ជាតិ
សិល្បះ
ពិព័រណ៍​មិនអចិន្ត្រៃយ៍​នៅស.ស.រ បង្ហាញពី​គំនូរលើជញ្ជាំង​វត្ត​​អារាមនៅ​កម្ពុជា ពីឆ្នាំ១៨៩០-១៩៧០
03, Apr 2024 , 4:23 pm        
រូបភាព
សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​តាំង​ពិព័រណ៍​មិនអចិន្ត្រៃយ៍ ​មាន​ចំណង​ជើង​ «ពណ៌​ពី​អតីតកាល៖ ទិដ្ឋភាព​នៃ​ប្រទេស​កម្ពុជា» តាម​រយៈ​គំនូរ​នៅ​តាម​វត្តអារាម អំឡុងឆ្នាំ១៨៩០-១៩៧០។ ពិព័រណ៍​លើជញ្ជាំងនេះ មានលក្ខណៈប្លែក ដែលលោក-អ្នកអាចចូលទស្សនា​ដោយ​ឥត​គិត​ថ្លៃ។

 
​​គំនូរនីមួយៗ​​នៅ​លើជញ្ជាំង​វត្តនានា​ទូទាំង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ១៨៩០ ដល់ឆ្នាំ១៩៧០ គឺបានបង្ហាញពីខ្លឹមសារ​សិល្បៈនៃកន្លែង​ប្រវត្តិសាស្ត្រ​សំខាន់ៗ ​។ បើតាម លោក​​ ប្លែស គីលីយ៉ង់ សហប្រធាន ស.ស.រ គំនូរ នៅលើ​ជញ្ជាំង​ដែល​ដាក់តាំង​នៅ​ក្នុង​ពិព័រណ៍​នេះ ជា​ការលាយ​បញ្ចូល​គ្នា​រវាង​ប្រពៃណី និង​សាសនា ដែល​បានផ្សារភ្ជាប់​​ទៅនឹង​ទិដ្ឋភាព​សហសម័យ ដើម្បីបង្ហាញ​ពី​ទេពកោសល្យរបស់វិចិត្រករ​​មិន​ស្គាល់ឈ្មោះក្នុងស្រុក ​ ដោយបាន​បន្សល់​ទុក​នូវ​តឹកតាង​យ៉ាងរឹងមាំ​ តាម​រយៈ​​ស្នាដៃរបស់​ខ្លួន។
 
ក្នុងពិធីសម្ពោធ​ជា​ផ្លូវការនូវ​ពិព័រណ៍​មិនអចិន្ត្រៃយ៍ ​​នៅ ស.ស.រ លោក ប្លែស បានបញ្ជាក់ថា  គំនូរ​ទាំង​នេះ ​ក៏ផ្ដល់​ការ​យល់ដឹងយ៉ាង​ស៊ី​ជម្រៅ ​អំពី​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា និង​ឥទ្ធិពល​នៃ​ការប្រែប្រួល​ខាងផ្នែក​បច្ចេកវិទ្យា វប្បធម៌ នយោបាយ និង​សង្គម​នៅ​ពេល​នោះ​​។
 


ផ្តើមចេញ​ពី​មុន​សម័យ​សង្រ្គាម​​ក្នុងឆ្នាំ១៩៧០ ស្នាដៃ​ដែល​បាន​ជ្រើស​រើស​តំណាង​ឱ្យ​ផ្នែកតូច​មួយ ​នៃ​ការស្រាវជ្រាវ​យ៉ាង​ទូលំ​ទូលាយ​របស់លោកស្រី Danielle និង លោក Dominique Guéret ចន្លោះ​ឆ្នាំ២០០៤ ដល់ឆ្នាំ២០១៥។  « ​ពួកគាត់​បាន​ខិត​ខំប្រឹង​ប្រែង ចងក្រង​ឯកសារ​អំពី​ផ្ទាំងគំនូរ​ដ៏​សម្បូរ​បែប ​ដែលបាន​គូរនៅ​លើ​ជញ្ជាំង​ក្នុង​វត្តជាង ៣០០០​ ចាប់តាំង​ពី​ចុង​សតវត្សរ៍ទី១៩ ដល់​ឆ្នាំ១៩៧៣។ ក្នុងនោះវត្ត​ចំនួន ២០០០ ត្រូវបាន​ថតទុកជារូបភាព​»។ នេះជាការបញ្ជាក់របស់លោក ប្លែស។​
 
