ជាតិ
សេដ្ឋកិច្ច
បារាំង​ សន្យាផ្តល់ជាង១០០លានដុល្លារ ចំពោះការសង់រោងចក្រទឹកស្អាតដំណាក់ទី៣ ​នៅបាក់ខែង
12, Apr 2024 , 9:29 pm        
រូបភាព
ក្រុមហ៊ុនបារាំង Vinci Construction Grands Projets (VCGP) បានសន្យាផ្តល់ថវិកា១០៣,៣លានដុល្លារ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA)  ដើម្បីសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣។ តាមផែនការរោងចក្រនេះ នឹងត្រូវបើកដ្ឋានសាងសង់​នៅអំឡុងខែឧសភា ស្ថិតក្រោមគម្រោងសហហិរញ្ញប្បទាន ប្រមាណ២៥០លានដុល្លារ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង។

កិច្ចសន្យារវាងVCGP និង PPWSA  នៃគម្រោង «បាក់ខែងដំណាក់កាលទី៣» ត្រូវបានធ្វើឡើងនាថ្ងៃទី១០មេសា ឆ្នាំ២០២៤ ក្នុងគោលដៅពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតឱ្យបានដល់៦០ម៉ឺនគូបក្នុងមួយថ្ងៃ។ បើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតបារាំងប្រចាំកម្ពុជា​ កិច្ចព្រមព្រៀងនៃការសន្យាផ្តល់កម្ចី១០៣,៣ ដល់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ គឺជាផ្នែកមួយនៃគម្រោងដែលទទួលបានហិរញ្ញប្បទាន ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។
 
« ការសាងសង់គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ដោយនឹងចូលរួមលើកកម្ពស់លទ្ធភាពទទួលបានទឹកប្រកបដោយគុណភាពពិសេស សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញ »។ ស្ថានទូតបារាំងបានរៀបរាប់បែបនេះ ដោយបានបញ្ជាក់ថា បន្ទាប់ពីសាងសង់រួច ស្ថានីយ៍ប្រព្រឹត្តកម្មទឹកស្អាត នឹងក្លាយជាស្ថានីយ៍ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ដែលអាចផ្គតផ្គង់ទឹកស្អាតដល់បពលរដ្ឋចំនួន ១៤៧ពាន់គ្រួសារ​បន្ថែមទៀត។​
 
តាមរយៈគម្រោងនេះ បានបង្ហាញពីទំនុកចិត្តរបស់កម្ពុជាលើជំនាញរបស់ក្រុមហ៊ុនសំណង់បារាំង សម្រាប់ការវិនិយោគរបស់ខ្លួនប្រកបដោយយុទ្ធសាស្រ្ត ដែលមានតម្លៃបន្ថែមខ្ពស់។ ស្ថានទូតបារាំងបានបញ្ជាក់ថា៖ «  ជាគម្រោងដែលឆ្លុះបញ្ចាំងឱ្យឃើញនូវយុទ្ធសាស្រ្ត « Global Gateway » ហើយក៏បង្ហាញឱ្យឃើញផងដែរនូវការប្តេជ្ញាចិត្តរបស់ក្រុមអឺរ៉ុបនៅកម្ពុជា»។
 
គួរជម្រាបថា បច្ចុប្បន្ន​រោងចក្រប្រព្រឹត្តិកម្មទឹកបាក់ខែង ដំណាក់កាលទី១ និងទី២ គឺមានសមត្ថភាពផលិតទឹកស្អាតបាន៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ហើយផ្គត់ផ្គង់បាន១៩ម៉ឺន​ម៉ែត្រគូ។ ការចាប់ផ្តើមដំណាក់កាលទី៣ បង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ទឹកប្រកបដោយនិរន្តរភាព ក្នុងការដោះស្រាយតម្រូវការទឹកស្អាតដែលកំពុងកើនឡើងនៅក្នុងរាជធានី និងតំបន់ជុំវិញ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com