ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ទេសចរសម្រុកកក់កន្លែងស្នាក់នៅខេត្តព្រះសីហនុ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ
06, Apr 2024 , 9:09 pm        
រូបភាព
ភ្នំពេញ៖ ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ​សម្រាប់ថ្ងៃបុណ្យ និងថ្ងៃចុងសប្ដាហ៍។ ស្របពេលនេះ  កន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុ  ត្រូវបានភ្ញៀវទេសចរកក់បណ្តើរៗហើយ ដើម្បីទៅកម្សាន្តក្នុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។ លោក ឡុង ឌឺម៉ង់ អភិបាលរងខេត្តព្រះសីហនុ រំពឹងថានៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤នេះ នឹងមានភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុច្រើនជាងឆ្នាំមុន ។



លោក ឡុង ឌឺម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្តតាមទូរស័ព្ទថា មកទល់ពេលបច្ចុប្បន្ននេះ សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋាននៅតំបន់ឆ្នេរ និងកោះ ត្រូវបានទេសចរកក់ជាបណ្ដើរៗ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។
 
អភិបាលរងរូបនេះអះអាង៖  «ជារៀងរាល់ឆ្នាំ ខេត្តព្រះសីហនុមិនដែលសល់កន្លែងផ្ទះនៅនោះទេ។ ទេសចរមួយចំនួន ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ ថ្ងៃចូលឆ្នាំ ក៏មានការបោះតង់តាមឆ្នេរ និងតាមកោះផងដែរ។ បច្ចុប្បន្ន ខេត្តព្រះសីហនុ មានកន្លែងស្នាក់ជិត ១ម៉ឺនបន្ទប់»។
  
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ

ជាមួយគ្នានេះ  រដ្ឋបាលខេត្តព្រះសីហនុ ក៏រៀបចំសង្ក្រានឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីទាក់ទាញទេសចរមកកម្សាន្តទៀតផង។ ទីតាំងសង្រ្កាន្តមានចំនួន៣កន្លែង គឺនៅទីលានតេជោ (ពយតាមូង) ,ពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) និងនៅ Bay of Lights។
 
ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ នឹងមានការប្រគុំតន្ត្រីបុរាណ-សម័យ និងការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ទាញព្រ័ត្រ បោះអង្គុញ ចោលឈូង លាក់កន្សែង វាយក្អម ឡើងបង្គោលខ្លាញ់ រាំដណ្តើមកៅអី និងដណ្តើមស្លឹកឈើជាដើម។ បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមឡានទឹកសម្រាប់ជួយសម្រួលកម្តៅពីព្រះអាទិត្យ និងធ្វើឱ្យកម្មវីធីកាន់តែសប្បាយអធិអធមផងដែរ៕ 

Tag:
 ខេត្តព្រះសីហនុ
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com