ជាតិ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន​ទាំងអស់​គ្នា ឈឺទ្រូង​ផ្នែក​ខាងឆ្វេង អាច​ប្រឈម​ជំងឺ​សរសៃឈាម​បេះដូង
14, Apr 2024 , 6:59 am        
រូបភាព
ជំងឺ​សរសៃឈាម​បេះដូង​កូ​រ៉ូ​នែ កើតឡើង​ពេល​សរសៃឈាម​ធំ​ៗ​ភ្ជាប់​ទៅ​នឹង​បេះដូង​បាន​រក​ការ​ខូចខាត ឬ​មាន​ជំងឺ​។ វត្តមាន​កូ​លេ​ស្តេ​រ៉ូ​ល​ច្រើន​(​បង្ក​ជា​កំណក​) នៅ​ក្នុង​សរសៃឈាម​កូ​រ៉ូ​នែ និង​ការ​រលាក ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​សរសៃឈាម​បេះដូង​កូ​រ៉ូ​នែ​។

 
សរសៃឈាម​បេះដូង​កូ​រ៉ូ​នែ​មាន​តួនាទី​ផ្គត់ផ្គង់​ឈាម អុក​ស៊ី​សែន និង​សារធាតុចិញ្ចឹម​ទៅ​បេះដូង​។ នៅ​ពេល​មាន​ដុំ​កំណក​កើតឡើង អាច​ធ្វើ​ឲ្យ​សរសៃឈាម​ចង្អៀត និង​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​បេះដូង​។ នៅ​ពេល​ដែល​លំហូរ​ឈាម​ទៅ​កាន់​បេះដូង​បាន​កាត់​បន្ថយ អាច​បង្ក​ឲ្យ​មាន​អាកា​រៈ​ឈឺទ្រូង ហត់​ដង្ហក់ ឬ​មាន​ចេញ​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​។ ក្នុង​ករណី​សរសៃឈាម​ត្រូវ​បាន​ស្ទះ​ទាំងស្រុង នោះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​គាំងបេះដូង​កើតឡើង​បាន​។
 
១. រោគ​សញ្ញា
បើសិនជា​សរសៃឈាម​បេះដូង​កូ​រ៉ូ​នែ​រួម​តូច​ចង្អៀត វា​មិន​អាច​នាំ​យក​ឈាម​ផ្ទុក​អុក​ស៊ី​សែន​ទៅ​កាន់​បេះដូង​បាន​គ្រប់គ្រាន់​ទេ ជា​ពិសេស​នៅ​ពេល​បេះដូង​ប្រឹង​ច្របាច់​ខ្លាំង ដូច​ជា​ពេល​យើង​ធ្វើ​លំ​ហាត់ប្រាណ​។ ជាដំបូង​ៗ ការ​ថយ​ចុះ​នៃ​លំហូរ​ឈាម​មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ​។ នៅ​ពេល​ដែល​ដុំ​កំណក​ក្នុង​សរសៃឈាម​ចេះ​តែ​បន្ត​កើនឡើង នោះ​យើង​អាច​នឹង​វិវដ្ដ​ទៅ​ជា​ចេញ​រោគ​សញ្ញា​នៃ​ជំងឺ​សរសៃឈាម​បេះដូង​កូ​រ៉ូ​នែ​។ រោគ​សញ្ញា​មាន​ដូច​ជា​៖
 
