សេដ្ឋកិច្ច
អន្តរជាតិ
ម៉ិកស៊ិក ស្នើសុំព្យួរសមាជិកភាពអេក្វាទ័រក្នុងអង្គការសហប្រជាជាតិ
12, Apr 2024 , 9:59 pm        
រូបភាព
ប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador។ រូបភាព ៖ AFP
ប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador។ រូបភាព ៖ AFP
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បាននិយាយថា ម៉ិកស៊ិកបានដាក់សំណើសុំព្យួរសមាជិកភាពរបស់អេក្វាទ័រនៅក្នុងអង្គការសហប្រជាជាតិ (UN) រហូតដល់រដ្ឋាភិបាលទីក្រុងគីតូធ្វើការសុំទោសជាសាធារណៈចំពោះការវាយឆ្មក់ចូលស្ថានទូតម៉ិកស៊ិក។

នៅក្នុងឯកសារដែលដាក់ជូនតុលាការ ICJ ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ម៉ិកស៊ិកបានចោទប្រកាន់អេក្វាទ័រពីបទបំពានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីទំនាក់ទំនងការទូត នៅពេលធ្វើប្រតិបត្តិការវាយឆ្មក់ប្រដាប់អាវុធលើស្ថានទូតម៉ិកស៊ិក ក្នុងរដ្ឋធានីគីតូ ប្រទេសអក្វាទ័រ។ នេះបើតាមសារព័ត៌មាន Reuters។ 
 
ម៉ិកស៊ិកបានស្នើឱ្យតុលាការព្យួរសមាជិកភាពរបស់អេក្វាទ័រនៅក្នុងអង្គការសហប្រជាជាតិ រហូតដល់អេក្វាទ័រចេញការសុំទោសជាសាធារណៈ និងទទួលស្គាល់ការរំលោភលើគោលការណ៍ជាមូលដ្ឋាន និងបទដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីធានាសំណងសម្រាប់ការខូចខាតខាងសីលធម៌ដែលបង្កដល់ម៉ិកស៊ិក និងពលរដ្ឋដែលរងផលប៉ះពាល់។
 
កាសែត The  Guardian បានដកស្រង់សម្តីប្រធានាធិបតីម៉ិកស៊ិកលោក Andrés Manuel López Obrador ថា ៖« តុលាការ ICJ យោងទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិគួរតែអនុម័តការព្យួរនេះ ហើយមិនគួរមានវេតូពីក្រុមប្រឹក្សាសន្តិសុខទេ» ។
 
ជាធម្មតា ICJ នឹងបើកសវនាការលើការប្រជុំបន្ទាន់ក្នុងរយៈពេលពីរបីសប្តាហ៍បន្ទាប់ពីទទួលបានពាក្យបណ្តឹង។ សាលក្រមចុងក្រោយអាចចំណាយពេលរាប់ឆ្នាំ។
 
ទំនាក់ទំនងទ្វេភាគីរវាងប្រទេសអាម៉េរិកខាងត្បូងទាំងពីរត្រូវបានផ្អាកភ្លាមៗ បន្ទាប់ពីប៉ូលីសអេក្វាទ័រកាលពីល្ងាចថ្ងៃទី៥ ខែមេសាបានឆ្មក់ចូលស្ថានទូតម៉ិកស៊ិកដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាទ័រលោក Jorge Glas ដែលអេក្វាទ័រចោទពីបទឧក្រិដ្ឋកម្មជាច្រើន ហើយលោក Glas បានផ្តល់សិទ្ធិជ្រកកោននយោបាយដោយម៉ិកស៊ិក។
 
រដ្ឋាភិបាលអេក្វាទ័របានការពារការសម្រេចចិត្តវាយឆ្មក់ដោយលើកហេតុផលថា ការការពាររបស់ម៉ិកស៊ិកលើលោក Glas គឺខុសច្បាប់។ សារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ ខែមេសា បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអេក្វាទ័រ Gabriela Sommerfeld ថា ៖« ការសុំទោសជាសាធារណ មិនមែនជាអ្វីដែលត្រូវបានពិភាក្សានៅពេលនេះទេ»។
 
ម៉ិកស៊ិក​បាន​ចាត់​ទុក​ការ​វាយឆ្មក់​នេះ ​ថា​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យភាព។ អនុសញ្ញាទីក្រុងវីយែនឆ្នាំ ១៩៦១ ស្តីពីទំនាក់ទំនងការទូតចែងថា ស្ថានទូតគឺមិនអាចប៉ះបាន ( Untouchable) ។ 
 
មេដឹកនាំនៃប្រទេសអាមេរិកឡាទីនជាច្រើនក៏បានថ្កោលទោសអេក្វាទ័រចំពោះឧប្បត្តិហេតុនេះដែរ។ កាលពីថ្ងៃទី៩ ខែមេសា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក Jake Sullivan បាននិយាយថា ដោយផ្អែកលើកាមេរ៉ាសុវត្ថិភាពនៃការវាយឆ្មក់ រដ្ឋាភិបាលអាម៉េរិកជឿថាជាសកម្មភាពដែលខុស។
 
អង្គការរដ្ឋអាម៉េរិក (OAS) ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ការអនុលោមតាមច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹងក្នុងទំនាក់ទំនងការទូត គឺជារឿងចាំបាច់។ អគ្គលេខាធិការ OAS លោក Luis Almagro បាននិយាយថា ការប្រើប្រាស់កម្លាំង ការចូលទៅក្នុងបេសកកម្មការទូតដោយខុសច្បាប់ ឬការឃុំឃាំងជនភៀសខ្លួន មិនមែនជាវិធីសន្តិវិធីដើម្បីដោះស្រាយស្ថានភាពនេះទេ៕
 

Tag:
 ម៉ិកស៊ិក
  អេក្វាទ័រ
© រក្សាសិទ្ធិដោយ thmeythmey.com