ជាតិ
លោក រ៉ាអ៊ូល ម៉ាក ជេណា៖ អង្គការ​លើកលែងទោសអន្តរជាតិ​ ផ្សាយព័ត៌មាន​មិន​ពិត​ពី​រមណីយដ្ឋានអង្គរ
12, Apr 2024 , 3:29 pm        
រូបភាព
ភ្នំពេញ៖ លោក រ៉ាអ៊ូល ម៉ាក ជេណា ដែលជាអ្នកស្រាវជ្រាវ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ​មិនគាំទ្រចំពោះលក្ខណៈវិនិច្ឆ័យ ទាក់ទងនឹងលិទ្ធិប្រជាធិបតេយ្យ ​និងសិទ្ធិមនុស្ស ដែលត្រូវបានប្រើ ដោយរដ្ឋ និងស្ថាប័នអន្តរជាតិឡើយ។ បើតាមលោក រ៉ាអ៊ូល តាំងពីឆ្នាំ១៩៧៩មក ប្រទេសកម្ពុជា ក្លាយជាជនរងគ្រោះ នៃនយោបាយស្ដង់ដាទ្វេ ឬហៅថាស្ដង់ដា២ របស់ស្ថាប័នអន្តរជាតិទាំងនោះ។



លោក រ៉ាអ៊ូល ម៉ាក ជេណា ដែលជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងព័ត៌មានផងនោះ បានលើកឡើងថា ក្នុងអំឡុងពេល៤៥ឆ្នាំកន្លងទៅ គោលនយោបាយរបស់រដ្ឋាភិបាល និងអង្គការអន្តរជាតិមួយចំនួន តែងតែអនុវត្តគោលនយោបាយស្ដង់ដា២ មកលើប្រទេសកម្ពុជា។
 
បុរសដែលទទួលបានសញ្ជាតិខ្មែររូបនេះ បានកត់សម្គាល់ឃើញថា រដ្ឋាភិបាលនិងអង្គការបរទេសខ្លះ ព្យាយាមថ្កោលទោស ប្រទេសកម្ពុជា ប៉ុន្តែពួកគេបែរជាបិទភ្នែក ធ្វើមើលមិនឃើញ ពីអ្វីដែលកើតមាននៅលើប្រទេសដទៃផ្សេងទៀត។ ​
  
លោក រ៉ាអ៊ូល ម៉ាក ជេណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ 

«យើងមិនអាចគាំទ្រការដាក់ទណ្ឌកម្ម ដែលបំពានគោលការជាសកលបានទេ។ ការដាក់ទណ្ឌកម្មមកលើប្រទេសមួយ ប៉ុន្តែបែរជាមិនដាក់ដូចគ្នា ទៅលើប្រទេសផ្សេង»។ នេះជាការបញ្ជាក់របស់លោក រ៉ាអ៊ូល ។
 
​​​អ្វីដែលលោក រ៉ាអ៊ូល ម៉ាក ជេណា ចង់សំដៅគឺអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលបានរិះគន់រដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០២៣ ចំពោះការរៀបចំទីលំនៅថ្មី សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់អង្គរ ដោយអង្គការនេះ បានលើកឡើងថា វាគឺជាការបណ្ដេញចេញដោយបង្ខំ។ សម្រាប់លោក រ៉ាអ៊ូល អង្គការលើកលែងទោសអន្តរជាតិ បានចេញផ្សាយរបាយការណ៍មិនពិត។
 
លោក រ៉ាអ៊ូល ថា Amnesty International គឺជាអង្គការ ដែលការពារសិទ្ធិមនុស្ស ទៅតាមកាលៈទេសៈ  ពុំមានអព្យាក្រិត ដូច្នេះពុំសមទទួលបានការសរសើរណាមួយឡើយ។ អ្នកស្រាវជ្រាវរូបនេះ ក៏លើកឡើងថា ​អង្គការលើកលែងទោសអន្តរជាតិ បានបង្ហាញ​ភាពលម្អៀងរបស់ខ្លួន ដោយរិះគន់លើរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ចំពោះវិបត្តិកូវិដ-១៩ ខណៈដែលអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន ជាពិសេសអង្គការសុខភាពពិភពលោក បានគូសបញ្ជាក់អំពី ភាពជាគំរូនៃការគ្រប់គ្រងរបស់ប្រទេសកម្ពុជា ចំពោះជំងឺរាតត្បាតនេះ។ ប៉ុន្តែ​អង្គការលើកលែងទោសអន្តរជាតិមួយនេះ បែជារក្សាភាពស្ងាត់ស្ងៀមទៅវិញ នៅពេលដែលប្រទេសនានា ដែលដៃគូយ៉ាងស្អិតល្មួតជាមួយខ្លួន ត្រូវបានគេរាយការណ៍ថា ការពារឬ គ្រប់គ្រងវិបត្តិសុខភាពកូវីដ -១៩ មិនបានល្អ ។

