ក្រុមហ៊ុន Tesla របស់អាម៉េរិកបានលុបចោលគម្រោងផលិតម៉ូដែលរថយន្តដែលមានតម្លៃថោកៗ ដើម្បីបង្វែរទៅផលិតរថយន្តដែលគ្មានមនុស្សបើក ឬបើកបរដោយរ៉ូបូត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters
តាមប្រភពចំនួនបី និងសាររបស់ក្រុមហ៊ុន Tesla ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាម៉េរិកមួយនេះ នឹងបន្តអភិវឌ្ឍរថយន្តប្រភេទតាក់ស៊ីរ៉ូបូតដែលអាចបើកបរដោយខ្លួនឯង។
ការសម្រេចចិត្តនេះ តំណាងឱ្យការបោះបង់ចោលនូវគោលដៅដែលបានរក្សាជាយូរមកហើយដែលលោក Elon Musk បាននិយាយជាញឹកញាប់ថាជាបេសកកម្មកំពូលរបស់លោកនឹងផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់មហាជន។ ផែនការមេដំបូងរបស់លោក Musk សម្រាប់ក្រុមហ៊ុន Tesla ក្នុងឆ្នាំ ២០០៦ បានអំពាវនាវឱ្យផលិតម៉ូដែលប្រណីតជាមុនសិន បន្ទាប់មកប្រើប្រាស់ប្រាក់ចំណេញដើម្បីផ្តល់មូលនិធិដល់រថយន្តគ្រួសារដែលមានតម្លៃទាប។
ចាប់តាំងពីពេលនោះមក Musk បានបញ្ជាក់ម្តងហើយម្តងទៀតនូវការសន្យានៃការផលិតរថយន្តបែបនេះទៅកាន់អ្នកវិនិយោគ និងអតិថិជន។ កាលពីខែមករាកន្លងទៅ នាយកប្រតិបត្តិបានប្រាប់វិនិយោគិនថា Tesla គ្រោងនឹងចាប់ផ្តើមផលិតម៉ូដែលរថយន្តដែលមានតម្លៃសមរម្យនៅរោងចក្ររបស់ខ្លួនក្នុងរដ្ឋ Texas នៅឆមាសទី២នៃឆ្នាំ ២០២៥។
ម៉ូដែលរថយន្តថោកបំផុតរបស់ Tesla នាពេលបច្ចុប្បន្ននេះមាន Model 3 តម្លៃលក់រាយប្រហែល ៣៩ ៩០០ដុល្លារនៅទីផ្សារអាម៉េរិក។ ចំណែកម៉ូដែលតម្លៃទាបជាងនេះបន្តិចមានឈឈ្មោះថា Model 2 រំពឹងថានឹងចាប់ផ្តើមក្នុងតម្លៃប្រហែល ២៥ ០០០ដុល្លារ។
Tesla មិនបានឆ្លើយតបទេនៅពេលដែលសារព័ត៌មាន Reuters សួរសំណួរ។ បន្ទាប់ពីអត្ថបទនេះត្រូវបានចុះផ្សាយ លោក Musk បានបង្ហោះនៅលើគណនី X ថា ៖« Reuters កំពុងកុហក (ម្តងទៀត)»។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីថាតើវាត្រូវឬខុសទេ។
តម្លៃភាគហ៊ុន Tesla បានធ្លាក់ចុះជាង៦ភាគរយ បន្ទាប់ពីការចេញព័ត៌មានរបស់ Reuters ប៉ុន្តែបានងើបឡើងវិញបន្តិចបន្ទាប់ពីការប្រកាសរបស់ Musk ។
បន្ទាប់មក Musk បានបន្តបង្ហោះថា ៖« មនុស្សយន្តរបស់ក្រុមហ៊ុន Tesla នឹងត្រូវបានបង្ហាញនៅថ្ងៃទី ៨ ខែសីហា។ ពេលនោះ តម្លៃភាគហ៊ុនកើនឡើងបន្ទាប់ពីការជួញដូរពីរបីម៉ោងក្រោយ។
