អន្តរជាតិ
ចិន​ថា អាមេរិក​និង​ជប៉ុន «បង្ខូច​កេរ្តិ៍ឈ្មោះ» ខ្លួន
12, Apr 2024 , 6:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីអាមេរិក លោក Joe Biden លើដៃពីយ៉រ Truman ក្នុងអំឡុងពេលពិធីមកដល់ជាផ្លូវការនៅសេតវិមាន ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីអាមេរិក លោក Joe Biden លើដៃពីយ៉រ Truman ក្នុងអំឡុងពេលពិធីមកដល់ជាផ្លូវការនៅសេតវិមាន ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
ដោយ: VOA
ប្រទេស​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​១១ មេសា​ បាននិយាយ​ថា សហរដ្ឋ​អាមេរិក​និង​ជប៉ុន​បាន «បង្ខូច​កេរ្តិ៍ឈ្មោះ» ខ្លួន​នៅក្នុង​ជំនួប​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​រវាង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ដែល​នៅ​ក្នុង​ជំនួប​នោះ លោក​ទាំងពីរ​បាន​បង្ហាញ​នូវ​ផែនការ​វិសិដ្ឋកម្ម​ទំនាក់ទំនង​ការពារជាតិ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ទាំងពីរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។



លោក Biden និង​លោក Kishida បាន​លាត​ត្រដាង​ផែនការ​នេះ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​បញ្ជាការដ្ឋាន​កងទ័ព​អាមេរិក​នៅ​ជប៉ុន​ឡើងវិញ។ នេះ​គឺជា​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​បំផុត​តាំងពី​ទសវត្សរ៍ ១៩៦០ មក។
 
ផែនការ​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​កងកម្លាំង​អាមេរិក​និង​ជប៉ុន​អាច​ធ្វើ​ប្រតិបត្តិការ​រហ័ស​ជាងមុន​ក្នុង​គ្រា​ដែល​មាន​ការ​គំរាមកំហែង​ដូចជា​ការ​ឈ្លានពាន​របស់​ចិន​លើ​តៃវ៉ាន់​ជាដើម។
 
លោក Biden បាន​លើកឡើង​ថា ការ​ធ្វើ​វិសិដ្ឋកម្ម​យោធា​នៅ​ក្បែរ​ប្រទេស​ចិន​នេះ​មាន​លក្ខណៈ «ការពារ​ខ្លួន​សុទ្ធសាធ» ប៉ុន្តែ​លោក​ក៏​មិន​បាន​លាក់បាំង​អំពី​បំណង​របស់​លោក​ក្នុង​ការ​បង្កើត​សម្ព័ន្ធភាព​ដើម្បី​ទប់ទល់​នឹង​ចិន​ដែរ។
 
នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ទស្សនកិច្ច​របស់​លោក Kishida និង​ការ​ធ្វើ​វិសិដ្ឋកម្ម​ទំនាក់ទំនង​យោធា​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​និង​ជប៉ុន «បាន​បង្ខូច​កេរ្តិ៍ឈ្មោះ» ចិន​ទាក់ទិន​នឹង​បញ្ហា​តៃវ៉ាន់​និង​ដែន​សមុទ្រ ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ទាំង​កំរោល និង​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិធាន​មូលដ្ឋាន​ដែល​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ»។
 
អ្នកស្រី Mao Ning ថា ចិន «ខកចិត្ត​យ៉ាងខ្លាំង​និង​ជំទាស់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រឿង​នេះ ហើយ​បាន​បង្ហាញ​ការ​ប្រឆាំង​របស់​ខ្លួន​តាម​ផ្លូវទូត​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួចហើយ»។
 
អ្នកស្រី​បាន​បន្ថែម​ថា៖ «ទំនាក់ទំនង​រវាង​អាមេរិក​និង​ជប៉ុន​មិន​គួរ​ដៅលើ​ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ប្រទេស​ដទៃ​ឡើយ ហើយ​ក៏​មិន​គួរ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ដែរ»៕

© រក្សាសិទ្ធិដោយ thmeythmey.com