ទីតាំងភូមិធម្មជាតិរុនតាឯក (រូបផ្ដល់ឱ្យ)
 
ផ្ដោតលើការរៀបចំលំនៅដ្ឋានឡើងវិញ សម្រាប់ពលរដ្ឋ​ដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ លោក រ៉ាអ៊ូល ម៉ាក ជេណា ថាអង្គការលើកលែងទោសអន្តរជាតិ បានសរសេរចោទប្រកាន់ទាំងបំពាន លើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រើពាក្យ “ការបណ្ដេញចេញដោយបង្ខំ” ដែលមានលក្ខណៈជាទ្រង់ទ្រាយធំ និងដោយកាត់ផ្ដាច់សិទ្ធិប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរជាច្រើនជំនាន់យ៉ាងព្រៃផ្សៃ។
 
លោក រ៉ាអ៊ូល បន្ថែម៖«ក្នុងប្រទេសមួយ ដែលទើបនឹងបានឆ្លងផុត សម័យសង្គ្រាមប្រល័យពូជសាសន៍ មិនទាន់បាន៥០ឆ្នាំស្រួលបួលផង ការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិ ពោរពេញដោយភាពមិនស្មោះត្រង់ និងមានចេតនា ប្រៀបប្រដូចរាជរដ្ឋាភិបាលកម្ពុជា ទៅនឹងរបបប៉ុលពត ដែលបានជម្លៀសប្រជាជនដោយបង្ខំ និងឃោរឃៅបំផុត។ នេះជាចេតនានយោបាយ របស់អង្គការនេះ»។ 
  
 ទីតាំងភូមិធម្មជាតិរុនតាឯក (រូបផ្ដល់ឱ្យ)

បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ បន្ថែមទៀតថា អង្គការខាងលើ មិនអើពើនឹងលក្ខខណ្ឌតម្រូវ របស់អង្គការយូណេស្ដូ ដែលទាមទារឱ្យអនុវត្តវិធានការនានា នៅពេលដែលទីតាំងមួយ មានលក្ខណៈប្រសើរដូចជាឧទ្យានអង្គរ ត្រូវបានដាក់បញ្ចូលទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក របស់មនុស្សជាតិ​។ លោក រ៉ាអ៊ូល បានយោងសេចក្ដីណែនាំ របស់អង្គការយូណេស្កូ ពីការចុះបញ្ជីតំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងរួមបញ្ចូលនូវតម្រូវការ សម្រាប់ផ្លូវច្បាប់មួយចំនួន ហើយក៏តម្រូវឱ្យមានការបង្កើតទីភ្នាក់ងារឯកទេស និងការបង្កើតនូវព្រំប្រទល់១ច្បាស់លាស់ ដែលកំណត់នូវបរិវេណរមណីយដ្ឋានអង្គរ ហើយនឹងកម្រិតពីការការពារ នៅក្នុងតំបន់នីមួយៗផងដែរ។
 
លោកថាក្នុងព្រះរាជក្រឹត្រ ដែលចុះនៅក្នុងឆ្នាំ១៩៩៤ បានបែងចែកនូវរមណីយដ្ឋានអង្គរ ជា៥តំបន់ផ្សេងគ្នា ដែលក្នុងនោះតំបន់១និងតំបន់២ គ្របដណ្ដប់លើផ្ទៃដីជាង ៤០០ហិកតា។ ហើយតំបន់អភិរក្សអង្គរ ដែលស្ថិតនៅក្រោមបទបញ្ញត្តិនានា គឺស្ថិតក្នុងតំបន់១និងតំបន់២នេះឯង។
 
