ជាតិ
ក្រសួងសុខាភិបាល ហាមឃាត់ការផ្សព្វផ្សាយនិងនាំចូលផលិតផល HYPOLY ដែលគ្មានលេងបញ្ជិកា
03, Apr 2024 , 6:24 pm        
រូបភាព

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផល HYPOLY  ដែលជាប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម គ្មានលេខបញ្ជិកាពីក្រសួងត្រឹមត្រូវ ដែលគិតត្រឹមថ្ងៃទី២ ខែមេសាឆ្នាំ២០២៤។ ការហាមប្រាមនេះបានរកឃើញបន្ទាប់ពីក្រសួងឃើញការផ្សព្វផ្សាយរបស់បណ្តាផេកមួយចំនួន ដែលមានលក្ខណៈបំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្រ្តត្រឹមត្រូវ។

 
នាថ្ងៃទី២ ខែមេសានេះ ក្រសួងសុខាភិបាល បានជូនដំណឹងថា រកឃើញគណនីបណ្តាញហ្វេសប៊ុកមួយចំនួនដូចជា Hypoly គ្រាប់ទឹកពុះទឹកនោមផ្អែមលេខ ១ Cambodia, Hypoly ដំណោះស្រាយថ្មីសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម, មជ្ឃមណ្ឌលព្យាបាលទឹកនោមផ្អែម-Hypoly និងគណនីឈ្មោះ ជុំ ចិត្រា-០967447362។ រួមទាំងគណនីមួយចំនួនទៀតកំពុងផ្សព្វផ្សាយលក់ផលិតផល HYPOLY ដែលគ្មានលេខបញ្ជិកា។
 
យោងតាម ច្បាប់ស្ដីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការ បង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល។ ចំណែក ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញផលិតផល ឬឱសថណាមួយ ត្រូវពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើកំបកវេចខ្ចប់ ឱ្យបានត្រឹមត្រូវ។
 
ក្នុងន័យនេះ ក្រសួងសុខាភិបាល ចង់ឱ្យមានការចូលរួមជួយសហការទប់ស្កាត់ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ  ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com