ការសម្រេចចិត្តខាងលើធ្វើឡើងនៅពេលដែលក្រុមហ៊ុន Tesla ប្រឈមមុខនឹងការប្រកួតប្រជែងជាសាកលពីក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន ជាមួយនឹងម៉ូដែលរថយន្តជាច្រើនប្រភេទដែលមានតម្លៃចាប់ពីប្រហែល ១០ ០០០ដុល្លារប៉ុណ្ណោះ។ ប្រភពទី១ របស់ Reuters បាននិយាយថា Tesla បានប្រកាសលុបចោលគម្រោងផលិត Model 2 ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលមានការចូលរួមដោយបុគ្គលិកសំខាន់ៗ។
ទន្ទឹមនេះ ប្រភពទី២ អះអាងថា ព្រឹត្តិការណ៍មួយបានកើតឡើងនៅចុងខែកុម្ភៈដោយលោក Elon Musk ប្តេជ្ញាធ្វើអ្វីៗដើម្បីរថយន្តគ្មានមនុស្សបើកបរ ឬបើកបរដោយរ៉ូបូត។ ចំណែកប្រភពទី៣ បានបញ្ជាក់ពីផែនការថ្មីគឺផលិត Model robotaxi ប៉ុន្តែក្នុងបរិមាណតិចជាងចំនួនដែលរំពឹងទុកនៃប្រភេទរថយន្ត Model 2។
សម្ពាធក្នុងការរកប្រាក់ចំណេញពីម៉ូដែលរថយន្តតម្លៃទាប ជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនរថយន្តទូទៅ។ ប៉ុន្តែការពន្យារពេលរបស់ក្រុមហ៊ុន Tesla ក្នុងការដេញតាមរថយន្តដែល Musk ធ្លាប់ហៅថាសុបិនាបានក្លាយជាការលំបាកជាងមុន ដោយសារបច្ចុប្បន្ន Tesla ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យនេះ។
ខណៈក្រុមហ៊ុន Tesla បានចំណាយពេលជាច្រើនឆ្នាំក្នុងការអភិវឌ្ឍរថយន្តប្រភេទ Cybertruck ដែលជារថយន្តភីកអាប់អគ្គិសនីមានតម្លៃថ្លៃ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបាននឹងកំពុងប្រជែងជាមួយរថយន្តរថយន្តអគ្គិសនីតម្លៃទាបដោយចាប់យកចំណែកទីផ្សារ។
ក្នុងឆ្នាំ២០២០ លោក Musk ធ្លាប់បាននិយាយថា Tesla នឹងលក់រថយន្តឲ្យបាន ២០លានគ្រឿងនៅចុងឆ្នាំ២០៣០ ស្មើរនឹងចំនួន២ដងដែលក្រុមហ៊ុនរថយន្តធំបំផុតមួយរបស់ពិភពលោកគឺ Toyota កំពុងធ្វើនាពេលបច្ចុប្បន្ន។ ប្រសិនបើ Model 2 បានបញ្ចប់គម្រោងមែននោះ វាមិនច្បាស់ទេថាលោក Musk សម្រេចបានគោលដៅបានឬយ៉ាងណា?
បច្ចុប្បន្ន រថយន្តបើកបរដោយខ្លួនឯងត្រូវបានចេញអាជ្ញាប័ណ្ណនៅអាម៉េរិក និងចិន ប៉ុន្តែស្ថិតនៅក្នុងកម្រិតបទប្បញ្ញត្តិតឹងរ៉ឹងនោះឡើយ។ Tesla មិនទាន់បញ្ជាក់ថាខ្លួនអាចផលិតរថយន្តដែលបើកបរដោយខ្លួនឯងបានទេ បើទោះជា Musk បាននិយាយអំពីវាជាច្រើនឆ្នាំមកហើយ។ ជាមួយនឹងបច្ចេកវិទ្យាបើកបរដោយខ្លួនឯងដែលបំពាក់លើម៉ូដែលរថយន្តដែលបានលក់នាពេលបច្ចុប្បន្ន Tesla នៅតែមានបញ្ហាដោយសារការប្តឹងផ្តល់ និងការស៊ើបអង្កេតនៅពេលដែលរថយន្តជាច្រើនបានចូលរួមចំណែកក្នុងគ្រោះថ្នាក់៕