អ្នកស្រុកនៅក្នុងតំបន់ទាំង២នេះ គឺគាត់អាចរស់នៅធម្មតា ប៉ុន្តែពួកគាត់មិនអាចបង្កើនចំនួនផ្ទះបានឡើយ។ ក្នុងឆ្នាំ១៩៩៤ នៅពេលនោះ ប្រទេសកម្ពុជា ពុំទាន់មានសុខសន្តិភាព ពេញលេញនៅឡើយទេ ហើយកងទ័ពខ្មែរក្រហម ក៏កំពុងធ្វើប្រតិបត្តិការក្នុងតំបន់ក្បែរនោះផងដែរ។

ទីតាំងផ្ទះរបស់អ្នកភូមិ ក្នុងតំបន់អង្គរ (រូបផ្ដល់ឱ្យ)

«យើងត្រូវរង់ចាំរហូតដល់ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញបរិបូណ៍ នៅចុងឆ្នាំ១៩៩៨ មុនពេលយើងអាចអនុវត្តពេញលេញ នូវព្រះរាជក្រឹត្រ ដែលលើកឡើងអំពីតំបន់​​អភិរក្សអង្គរ ក្នុងឆ្នាំ១៩៩៤។ ទន្ទឹមនោះ មានមនុស្ស ជាង៣ម៉ឺននាក់បន្ថែមទៀត បានចូលមករស់នៅក្នុងភូមិទាំង១១២ ក្នុងតំបន់អង្គរនេះ»។ នេះជាការអះអាងប​ន្ថែម នៃលោក រ៉ាអ៊ូល។
 
យ៉ាងណាក៏ដោយ លោក រ៉ាអ៊ូល បានបង្ហាញភស្ដុតាងថា នៅពេលនោះ អង្គការយូណេស្កូ បានចាប់ផ្ដើម បន្លឺនូវសញ្ញាអាសន្នមួយ ដល់រដ្ឋាភិបាលកម្ពុជា ។ យូណេស្កូ បានស្នើឱ្យរដ្ឋាភិបាល ការធានាឱ្យបាន នូវតុល្យភាព រវាងការការពារសម្បត្តិបេតិកភណ្ឌ និងការគ្រប់គ្រងការអភិវឌ្ឍបេតិកភណ្ឌមនុស្សជាតិ។ បើមិនដូច្នេះតំបន់រមណីយដ្ឋាន នឹងត្រូវដកចេញពីបញ្ជីយូណេស្កូវិញ។ 
 
ដោយសារសញ្ញាព្រមាននេះ ទើបធ្វើឱ្យរដ្ឋាភិបាលកម្ពុជា មានការព្រួយបារម្ភជាខ្លាំង។ ក្នុងឆ្នាំ២០០៤ រដ្ឋាភិបាល បានធ្វើជំរឿនមួយ ដែលកំណត់អត្តសញ្ញាណ អ្នកភូមិក្នុងតំបន់១ និងតំបន់២ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ សម្រាប់គ្រួសារ ដែលផ្ដល់កំណើតដល់មនុស្សជំនាន់ថ្មី ត្រូវបានផ្ដល់លទ្ធភាពឱ្យពួកគេ ទៅរស់នៅក្នុងទីតាំងថ្មី គឺតំបន់រុនតាឯក ដែលមានផ្ទៃដី៥០០ហិកតា ដែលបម្រុងទុក ដើម្បីបង្កើតជាភូមិធម្មជាតិមួយ។ ភូមិនេះចាប់ផ្ដើមអភិវឌ្ឍ នៅឆ្នាំ២០១០។ 
 
លោក រ៉ាអ៊ូល បន្តថា រដ្ឋាភិបាល ចាប់ផ្ដើមយកឆ្នាំ២០០៤ ជាឆ្នាំគោល គឺមានន័យថា អ្នកដែលបានចុះឈ្មោះក្នុងតំបន់រមណីយដ្ឋានអង្គរ មុនឆ្នាំ២០០៤ គឺអាចបន្តរស់នៅ តែមិនមានសិទ្ធិអនុវត្តការសាងសង់លំនៅដ្ឋានថ្មី លើកលែងតែការជំនួសសំណង់ដែលមានស្រាប់។

