ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សង្ក្រាន្តខ្មែរ នៅជប៉ុន កូរ៉េ ម៉ាឡេស៊ី និងថៃ មានបង្ហាញម្ហូបអាហារ នំអន្សម នំគម និងល្បែងប្រជាប្រិយ
08, Apr 2024 , 10:49 am        
រូបភាព
នៅតំបន់មួយចំនួន ក្នុងប្រទេសជប៉ុន កូរ៉េ ម៉ាឡេស៊ី និងថៃ ក៏មានការរៀបចំសង្ក្រាន្តខ្មែរ ដោយមានបង្ហាញម្ហូបអាហារ នំអន្សម នំគម និងល្បែងប្រជាប្រិយជាដើម។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ក្រុមការងារ ESEA ,សមាគមខ្មែរ និងស្ថានទូតកម្ពុជាប្រចាំតំបន់ទាំងនោះ ជាអ្នកជួយសម្របសម្រួល រៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះ ។



កម្ពុជា បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខ្មែរ នាថ្ងៃទី៧ មេសា នៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា ខេត្តអូសាកា ប្រទេសជប៉ុន។ ក្នុងកម្មវិធីនេះ ក៏មានពិធីសាសនាសំខាន់ៗ ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ។ ព្រះមេធានុរ័ក្ខ គូ សុភាព ក៏បានផ្តល់ធម្មទេសនាដ៏ថ្លៃថ្លា និងមានអត្ថន័យដល់ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋខ្មែរ ក្នុងពិធីសង្ក្រាន្តនេះដែរ។
 
កម្មវិធីនេះ ក៏ដាក់បង្ហាញស្តង់ម្ហូបអាហារ និងផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេច សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ដ៏ផូរផង់។ 
   
ពលរដ្ឋខ្មែររស់នៅ ធ្វើការ និងសិក្សានៅជប៉ុន ចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តខ្មែរ នាថ្ងៃទី៧ មេសា នៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា នៃខេត្តអូសាកា នៃប្រទេសជប៉ុន។ រូបពីហ្វេសប៊ុកក្រសួងការងារ។

អ្នកចូលរួមកម្មវិធីនេះ មានពលរដ្ឋខ្មែរ និងជប៉ុន រាប់ពាន់នាក់ បានលេងល្បែងប្រជាប្រិយដ៏សម្បូរបែប រួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកបដោយបរិយាកាសស្និទ្ធស្នាល។ ជាពិសេសទស្សនាផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងការសម្តែងរនាត ព្រមទាំងមានការប្រគំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀងនិងសម្តែងល្បីៗជាច្រើនរូប ពីកម្ពុជា និងក្រុមតារាចម្រៀងជប៉ុនទៀតផង។

ដោយឡែក«សង្ក្រាន្តខ្មែរនៅម៉ាឡេស៊ី» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ប្រារព្វធ្វើឡើងនៅក្នុងវត្តព្រះកែវរតនារង្សី ក្នុងតំបន់ Pontian រដ្ឋ Johor Bahru។ កម្មវិធីនេះ មានការរាប់បាត្រ សូត្រធម៌នមស្ការ ប្រគេនទ័យទាន ស្រង់ព្រះ ពូនភ្នំខ្សាច់ ការពិសាអាហារ និងនំបញ្ចុកសាមគ្គី ការលេងល្បែងប្រជាប្រិយខ្មែរ មានដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម បោះអង្គញ់ និងការរាំលេងកម្សាន្ត។
 
ពលរដ្ឋខ្មែរ លេងកម្សាន្តល្បែងប្រជាប្រិយ នៅក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តខ្មែរនៅម៉ាឡេស៊ី» ដែលប្រារព្វឡើងនៅក្នុងវត្តព្រះកែវរតនារង្សី ក្នុងតំបន់ Pontian រដ្ឋ Johor Bahru។ រូបពីហ្វេសប៊ុកក្រសួងការងារ។

ស្ថានទូតកម្ពុជា និងក្រុមការងារយុវជន ESEA នៅប្រទេសថៃ​ បានរៀបចំ“សង្ក្រាន្តខ្មែរ” ដោយមានការចូលរួមពីពលរដ្ឋ សិស្ស និស្សិតខ្មែរ ដែលរស់នៅ សិក្សា និងប្រកបការងារក្នុងប្រទេសថៃ សរុបជាង ១ ៥០០នាក់ មកពីតំបន់ជាច្រើន ដូចជាខេត្តស៊ូរិន ខេត្តសៈរៈប៊ុរី ខេត្តរ៉ៈយ៉ង ខេត្តឈុនប៊ុរី ខេត្តឆៈឈើងសៅ និងខេត្តសាមុតប្រាកាន។
 
កម្មវិធីនេះ មានពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ លេងល្បែងប្រជាប្រិយ រួមមានបោះអង្គញ់ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងរាំលេងកម្សាន្ដ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសាមគ្គីភាព។ លើសពីនេះ ក៏មានការតាំងបង្ហាញស្តង់ម្ហូបអាហារ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌ និងអរិយធម៌ខ្មែរដ៏ផូរផង់។

ពលរដ្ឋ និងនិស្សិតខ្មែរ ដែលបានរស់នៅ ធ្វើការ និងសិក្សានៅប្រទេសថៃ លេងល្បែងប្រជាប្រិយ វាយក្អម នៅក្នុងព្រឹត្តិការណ៍“សង្ក្រាន្តខ្មែរ នៅថៃ”។ រូបពីហ្វេសប៊ុកក្រសួងការងារ។

នៅសាធារណរដ្ឋកូរ៉េ ក៏មានរៀបចំសង្រ្កាន្តឆ្នាំថ្មី នៅ៣ទីតាំងផ្សេងគ្នា ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ ៣ ០៥០នាក់ ក្នុងនោះមានតំបន់ក្វាងជូ មានពលរដ្ឋខ្មែរ ២ ០០០នាក់, នៅតំបន់អ៊ុលសាន មានពលរដ្ឋខ្មែរ ១ ០០០នាក់ និងតំបន់ថេហ្គូ មានសហគមន៍ខ្មែរចូលរួម ១០០នាក់។ ទន្ទឹមនឹងនេះ សហគមន៍ខ្មែរ ក៏បានរៀបចំនៅតំបន់ផ្សេងទៀត​ រួមមានតំបន់គីមផូ តំបន់ប៊ូឆន់ និងកោះជេជូផងដែរ។ 
 
កម្មវិធីសង្ក្រាន្តនៅកូរ៉េនេះ ក៏មានពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ លេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់​កន្សែង និងរាំលេងកម្សាន្ដ។ ជាពិសេសការដាក់បង្ហាញស្តង់ម្ហូបអាហារ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរជាដើម។
 
សម្រាប់កម្មវិធីធំ នៃសង្ក្រាន្តខ្មែរនៅកូរ៉េ នឹងរៀបចំនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សិល្បករល្បីៗ ពីប្រទេសកម្ពុជា។ កម្មវិធីនេះនឹងបន្តសហការរៀបចំតាមតំបន់នានា រហូតដល់សប្តាហ៍ទី៤ ខែមេសា។ នេះបើតាមក្រសួងការងារ៕

ពលរដ្ឋខ្មែរ នៅសាធារណរដ្ឋកូរ៉េ ចូលរួមកម្សាន្តនៅព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី កាលពីថ្ងៃទី៧ មេសា។ រូបពីហ្វេសប៊ុកក្រសួងការងារ។

Tag:
 សង្ក្រាន្តខ្មែរ
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com