ជាតិ
វីដេអូ
អាជ្ញាធរស្នើឱ្យពលរដ្ឋចតយានជំនិះ ឱ្យមានសណ្ដាប់ធ្នាប់ បញ្ចៀសការកកស្ទះនៅបរិវេណអង្គរ
12, Apr 2024 , 2:13 pm        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ស្នើឱ្យពលរដ្ឋចូលចតយានជំនិះគ្រប់ប្រភេទក្នុងចំណតដែលបានកំណត់នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដើម្បីបញ្ជៀសការកកស្ទះ ក៏ដូចជារក្សាសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរក្នុងថ្ងៃចូលឆ្នាំខ្មែរ។

 

លោក ណន តូនី ប្រធានក្រុមសណ្ដាប់ធ្នាប់ ដែលគ្រប់គ្រងក្នុងរមណីដ្ឋានអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារសណ្តាប់ធ្នាប់ បានរៀបចំដាក់កម្លាំងទៅតាមគោលដៅសំខាន់ៗនៅចំណតធំ ខាងមុខប្រាសាទអង្គរវត្ត។ លោកពន្យល់ថា ការដាក់កម្លាំងនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលជិះយានជំនិះមកទស្សនាប្រាសាទនានាកុំឱ្យកកស្ទះ នាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ។
 
លោក តូនី បន្តថា នៅប្រាសាទអង្គរវត្តចំណតធំមានតែមួយប៉ុណ្ណោះ គឺនៅចំពីមុខបរិវេណប្រាសាទតែម្ដង។ ប៉ុន្តែ បើក្នុងករណីចំណតទីនេះពេញ ពលរដ្ឋក៏អាចយកយានជំនិះ ទៅចតនៅចំណតភ្នំបាខែងបានដែរ ។ 



ក្នុងនាមជាប្រធានក្រុមសណ្ដាប់ធ្នាប់លោក តូនី ទទូចស្នើសុំឱ្យប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត ឬក៏ប្រាសាទផ្សេងៗទៀត នៅក្នុងទឹកដីសៀមរាប សូមចតយានយន្តនៅក្នុងចំណតដែលបានកំណត់។ ពាក់ព័ន្ធនឹងពលរដ្ឋដែលរកស៊ីដឹកភ្ញៀវទេសចរវិញ សូមទម្លាក់ភ្ញៀវរួចហើយ ជួយយកយានជំនិះទាំងឡាយមកចតនៅក្នុងចំណតឱ្យបានត្រឹមត្រូវ ចៀសវាងចតតាមចិញ្ចើមផ្លូវ បង្កឱ្យស្ទះនិងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ 
 
លោក តូនី បញ្ជាក់បន្ថែមថា ចំណតនៅខាងមុខបរិវេណប្រាសាទអង្គរវត្តនេះ ជាចំណត់សាធារណៈ ពុំមានយកសេវានោះទេ។ រីឯទីតាំងដែលនៅខាងក្រៅចំណតសាធារណៈនេះ ជាចំណតដែលពលរដ្ឋ រៀបចំតាមមុខផ្ទះឬវាលស្រែ ដើម្បីឱ្យឡានឬម៉ូតូចូលចត ហើយយកសេវាដោយខ្លួនឯង ។ ការណ៍នេះ មិនពាក់ព័ន្ធជាមួយនឹងអាជ្ញាធរជាតិអប្សរានោះទេ៕










© រក្សាសិទ្ធិដោយ thmeythmey.com