 អគាររដ្ឋ ក្នុងទីតាំងភូមិធម្មជាតិរុនតាឯក (រូបផ្ដល់ឱ្យ)

លោក រ៉ាអ៊ូល បន្ថែមទៀតថា ចំពោះអ្នកដទៃទៀត ដែលមិនបានចុះឈ្មោះ ត្រូវបានចាត់ទុកថា ជាអ្នកដែលបានរស់នៅពុំស្របច្បាប់ ហើយនេះជាអ្វីដែលអង្គការយូណេស្កូ បានចាត់ថ្នាក់ពួកគាត់។ អ្នកស្រាវជ្រាវរូបនេះ បានសង្កត់ធ្ងន់ថា ចំណុចនេះ វាជារឿងរ៉ាវពិតមួយ ដែលអង្គការលើកលែងទោសអន្តរជាតិ បានដឹងឮហើយ តែពុំបានលើកឡើងមកនិយាយទាល់តែសោះ។
 
យ៉ាងណាក៏ដោយ បុរសដែលបានបញ្ចប់ការសិក្សា ផ្នែកសារព័ត៌មានរូបនេះ បានបន្ថែមថា អាជ្ញាធរជាតិអប្សរា បានអនុវត្តការងារសំខាន់ៗរបស់ខ្លួន ដើម្បីកំណត់តំបន់ និងជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទាំងនោះ។ បើតាមលោក រ៉ាអ៊ូល  ការងារដ៏សំខាន់នេះ ត្រូវបានអង្គការលើកលែងទោសអន្តរជាតិ មិនអើពើទាល់តែសោះ។ 
 
លោក បានគូសបញ្ជាក់ថា Amnesty International ក៏មិនអើពើ ចំពោះអ្នកដែលរស់នៅ មិនស្របច្បាប់មួយចំនួន ដែលបដិសេធសហការ ជាមួយអាជ្ញាធរ ក្នុងការគ្រប់គ្រងទីតាំងតំបន់រមណីយដ្ឋានអង្គរនេះ​។ លោក រ៉ាអ៊ូល អះអាងថា ផ្លាកសញ្ញាដែលបង្ហាញពីព្រំប្រទល់ នៃតំបន់នានា ត្រូវបានអ្នករស់នៅខុសច្បាប់បំផ្លាញចោល ហើយសំណង់ខុសច្បាប់ ត្រូវបានគេសាងសង់ឡើង ក្នុងរយៈពេលតែ១យប់។ លោកបន្ថែមទៀតថា អ្នកកាន់កាប់ដីដោយខុសច្បាប់ នៅតំបន់ការពារ អាចធ្វើសកម្មភាពប៉ះពាល់ ដល់លក្ខណៈពិសេស នៃតំបន់អង្គរ។
 
«គ្មានពាក្យណាមួយ ដែលត្រូវបានលើកឡើង អំពីចំណុចទាំងអស់នេះ នៅក្នុងរបាយការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ អំពីសកម្មភាពខុសច្បាប់ ទាំងនេះទាល់តែសោះ។ អ្វីដែលអង្គការមួយនេះព្រងើយកន្តើយមួយទៀតនោះគឺ ពួកគាត់ធ្វើពុតជាមិនអើពើ ទៅលើសម្ពាធដែលមានឥតឈប់ឈរ ពីអង្គការយូណេស្កូ មកលើរាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំ ហើយអាជ្ញាធរ ត្រូវតែបញ្ចប់ការចូលកាន់កាប់ខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ»។ នេះជាការត្អូញត្អែររបស់ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងព័ត៌មាន។
 
យ៉ាងណាក៏ដោយ ទីប្រឹក្សារដ្ឋមន្រ្តីព័ត៌មានរូបនេះ បានបន្ថែមថា គណៈកម្មការបេតិកភណ្ឌពិភពលោក បានកត់សម្ភាល់នូវសមិទ្ធផល ដែលបានសម្រេចដោយកម្ពុជា ក្នុងការគ្រប់គ្រងសកម្មភាពខុសច្បាប់ មកលើទ្រព្យសម្បត្តិរដ្ឋ ។ គណៈកម្មការមួយនេះ ក៏បានស្នើឱ្យកម្ពុជា បន្តការខិតខំប្រឹងប្រែងបន្ថែមទៀត។

