ជាតិ
គម្រោង«CREFA» ផ្ដល់បច្ចេកទេសដាំដុះបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដល់កសិករចំនួន៥ខេត្ត
07, Apr 2024 , 9:39 pm        
រូបភាព
ផ្ទាំងព័ត៌មាននិយាយពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់គអគ្គិសនីដោយពន្លឺព្រះអាទិត្យ។
ផ្ទាំងព័ត៌មាននិយាយពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់គអគ្គិសនីដោយពន្លឺព្រះអាទិត្យ។
សៀមរាប៖ ដើម្បីដោះស្រាយភាពងាយរងគ្រោះរបស់ប្រជាជនកម្ពុជា អង្គការអុកស្វាម សហការជាមួយដៃគូចំនួន៩ផ្សេងទៀត បានចាប់អនុវត្តគម្រោងថ្មីមួយគឺ «ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា» ឬ«Climate Change Resilience for All (CREFA)។ គម្រោងនេះជាគម្រោងសាកល្បង មានរយៈពេល១២ខែ ដោយចាប់អនុវត្តន៍ពីដើមខែមេសា​ ឆ្នាំ២០២៤តទៅ ក្រោមជំនួយពីរដ្ឋាភិបាលអៀរឡង់។



ក្នុងបទសម្ភាសជាមួយសារព័ត៌មាន នៅព្រឹកថ្ងៃទី០១មេសា លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម លើកឡើងថា គម្រោង CREFA មានគោលបំណងសំខាន់គឺធ្វើឱ្យប្រជាជនក្នុងខេត្តចំនួន៥រួមមាន សៀមរាប, បាត់ដំបង, ឧត្ដរមានជ័យ, បន្ទាយមានជ័យ និងព្រះវិហារ មានសមត្ថភាពបន្ស៊ាំ​ និងកាត់បន្ថយផលប៉ះពាល់នៃ​ការប្រែប្រួលអាកាសធាតុ។ 
 
លោកស្រីបញ្ជាក់ដូច្នេះ៖ « ជាពិសេសគម្រោង CREFA ជួយដល់កសិករខ្នាតតូច ដើម្បីឱ្យពួកគេទទួលបានបច្ចេកវិទ្យា ក៏ដូចជាធនធាន ដើម្បីធ្វើយ៉ាងណាឱ្យគាត់បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុនៅកន្លែងនេះ ដែលយើងមើលឃើញជាសំខាន់ គឺទឹកជំនន់ ការកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួត»។ 
  
ការបើកពិធីកិច្ចចាប់ផ្ដើមនៃគម្រោង ««ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា» ឬ«Climate Change Resilience for All (CREFA) នៅព្រឹកថ្ងៃទី០១ មេសា ឆ្នាំ២០២៤ នៅក្រុងសៀមរាប៕ 

បើតាមលោកស្រី សោភ័ណ គម្រោងនេះគឺផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកទេស និងបច្ចេកវិទ្យាថ្មី សម្រាប់កសិករក្នុងខេត្តគោលដៅទាំង៥ រួមមានការដាំដំណាំក្នុងផ្ទះកញ្ចក់ និងដើរដោយពន្លឺព្រះអាទិត្យ ដើម្បីបន្ស៊ាំនឹងការឡើងកម្ដៅ។ ការប្រើប្រាស់ប្រព័ន្ធទាយយកទឹកប្រើប្រាស់ដោយសូឡា ដើម្បីបន្ស៊ាំទៅនឹងគ្រោះរាំងស្ងួត។ ការប្រើប្រាស់ប្រភេទពូជស្រូវ ធន់ទៅនឹងគ្រោះទឹកជំនន់។ 
 
អ្នកស្រីបន្តទៀតថា គម្រោងនេះទៀតសោត គឺផ្ដោតទៅលើការការពារគម្របព្រៃឈើ ក្នុងតំបន់ការពារព្រៃឈើ ឬសហគមន៍ព្រៃឈើ តាមរយៈការការពារព្រៃឈើដែលមានស្រាប់ និងការដាំដើមឈើឡើងវិញ ចំពោះតំបន់ដែលរេចរឹល។ CREFA ក៏យកទុកដាក់លើការពង្រឹងសមត្ថភាពស្ត្រីតាមសហគមន៍ ធ្វើយ៉ាងណាឱ្យស្ត្រីចូលរួមយ៉ាងសកម្ម។ 
  
លោកស្រី ភាណសោភ័ណ នាយិកាអង្គការអុកស្វាម កំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន នៅកម្មវិធីបើកគម្រោង CREFA នៅថ្ងៃទី០១មេសា ឆ្នាំ២០២៤៕

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញដោយអង្គការអុកស្វាម លោកស្រី សោភ័ណ អះអាងថា CREFA នឹងចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានសមភាពយេនឌ័រ អនុវត្តសកម្មភាពអាកាសធាតុ អភិបាលកិច្ចអព្យាក្រិតភាពការបូន យុទ្ធសាស្ត្រចក្រា ផែនការអភិវឌ្ឍជាតិ ផែនការយុទ្ធសាស្ត្រស្ដីពីការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភុវឌ្ឍនប្រកបដោយចីរភាពនៅកម្ពុជា។ 
 
ជាមួយគ្នានេះ លោកស្រី ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងបរិស្ថាន លើកឡើងថាក្រសួងបរិស្ថាន សង្ឃឹមថាគម្រោង CREFA នឹងជាចំណែកមួយជំរុញ ការអុនវត្តយុទ្ធសាស្ត្រចក្រា​ ដើម្បីសម្រេចគោលដៅខាងលើ ជាពិសេសជួយជំរុញការលើកម្ពស់សមភាពយេនឌ័រ សេដ្ឋកិច្ចមូលដ្ឋាន និងការរស់នៅប្រកបដោយចីរភាព។ 
  
លោកស្រី ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងបរិស្ថាន លើកឡើងថាក្រសួងបរិស្ថាន កំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅថ្ងៃទី០១មេសា ឆ្នាំ២០២៤ ក្នុងកម្មវិធីបើកគម្រោង CREFA។ 

លោក Seán Farrell អនុប្រធានបេសកកម្មនៅស្ថានទូតអៀរឡើង មានប្រសាសន៍ថា ការគាំទ្រកម្មវិធីអាកាសធាតុ គឺជាផ្នែកដ៏សំខាន់មួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសអៀរឡង់។

លោកបញ្ជាក់ដូច្នេះ៖ «រដ្ឋាភិបាលអៀរឡង់ បានប្ដេជ្ញា ចិត្ត ក្នុងការបង្កើនទ្វេដង នូវហិរញ្ញវត្ថុអាកាសធាតុ របស់យើងជាសកលដល់យ៉ាងហោចណាស់ ២២៥លានអឺរ៉ូក្នុងឆ្នាំ២០២៥»៕ 

លោក Seán Farrell អនុប្រធានបេសកកម្មនៅស្ថានទូតអៀរឡង់ កំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅថ្ងៃទី០១មេសា ឆ្នាំ២០២៤។

អ្នកពាក់ព័ន្ធមកពីបណ្ដាអង្គការ, ក្រសួង និងអាជ្ញាធរ ចូលរួមក្នុងពិធីចាប់ផ្ដើមគម្រោង CREFA នៅព្រឹកថ្ងៃទី០១មេសា ឆ្នាំ២០២៤។

Tag:
 ThmeyThmey
  ការប្រែប្រួលអាកាសធាតុ
  អង្គការអុកស្វាម
  CREFA
© រក្សាសិទ្ធិដោយ thmeythmey.com