អន្តរជាតិ
អាម៉េរិក បញ្ជាក់សារសំខាន់នៃការសន្ទនាជាមួយចិន ទោះបារម្ភការឧបត្ថម្ភធនក្នុងវិស័យរថយន្តអគ្គិសនី
07, Apr 2024 , 8:39 pm        
រូបភាព
រដ្ឋមន្ត្រីរតនាគារអាមេរិក Janet Yellen បានប្រាប់នាយករដ្ឋមន្ត្រីចិន លី ឈាំង នៅថ្ងៃទី៧ ខែមេសា ថា សមត្ថភាពរបស់អាម៉េរិកនិងចិនក្នុងធ្វើកិច្ចសន្ទនាដ៏លំបាក និងត្រង់ៗ ធ្វើឱ្យទំនាក់ទំនងមហាអំណាចសេដ្ឋកិច្ចទាំងពីរមានស្ថិរភាពជាងមុននាឆ្នាំកន្លងមក។

 
លោកស្រី Janet Yellen កំពុងធ្វើទស្សនកិច្ចនៅទឹកដីចិន ដើម្បីបន្តកិច្ចសន្ទនារវាងមហាអំណាចទាំង២។ ក្នុងទស្សនកិច្ចនេះ លោកស្រី Yellen លើកឡើងចំៗពីក្ដីបារម្ភរបស់អាម៉េរិកលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិនលើក្រុមហ៊ុនអគ្គិសនីចិន ដែលធ្វើឱ្យមានផលិតកម្មលើសរថយន្តអគ្គិសនី និងប៉ះពាល់ក្រុមហ៊ុនអាម៉េរិក។ 
 
ក្រោយជួបឧបនាយករដ្ឋមន្រ្តីចិន ហឺ លីហ្វឹង នៅគ័ងចូវ លោកស្រី Yellen ក៏មានជំនួបជាមួយប្រមុខរដ្ឋាភិបាលចិន លី ឈាំង នៅប៉េកាំងនៅថ្ងៃទី៧ ខែមេសា។​ មន្រ្តីអាម៉េរិក សង្កត់ពីភាពចាំបាច់ដែលវ៉ាស៊ីនតោន និងប៉េកាំងបន្តកិច្ចសន្ទនាទៀត ដោយសារការជជែកគ្នាកន្លងមក ធ្វើឱ្យទំនាក់ទំនងទ្វេភាគីហាក់ល្អប្រសើរច្រើន ទោះមានបញ្ហាប្រឈមជាច្រើនក្ដី។
 
តបទៅលោកស្រី Yellen នាយករដ្ឋមន្ត្រីចិន លី ឈាំង ប្រទេសទាំងពីរត្រូវតែគោរពគ្នាទៅវិញទៅមក ហើយគួរតែជាដៃគូ មិនមែនជាសត្រូវនោះទេ។ លោក លី ក៏កត់សម្គាល់ពីវឌ្ឍនភាពប្រកបដោយការស្ថាបនាអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ដែរ។
 
នាជំនួបមហាវិមានប្រជាជន លោកស្រី Yellen ក៏ប្រាប់មេដឹកនាំចិនទៀតថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងមានកាតព្វកិច្ចគ្រប់គ្រងទំនាក់ទំនងដ៏ស្មុគស្មាញនេះ ហើយមានរឿងជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាទំនាក់ទំនងទ្វេភាគី។ ទោះមានភាពវិជ្ជមានច្រើនក្នុងការសន្ទនា រដ្ឋមន្រ្តីរតនាគារអាម៉េរិក ក៏ឆ្លៀតបញ្ជាក់ថា ភាគីទាំង២​ នៅតែត្រូវដោះស្រាយបញ្ហាខុសគ្នា និងបន្តការសន្ទនាដែលតានតឹងដដែល។
 
មិនត្រឹមផលិតកម្មរថយន្តអគ្គិសនីទេ អាម៉េរិកក៏បារម្ភពីផលិតកម្មបន្ទះស្រូបពន្លឺព្រះអាទិត្យ និងផលិតផលថាមពលស្អាតផ្សេងទៀតរបស់ចិនដែលមានតម្លៃថោកជាងផលិតផលអាម៉េរិកផ្ទាល់ និងប្រទេសមួយចំនួនទៀត។
 
បើតាមការព្យាករណ៍របស់ Economist Intelligence Unit សមត្ថភាពផលិតថ្មសម្រាប់រថយន្តរបស់ចិននឹងលើសពីតម្រូវការនៅត្រឹមឆ្នាំ២០២៧ ដោយសារតែការកើនឡើងឧស្សាហកម្មនេះ។​ ការគាំទ្ររបស់ទីក្រុងប៉េកាំង ធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកមាន BYD និង Geely ដណ្តើមយកចំណែកនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ហើយប្រែក្លាយចិនទៅជាអ្នកនាំចេញរថយន្តមួយនេះដ៏ធំបំផុតរបស់ពិភពលោកដែរ។
 
ប៉ុន្តែកំណើនយ៉ាងឆាប់រហ័សនេះ ក៏មានន័យថាចិនបានផលិតរថយន្តអគ្គិសនីលើសដែលអាចមានចន្លោះពី៥ទៅ១០លានគ្រឿងក្នុងមួយឆ្នាំ នេះបើយោងតាមក្រុមហ៊ុនផ្ដល់ប្រឹក្សា Automobility ៕

Tag:
 អាម៉េរិក ចិន
© រក្សាសិទ្ធិដោយ thmeythmey.com