 វត្តក្នុងទីតាំងភូមិធម្មជាតិរុនតាឯក (រូបផ្ដល់ឱ្យ)

លោកអះអាង៖«គណៈកម្មការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ ក៏បានអបអរសាទរ អាជ្ញាធរជាតិអប្សរា ដែលបានអនុវត្តកម្មវិធី រុះរើសំណង់ខុសច្បាប់ថ្មីៗដែរ។ ហើយក៏បានណែនាំឱ្យ អាជ្ញាធរជាតិអប្សរា ពិចារណាលើការអនុវត្តិកម្មវិធីរុះរើ សំណង់ចាស់ៗ ដែលបានសាងសង់ខុសច្បាប់ នៅក្នុងតំបន់រសើបដែរ»។
 
អតីតអ្នកពិគ្រោះយោបល់ ឱ្យអង្គការសហប្រជាជាតិ រូបនេះ ថា វាចាំបាច់ក្នុងការលើកឡើងចំណុចខាងលើ  ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិត របស់អង្គការលើកលែងទោសអន្តរជាតិ។ លោកថា Amnesty International ពឹងផ្អែកតែលើសក្ខីកម្មមនុស្ស១០០នាក់ ស្មើនឹង០.២៥ភាគរយ នៃអ្នកផ្លាស់ប្ដូរទីលំនៅទាំងអស់។ 
 
អតីតអ្នកពិគ្រោះយោបល់ ឱ្យអង្គការយូណេស្កូរូបនេះ ថារមណីយដ្ឋានអង្គរ ពុំមែនជាទិសដៅទេសចរណ៍ម្ហូបអាហារឡើយ ហើយប្រាង្គប្រាសាទក៏មិនមែនជាកន្លែង​ សម្រាប់ការទទួលទានអាហារ និងគ្រឿងស្រវឹង ឬកន្លែងដើរទិញអីវ៉ាន់នោះទេ។ 
 
ងាកទៅការចោទប្រកាន់លើរដ្ឋាភិបាលថា បានបណ្ដេញពលរដ្ឋដោយបង្ខំវិញ លោក រ៉ាអ៊ូល អះអាងថា អង្គការលើកលែងទោសអន្តរជាតិ គឺផ្អែកតែទៅលើសក្ខីកម្ម របស់ពលរដ្ឋដែលតាំងទីលំនៅ ពុំស្របច្បាប់នៅទីនោះតែប៉ុណ្ណោះ។ ការពិតសកម្មភាពរស់នៅខុសច្បាប់ របស់ពួកគាត់ ត្រូវបានអាជ្ញាធរ ជូនដំណឹងរួចមកហើយ។ 
 
បើតាមលោក រ៉ាអ៊ូល អាជ្ញាធរបានចុះទៅជួបប្រជាពលរដ្ឋ ដែលបន្តរស់នៅដោយខុសច្បាប់ នៅទីនោះជាច្រើនលើកច្រើនសារ ដើម្បីជូនដំណឹង និងរំលឹកអំពីស្ថានភាពខុសច្បាប់ របស់ពួកគាត់។ លោក រ៉ាអ៊ូល ថា ចំណុចនេះ ពុំអាចប្រៀបធៀបថា វាជាការគំរាមកំហែងនោះទេ។ 

សាលាក្នុងទីតាំងភូមិធម្មជាតិរុនតាឯក (រូបផ្ដល់ឱ្យ)

«តាមការពិតទៅអាជ្ញាធរ បានលើកឡើងអំពីអត្ថប្រយោជន៍ នៃការផ្លាស់ប្ដូរលំនៅដ្ឋាន ហើយប្រៀបធៀបនឹងស្ថានភាពបច្ចុប្បន្ន របស់ពួកគាត់។ ភាគច្រើនគឺជាការលើកទឹកចិត្ត ពុំមែនជាការគំរាមកំហែងអ្វីឡើយ​។ ចាប់ពីឆ្នាំ២០១០ ភូមិធម្មជាតិរុនតាឯក ប្រជាពលរដ្ឋបានផ្លាស់ប្ដូរទីលំនៅទៅទីនោះ ដោយពួកគាត់សព្វថ្ងៃ បានក្លាយជាម្ចាស់កម្មសិទ្ធិ ទៅលើដីទាំងនោះហើយ»។ លោក រ៉ាអ៊ូល អះអាង។
 
