ជាតិ
បញ្ហាដីធ្លី៖ រដ្ឋបាលខេត្តព្រះវិហារ អះអាងថា រកពុំឃើញពលរដ្ឋណាម្នាក់ រត់គេចខ្លួនចូលព្រៃឡើយ
03, Apr 2024 , 9:59 pm        
រូបភាព
កន្លែងដែលអាជ្ញាធរចុះទៅរកពលរដ្ឋ តាមបណ្ដាញព័ត៌មានដែលបានផ្សាយថាពលរដ្ឋរត់គេចខ្លួនចូលព្រៃ។ រូបពី រដ្ឋបាលខេត្តព្រះវិហារ
កន្លែងដែលអាជ្ញាធរចុះទៅរកពលរដ្ឋ តាមបណ្ដាញព័ត៌មានដែលបានផ្សាយថាពលរដ្ឋរត់គេចខ្លួនចូលព្រៃ។ រូបពី រដ្ឋបាលខេត្តព្រះវិហារ
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ អះអាងថា រកពុំឃើញនរណាម្នាក់ រត់ចូលព្រៃដូចបណ្ដាញព័ត៌មានមួយចំនួន បានចុះផ្សាយឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តចេញថ្ងៃទី២មេសា។

 
រដ្ឋបាលខេត្តព្រះវិហារ សង្កេតឃើញនាពេលថ្មីៗនេះ មានការផ្សាយព័ត៌មាន ដោយអមជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ពលរដ្ឋ ដែលថាពួកគេ កំពុងរត់គេចខ្លួន ឬសម្ងំពួនក្នុងព្រៃ។ លើសពីនេះ មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺទៀតផង។  
 
«ពាក់ព័ន្ធករណីនេះ អាជ្ញាធរស្រុកគូលែន បានចុះទៅដល់ទីតាំងដែលព័ត៌មានមួយចំនួនអះអាងថា មានពលរដ្ឋមួយចំនួនតូចរត់គេចខ្លួននៅទីនោះ ប៉ុន្តែអាជ្ញាធរពុំបានឃើញនរណាម្នាក់ ដូចការចុះផ្សាយនោះឡើយ»។ រដ្ឋបាលខេត្តព្រះវិហារបានអះអាងបែបនេះ ហើយអំពាវនាវជាលើកទី៣ថា បើមានពលរដ្ឋ កុមារតូចៗ នៅក្នុងព្រៃប្រាកដមែន ពួកគេអាចវិលត្រឡប់ចូលភូមិវិញបាន។ 
 
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះវិហារ បានសង្កត់ធ្ងន់ថា៖ «អាជ្ញាធរនឹងពុំយកទោសពៃរ៍បងប្អូននោះទេ ហើយបើបងប្អូនពិតជាមានការខ្វះខាត អាជ្ញាធរនឹងជួយទំនុបម្រុង។ សូមកុំចាញ់បោកឧបាយកលក្រុមជនមួយក្ដាប់តូចនៅក្រៅប្រទេស…»។ 
 
ទាក់ទិននឹងវិវាទដីធ្លីនៅខេត្តព្រះវិហារនេះ លោក រស់ សុដ្ឋា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស (CHRAC) យល់ថា ពលរដ្ឋដែលរងគ្រោះ ដោយសារបញ្ហាដីធ្លីនៅតំបន់ព្រះវិហារនោះ អស់ជំនឿ និងខ្លាច អាជ្ញាធរចាប់ពួកគេបញ្ជូនទៅតុលាការ ទើបមិនហានចេញជួបអាជ្ញាធរតាមការអំពាវនាវ។ ហេតុនេះ លោកថា ពួកគេគ្មានជម្រើសឡើយ មានតែបន្តលាក់ខ្លួន។ 
 
 «តាមបណ្ដាញរបស់ខ្ញុំ បានរាយការណ៍មកថា មានជិត១០០គ្រួសារ ដែលគេ​ចខ្លួននៅក្នុងព្រៃ ហើយបើគ្មានដំណោះស្រាយ មានតែចាប់ខ្លួនពួកគាត់ ធ្វើយ៉ាងម៉េច! ទើបពួកគាត់ហ៊ានចេញមក! បើចង់ឃើញពលរដ្ឋពិតមែន ធានាឱ្យមានដំណោះស្រាយ កុំឱ្យមានការចាប់ខ្លួន ពួកគាត់នឹងចេញមក» លោក សុដ្ឋា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗបែបនេះ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៣ មេសា ។
 
លោកបន្ថែមថា អង្គការ CHRAC កំពុងរៀបចំឯកសារភស្តុតាង ពីការបាត់បង់ផ្ទះ ដីធ្លី របស់ពលរដ្ឋ នៅស្រុកគូលែន ដើម្បីដាក់ទៅខាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយអន្តរាគមន៍ ពិសេសធ្វើអធិការកិច្ចលើអាជ្ញាធរខេត្តព្រះវិហារ ដែលបានចុះបង្ក្រាបពលរដ្ឋ៕
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com