ឈឺទ្រូង​៖ យើង​អាច​មាន​អារម្មណ៍​ថា​ថប់​ៗ និង​ណែន​ក្នុង​ទ្រូង ប្រៀប​ដូច​មាន​នរណា​ម្នាក់​កំពុង​ឈរ​នៅ​ក្នុង​ទ្រូង​យើង​ដូច​នោះ​ដែរ​។ ការ​ឈឺទ្រូង​នេះ ច្រើន​កើតឡើង​នៅ​ចំ​កណ្ដាល​ទ្រូង ឬ​ផ្នែក​ខាងឆ្វេង​នៃ​ទ្រូង​។ បញ្ហា​ឈឺទ្រូង​នេះ​ច្រើន​ភ្ញោ​ច​ឲ្យ​កើតឡើង​បាន​ដោយសារ​សកម្មភាព​រាង​កាយ​ខ្លាំង​ៗ ឬ​ការ​ប៉ះពាល់​ផ្នែក​អារម្មណ៍​ណាមួយ​កើត​មាន​។ អាកា​រៈ​ឈឺចាប់​នេះ​អាច​នឹង​បាត់​ទៅ​វិញ​នៅ​ប៉ុន្មាន​នាទី​ក្រោយ​ពី​យើង​បញ្ឈប់​សកម្មភាព​រាង​កាយ​។ អ្នកខ្លះ ពិសេស​ស្ត្រី ការ​ឈឺចាប់​នេះ​អាច​មាន​រយៈពេល​ខ្លី និង​ខ្លាំង ហើយ​អាច​មាន​អារម្មណ៍​ឈឺ​នៅ​ក ខ្នង និង​ដៃ​។
 
ហត់​ដង្ហក់​៖ នៅ​ពេល​បេះដូង​មិន​អាច​បូម​ឈាម​បាន​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​របស់​រាង​កាយ យើង​អាច​នឹង​មាន​បញ្ហា​ហត់​ដង្ហក់ ឬ​អស់កម្លាំង​ខ្លាំង​។
 
គាំងបេះដូង​៖ នៅ​ពេល​សរសៃឈាម​បេះដូង​កូ​រ៉ូ​នែ​ត្រូវ​ស្ទះ​ទាំងស្រុង នោះ​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​គាំងបេះដូង​កើតឡើង​បាន​។ រោគ​សញ្ញា និង​សញ្ញា​ជា​ទូទៅ​នៃ​បញ្ហា​គាំងបេះដូង រួម​មាន​សម្ពាធ​បុក​នៅ​នឹង​ទ្រូង និង​ឈឺចាប់​ស្មា ឬ​ដៃ និង​មាន​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​ហត់​ដង្ហក់ និង​បែកញើស​។
 
សម្រាប់​មនុស្ស​ស្រី ហាក់​មិនសូវ​មាន​រោគ​សញ្ញា​គួរ​ឲ្យ​កត់សម្គាល់​ដូច​បុរស​ទេ​។ ពេល​ខ្លះ​រោគ​សញ្ញា​គាំងបេះដូង​លើ​ស្ត្រី​មាន​ដូច​ជា​ឈឺ​ក ឬ​ថ្គាម និង​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​ដូច​ជា​ហត់​ដង្ហក់ អស់កម្លាំង ឬ​ចង្អោរ​។
 
ពេល​ខ្លះ​ទៀត បញ្ហា​គាំងបេះដូង អាច​កើតឡើង​ដោយ​មិន​មាន​សញ្ញា ឬ​រោគ​សញ្ញា​អ្វី​នោះ​ទេ​។
 
២. ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?
បើសិនជា​គិត​ថា​យើង​មាន​បញ្ហា​គាំងបេះដូង ត្រូវ​ស្វែងរក​ការ​សង្គ្រោះ​ភ្លាម​ៗ និង​មិន​គួរ​បើកបរ​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​ទេ លើកលែងតែ​គ្មាន​ជម្រើស​។
បើសិនជា​យើង​មាន​កត្តា​ប្រឈម​កើត​ជំងឺ​សរសៃឈាម​បេះដូង​កូ​រ៉ូ​នែ ដូច​ជា​សម្ពាធ​ឈាម​ខ្ពស់ កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់ ជា​អ្នក់​ជក់បារី មាន​ជំងឺ​ទឹកនោមផ្អែម ធាត់​ខ្លាំង និង​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បេះដូង គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​នឹង​ធ្វើតេស្ត​រក​ជំងឺ​សរសៃឈាម​បេះដូង​កូ​រ៉ូ​នែ ជា​ពិសេស​បើសិនជា​មាន​រោគ​សញ្ញា ឬ​សញ្ញា​សរសៃឈាម​ចង្អៀត ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com