ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ពលរដ្ឋខ្មែរ ជាង២ម៉ឺននាក់ បានវិលមកស្រុកកំណើតវិញ ដើម្បីអបអរពិធីសង្ក្រាន្តឆ្នាំថ្មី
03, Apr 2024 , 6:59 pm        
រូបភាព
ពលករត្រឡប់ចូលស្រុកកំណើតវិញ ដើម្បីត្រៀមអបអរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។ រូបពីហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ពលករត្រឡប់ចូលស្រុកកំណើតវិញ ដើម្បីត្រៀមអបអរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។ រូបពីហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២ មេសា មានពលរដ្ឋខ្មែរ ២៧៩៤៦នាក់ បានវិលត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិនានា ដើម្បីមកអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះផ្សាយនៅថ្ងៃទី៣ មេសា។



អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ពលករ និងពលរដ្ឋខ្មែរ ដែលធ្វើដំណើរពីប្រទេសជិតខាង ចូលមកកម្ពុជាវិញ រួមមាន មកពីថៃ ចំនួន២៣១៥៨នាក់, មកពីវៀតណាម ៤៦៩៨នាក់ និងមកពីឡាវ៩០នាក់។
 
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំមន្រ្តីតាមច្រកព្រំដែនកម្ពុជា-ថៃ និងព្រំដែនប្រទេសជិតខាងផ្សេងទៀត សម្របសម្រួលដល់ពលករខ្មែរ ដែលធ្វើដំណើរចូលមកប្រទេសវិញ នាឱកាសបុណ្យចូលឆ្នាំ។
 
ដើម្បីពន្លឿនដំណើរចេញ-ចូល របស់ពលករខ្មែរនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏សម្រេចមិនតម្រូវឱ្យបោះត្រាចេញ-ចូលលើលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរនោះឡើយ តែមន្រ្តីព្រំដែនកម្ពុជា ត្រូវកត់ត្រាការចេញចូលរបស់ពលករ ទៅក្នុងប្រព័ន្ធអន្តោប្រវេសន៍ សម្រាប់ភាពងាយស្រួលក្នុងការងារស្រាវជ្រាវ និងកិច្ចការជំនាញផ្សេងៗ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
 
បន្ថែមពីនេះ មន្ត្រីតាមច្រកព្រំដែន ក៏ត្រូវយកចិត្តទុកដាក់សម្របសម្រួល និងសហការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅបរិវេណប៉ុស្តិ៍ច្រកទ្វារ ចូល-ចេញ ប្រទេសឱ្យបានល្អ សំដៅបញ្ចៀសការកកស្ទះ បញ្ហាសុខភាពរបស់ពលករ និង អ្នកដំណើរទូទៅ។
 
ជាមួយគ្នាភាគីថៃ បានសម្រេចលើកលែងតម្លៃទិដ្ឋាការដល់ពលករខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយអាជ្ញាធរថៃនឹងធ្វើលិខិតថ្មីមួយ ដើម្បីសម្គាល់ និងគ្រប់គ្រងដំណើរចេញចូលប្រទេសរបស់ពលករខ្មែរ ក្នុងរយៈពេលនេះដែរ។

Tag:
 ពលករ
  សង្ក្រាន្ត
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com