ដោយផ្តោតរូបគំនូរលើវត្តអារាម ពិព័រណ៍ស្តីពី «ពណ៌​ពី​អតីតកាល» ​បានផ្តល់នូវទស្សនៈពិសេស និងប្លែក ដែលលើកឡើងពីជ្រុងម្ខាងនៃប្រធានបទនេះ។ ផ្ទាំង​គំនូរ​នីមួយៗនៅលើជញ្ជាំង បាន​រៀប​រាប់​អំពី​ការវិវត្តរបស់​សង្គម​ ចាប់ផ្តើមពីការទទួលឥទ្ធិពលពី​​ខាងក្រៅនៅ​ចុង​សតវត្សរ៍ទី១៩ រហូត​ដល់​មានទំនើបភាព ក្រោយ​ទទួលឯករាជ្យ និង​តួនាទី​ដ៏សំខាន់​របស់ព្រះករុណាព្រះបាទសម្តេចព្រះ​ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ក្នុង​ការរួបរួម​អធិបតេយ្យភាព​ជាតិ​។ 


 
ការតាំងពិព័រណ៍​នេះ ​ក៏ជាការស្វែងយល់​ពីការវិវត្តនៃ​បច្ចេក​ទេស​សិល្បៈ​គំនូរ​លើ​ជញ្ជាំង ​ដែល​បានគូរក្នុង​វត្តអារាម​នៅកម្ពុជា​ ដោយប្រើពី​បច្ចេកទេសបុរាណ រហូតដល់​ការប្រើបច្ចេកទេសទំនើប ដូចជា ថ្នាំ​ប្រេង វីនីល និងអាគ្រីលីក​។
 
បើតាមលោកស្រី ជា សិរី​ ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ផ្ទាំង​គំនូរ​ដែលបានតាំងបង្ហាញក្នុងពិព័រណ៍នេះ ភាគច្រើនប្រមូលបានវត្តអារាម ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង​ កំពង់ធំ កំពង់ចាម​ និងរាជធានីភ្នំពេញ។ លោកស្រី​បានបញ្ជាក់ថា ៖ « ការតាំងពិព័រណ៍នេះ គឺជាផ្នែកមួយ​នៃការរំលឹកយើងពីសារៈសំខាន់ដ៏មហិមាពីការអភិរក្សវត្តអារាម និងរូបគំនូរនៅតាមជញ្ជាំង ដែលជាផ្នែកមួយនៃបេតិកភណ្ឌជាតិរបស់យើង»។ 
 
ពិព័រណ៍ស្តីពី «ពណ៌​ពី​អតីតកាល» គឺជាពិព័រណ៍​មិនអចិន្ត្រៃយ៍​លើកទី២ ដែលត្រូវបានបង្កើតឡើងដោយ ស.ស.រ  បន្ទាប់ពីទទួលបានជោគជ័យការតាំងពិព័រណ៍​មិនអចិន្ត្រៃយ៍​ ស្តីពី៖ «ព្រះរាជដំណើររបស់ព្រះបាទស៊ីសុវត្ថិយាងទៅកាន់ប្រទេសបារាំងនៅឆ្នាំ១៩០៦» ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ កាលពីខែតុលា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣៕ 

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ, លោក សុខ សូកេន រដ្ឋមន្ត្រីទេសចរណ៍, លោក ជា ចាន់តូ ទេសាភិបាលកិតិ្តយសនៃធនាគារជាតិ និងលោក Pellet Jacques ឯកអគ្គរដ្ឋទូតបារាំងនៅប្រចាំ កំពុងទស្សនាវីដេអូពីដំណើររបស់វិចិត្រករ ដែលបានគូរគំនូនៅតាមវត្តអារាម (១៨៩០-១៩៧០)នៅកម្ពុជា” 





Tag:
 ស.ស.រ
© រក្សាសិទ្ធិដោយ thmeythmey.com