អង្គការ Amnesty International បានចោទប្រកាន់ថា អ្នកទៅរស់នៅតំបន់រុនតាឯក បានសង់ផ្ទះឡើងវិញដោយខ្លួនឯង ស្ថិតនៅក្រោមអាកាសធាតុមិនល្អ។ ឆ្លើយតបចំណុចនេះ លោក រ៉ាអ៊ូល បានអះអាងថា អាជ្ញាធរបានផ្ដល់ទីតាំងថ្មី ដី ប្រាក់ និងសម្ភារមូលដ្ឋាន សម្រាប់សាងសង់លំនៅដ្ឋានមួយចំនួន ដល់ពលរដ្ឋតាំងលំនៅដ្ឋានថ្មីទាំងនោះ។ លោកថា នេះពុំមែនជាការបណ្ដេញចេញទាល់តែសោះ វាគឺជាការផ្លាស់ប្ដូរលំនៅដ្ឋាន។ 
 
អតីតអ្នកពិគ្រោះយោបល់ឱ្យ សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជារូបនេះ ថា ជាង៣០ឆ្នាំ នៃការកំណត់តំបន់ការពារ ដែលត្រូវបានបង្កើតឡើង មានការជូនដំណឹង​ជាបន្តបន្ទាប់ ។ លោកស្រង់ខ្លឹមសារដូច្នេះ ៖«អ្នកដែលចូលដល់ទីតាំង មុនឆ្នាំ២០០៤ គឺជាអ្នករស់នៅស្របច្បាប់។ ដោយឡែក អ្នកដែលមកដល់ក្រោយពេលនោះ គឺជាអ្នករស់នៅខុសច្បាប់»។

មណ្ឌលសុខភាព នៅទីតាំងភូមិធម្មជាតិរុនតាឯក (រូបផ្ដល់ឱ្យ)

ដោយមិនអស់ចិត្តលោក រ៉ាអ៊ូល នៅតែពោលពាក្យថា អង្គការលើកលែងទោសអន្តរជាតិ បានកុហកចំពោះចំណុចខាងលើ។ អ្វីដែលធ្វើឱ្យលោក រ៉ាអ៊ូល ម៉ាក ជេណា មិនអស់ចិត្ត គឺមានករណីជាញឹកញយ ដែលអង្គការមួយនេះ តែងតែដកស្រង់សម្ដីសាក្សី ដោយពុំមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ​។
 
របាយការណ៍ Amnesty International បានលើកឡើងថា ការផ្ដល់លំនៅឋានឡើងវិញ នឹងត្រូវធ្វើឡើងដើម្បីផ្លាស់ទីប្រជាពលរដ្ឋ ទៅកន្លែងដែលខ្វះសេវាចាំបាច់សំខាន់ៗ។ លោករ៉ាអ៊ូល សង្កេតឃើញ ការលើកឡើងបែបចោទប្រកាន់អវិជ្ជមាននេះ គឺ Amnesty International មិនបានលើកឡើងពីបរិក្ខា ដែលត្រូវបានគិតគូរ ពិចារណា ដោយសម្ដេចហ៊ុនសែននោះទេ។ 
 
លោកបន្ថែមទៀតថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ថា «ប្រសិនតំបន់ថ្មីដែលត្រូវបានកំណត់ មិនទាន់ត្រូវបានបញ្ចប់ ហើយប្រសិនពួកគាត់មិនទាន់មានការដឹកជញ្ជូនណាមួយនៅឡើយ ពួកគាត់អាចបន្តរស់នៅកន្លែងចាស់សិន»។ 
 
