ជាតិ
រដ្ឋត្រៀមថវិកាជាង១៤០លានដុល្លារ សម្រាប់​«កម្មវិធីជាតិជំនួយសង្គម​ក្នុងកញ្ចប់​គ្រួសារ»
03, Apr 2024 , 8:19 pm        
រូបភាព
 លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌»នៅថ្ងៃទី២ ខែមេសា។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌»នៅថ្ងៃទី២ ខែមេសា។
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ត្រៀមថវិកាប្រមាណ១៤០លានដុល្លារ សម្រាប់​«កម្មវិធី​ជាតិ​ជំនួយ​សង្គមក្នុងកញ្ចប់គ្រួសារ» ដែលផ្តើមអនុវត្តន៍ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ។ នេះ​បើ​តាមការ​បញ្ជាក់របស់ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងសន្និសីទសារព័ត៌មាន​ស្ដីពី«ជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌»នៅថ្ងៃទី២ ខែមេសា។

 
កម្មវិធីជាតិជំនួយសង្គមនេះ ផ្ដល់ឱ្យចំពោះតែគ្រួសារមានបណ្ណសមធម៌ប៉ុណ្ណោះ។ ចំពោះ​អត្ថប្រយោជន៍​ដែលបានពីប្រព័ន្ធនេះរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋម និងមធ្យម សិក្សាចំណេះទូទៅ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង​ជនចាស់ជរា ដែល​មាន​អាយុ៦០ឆ្នាំឡើង និងការរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងការឧបត្ថម្ភ​សមាជិក​គ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ 
 
លោក ចន ណារិទ្ធ បានឱ្យដឹងថា «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» គឺជាប្រព័ន្ធ​ជំនួយ​សង្គមថ្មី ដែលរដ្ឋាភិបាលទើបដាក់ឱ្យអនុវត្តក្រោយពេល «កម្មវិធីឧបត្ថម្ភសាច់ប្រាក់​អំឡុង​ពេលជំងឺកូវីដ-១៩»បានបញ្ចប់។ ដើម្បីអនុវត្តកម្មវិធីថ្មីនេះ ប្រកបដោយប្រសិទ្ធភាព និង​តម្លាភាព រដ្ឋបានត្រៀមថវិកាជាង១៤០លានដុល្លារក្នុងមួយឆ្នាំ ដែលវាមានទំហំតិច​ជាង​«កម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលជំងឺកូវីដ-១៩» មានប្រមាណ៤០០លាន​ដុល្លារក្នុង​មួយឆ្នាំ។
 
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំ​ពារសង្គមរូបនេះ បានបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវតែបោះជំហាន​ទៅមុខជា​បន្តបន្ទាប់​។ «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» គឺជាការគិតគូដ៏មាន​សារៈសំខាន់របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅពលរដ្ឋក្រីក្រ និង​ងាយរងគ្រោះ ទោះបីជំងឺរាត្បាតកូវីដ-១៩ បានធូរស្រាលហើយក្ដី។  
 
លោក ចន ណារិទ្ធ ថ្លែងដូច្នេះថា៖«ការអភិវឌ្ឍប្រព័ន្ធការពារសង្គមនៅកម្ពុជា ​ត្រូវតែបោះ​ជំហាន​ទៅមុខជាបន្តបន្ទាប់ ដើម្បីជួយជីវភាពប្រជាពលរដ្ឋ ដែលនៅខ្វះខាត ហើយត្រូវការ​ការឧបត្ថម្ភ។ អំឡុងពេលកូវីដ-១៩ តម្រូវការរបស់ពលរដ្ឋកើនឡើងខ្ពស់ ប៉ុន្តែជាគោល​នយោបាយរដ្ឋាភិបាល បានដាក់ទិសដៅថា ទោះបីជំងឺកូវីដ-១៩ បញ្ចប់ តែមិនត្រូវឱ្យប្រព័ន្ធ​គាំពារសង្គមធ្លាក់ចុះមកវិញនោះទេ»។
សូមជម្រាបថា មូលនិធិជាតិជំនួយ បានបើកយុទ្ធនាការចុះឈ្មោះតាមភូមិហើយចាប់ពី ថ្ងៃ​ទី​​១ ដល់ថ្ងៃទី២០ខែមេសា​នៅតាមស្នាក់ការភូមិ ឬទីតាំងសមស្របណា មួយក្នុងភូមិគោល​ដៅផ្ទាល់ ដើម្បីសម្រួល និងជំរុញដល់ការចុះឈ្មោះជូនគ្រួសារដែលមានបណ្ណសមធម៌ និង​សមាជិកគ្រួសារជាជនងាយរងគ្រោះ ឱ្យបានឆាប់រហ័ស និងជៀសវាងការបាត់បង់អត្ថ​ប្រយោជន៍​ណាមួយរបស់អ្នកទទួលផល។
 
លក្ខខណ្ឌ គឺតម្រូវឱ្យមេគ្រួសារ ឬតំណាងគ្រួសា រ​ជាអ្នកចុះឈ្មោះទទួលបានប្រាក់ឧបត្ថម្ភ​គោល​គ្រួសារ ដែលទាមទារឱ្យមានបណ្ណសមធម៌ កម្រិតក្រីក្រ១ និងក្រីក្រ២ ច្បាប់ដើម​ដែល​មាន​សុពលភាព និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ។ ជនមានពិការភាព ត្រូវមាន​បណ្ណ​សមធម៌ កម្រិតក្រីក្រ១ និងក្រីក្រ២ ច្បាប់ដើម មានសុពលភាព និងបណ្ណសម្គាល់​ជន​មានពិការភាពច្បាប់ដើម ចេញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា​។ 
 
ចំពោះ ជនចាស់ជរា ត្រូវមានអាយុចាប់ពី៦០ឆ្នាំឡើង មានបណ្ណសមធម៌ កម្រិតក្រីក្រ១ និង​ក្រីក្រ២ ច្បាប់ដើម មានសុពលភាព និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬ​សំបុត្របញ្ជាក់កំណើត។ ចំណែក អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវបានចុះ​ឈ្មោះ​​ដោយស្វ័យប្រវត្តិ តាមរយៈការផ្ដល់ព័ត៌មានពីមេគ្រួសារ។ 
 
បច្ចុប្បន្ន គ្រួសារទទួលបានបណ្ណសមធម៌រួចហើយមានប្រមាណ៨០ម៉ឺនគ្រួសារ ធៀបនឹងឆ្នាំ​២០២០មានត្រឹម៥៣ម៉ឺនគ្រួសារប៉ុណ្ណោះ៕

Tag:
 ជំនួយសង្គម
  គាំពារសង្គម
  ចន ណារិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com