈពេល​៧ខែមក​នេះ​ ​ដោយសារកត្តាសំខាន់ ៣ យ៉ាង គឺកត្តាគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ក្នុងការអនុវត្តផែន​ការសកម្មភាព, កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ ដែលឈរ​លើ​ចក្ខុវិស័យ ឆន្ទៈ និងផែនការច្បាស់លាស់ និង​​កត្តាចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មានទាំងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ។​
 
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឧបនាយករដ្ឋមន្ត្រីរូបនេះ​ មានប្រសាសន៍ថា៖«ខ្ញុំពិតជាមានមោទក​ភាពខ្ពស់ចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈ ដែលបានចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា»។
  


កន្លងមកក្រសួងមុខងារសាធារណៈ បានអនុវត្តវិធានការកែទម្រង់រដ្ឋបាលសាធារណៈ ពាក់ព័ន្ធនឹង​ការកែលម្អការជ្រើសរើសមន្ត្រីបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈ, ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ និង​ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មផងដែរ។
 
សូម​បញ្ជាក់ថា​ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ប្រពឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ សន្និបាតនេះ មានការចូលរួមពីមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ជាង​៧០០នាក់៕







Tag:
 ហ៊ុន ម៉ានី
  ក្រសួង​មុខងារ​សាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com