​​ចំណុចមួយទៀត Amnesty International មិនអើពើនឹងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន មុនការបោះពុម្ពផ្សាយរបាយការណ៍របស់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នោះទេ ។ លោក រ៉ាអ៊ូល អះអាងថា នៅដើមខែសីហា ឆ្នាំ២០២៣ ខ្សែផ្លូវប្រវែង១៦៥គីឡូម៉ែត្រ ត្រូវបានបញ្ចប់ ហើយត្រៀមចាក់បេតុង ក្រាលកៅស៊ូ។ ចំណែកមន្ទីរពេទ្យ រួមទាំងសម្ភព និងសាលារៀន(បឋមសិក្សា វិទ្យាល័យ រួមទាំងបណ្ណាល័យ) មួយចំនួនផង បានបញ្ចប់ជាស្ថាពរ។

សាលាក្នុងទីតាំងភូមិធម្មជាតិរុនតាឯក (រូបផ្ដល់ឱ្យ)

បច្ចុប្បន្នសាលាបឋមសិក្សាមួយចំនួន កំពុងតែដំណើរការ ហើយបណ្ដាញចែកចាយទឹកស្អាត អគ្គិសនីក៏មាន ដោយ២៨ភាគរយនៃប្រជាជន បានតភ្ជាប់ទឹកស្អាតប្រើប្រាស់។ ប្រជាជន៩៧ភាគរយ ទទួលបានអគ្គិសនីប្រើប្រាស់។ ការសាងសង់មជ្ឈមណ្ឌលរដ្ឋបាល សម្រេចបាន៧០ភាគរយនៅពេលបច្ចុប្បន្ន ហើយការសាងសង់វត្តអារាម ក៏សម្រេចបាន៨៧ភាគរយផងដែរ។ 
 
វិលទៅ”ការរៀបចំលំនៅដ្ឋានឡើងវិញ សម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ” វិញ។ លោក រ៉ាអ៊ូល ម៉ាក ជេណា ថាឯកសារផ្លូវការទាំងអស់ បានបង្ហាញថា អង្គការយូណេស្កូ នៅតែព្រួយបារម្ភ អំពីការការពារនៅក្នុងតំបន់១និងតំបន់២។ លោកថា យូណេស្កូ តែងតែលើកទឹកចិត្ត ឱ្យអាជ្ញាធរជាតិអប្សរា បញ្ឈប់នូវសកម្មភាពពលរដ្ឋ ដែលតាំងទីលំនៅដ្ឋានខុសច្បាប់ នៅក្នុងតំបន់អង្គរនេះ។
 
​ជាងនេះទៅទៀត អង្គការយូណេស្កូ ក៏បានលើកឡើងថា តម្លៃវិសេសវិសាល នៃតំបន់រមណីយដ្ឋានអង្គរ គឺកំពុងស្ថិតនៅក្នុងហានិភ័យ។

 ទីតាំងភូមិក្នុងតំបន់អង្គរ

គណៈកម្មការបេតិកភណ្ឌពិភពលោក បានកត់សម្ភាលឃើញថា ប្រទេសកម្ពុជា បានកំពុងធ្វើសកម្មភាពពង្រឹងបទបញ្ញត្តិ កំណត់តំបន់ និងបានផ្លាស់ប្ដូរទីលំនៅ ស្របតាមការចង់បានរបស់យូណេស្កូ។ 
 
ក្នុងន័យនេះ ​លោក រ៉ាអ៊ូល បានចោទប្រកាន់របាយការណ៍អង្គការលើកលែងទោសអន្តរជាតិវិញថា អង្គការនេះ និយាយកុហកម្ដងហើយម្ដងទៀត។ លោកថា របាយការណ៍ Amnesty International បានជ្រើសរើសដោយចេតនា នូវរូបភាពមួយចំនួន ដែលមិនតំណាងអំពីការពិត នៃស្ថានភាពជាក់ស្ដែង ក្នុងតំបន់រុនតាឯក។ លោកថា Amnesty International មិនសមជាអង្គការ ដែលទទួលបានការជឿទុកចិត្ត ពីសាធារណជននោះឡើយ៕

តំបន់រមណីយដ្ឋានអង្គរ

តំបន់រមណីយដ្ឋានអង្គរ

Tag:
 អង្គរ
  ការផ្លាស់ទីលំនៅ
  ប្រជាជន
  ប្រាសាទ
  ការផ្លាស់ប្ដូរទីលំនៅ នៅតំបន់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com