RFI
អន្តរជាតិ
លោកបៃដិន សន្យាការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារនៅសមុទ្រចិនខាងត្បូង
13, Apr 2024 , 6:59 pm        
រូបភាព
លោកចូ បៃដិន ឈរថតរូបជាមួយលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. និងលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងឱកាសជំនួបកំពូលត្រីភាគី នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន ថ្ងៃទី១១ មេសា ២០២៤ REUTERS - Kevin Lamarque
លោកចូ បៃដិន ឈរថតរូបជាមួយលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. និងលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងឱកាសជំនួបកំពូលត្រីភាគី នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន ថ្ងៃទី១១ មេសា ២០២៤ REUTERS - Kevin Lamarque
ដោយ៖ ម៉ម ពិសី/RFI ខេមរភាសា
 
លោកប្រធានាធិបតី ចូ បៃដិន បានដឹកនាំជំនួបកំពូលត្រីភាគីពិសេសមួយ កាលពីថ្ងៃទី១១មេសា ជាមួយនឹងលោកប្រធានាធិបតីហ្វីលីពីន និងលោកនាយករដ្ឋមន្ត្រីជប៉ុន។ ជំនួបកំពូលត្រីភាគីនៅទីក្រុងវ៉ាស៊ីនតោននេះ គឺផ្តោតសំខាន់ទៅលើការការពារសន្តិសុខ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាទីដែលចិនកំពុងតែពង្រីកសកម្មភាពយោធាកាន់តែខ្លាំង។ នៅក្នុងជំនួបនេះ លោកចូ បៃដិនបានប្រាប់ទៅលោកម៉ារកូស ប្រធានាធិបតីហ្វីលីពីនថា សហរដ្ឋអាមេរិកសន្យាការពារហ្វីលីពីន ប្រសិនបើមានការវាយប្រហារណាមួយ នៅក្នុងសមុទ្រចិនខាងត្បូង។

 
ក្នុងឱកាសជំនួបកំពូលត្រីភាគី ជាមួយលោកប្រធានាធិបតីហ្វីលីពីន ហ៊ែរឌីណង់ ម៉ារកូស និងលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា លោកចូ បៃដិន បានប្រកាសថា គ្រប់ការវាយប្រហារទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង មិនថាធ្វើមកលើយន្តហោះ ឬនាវារបស់កងទ័ពហ្វីលីពីនទេ គឺវានឹងញ៉ាំងឲ្យមានការអនុវត្ត សន្ធិសញ្ញាជួយការពារគ្នាទៅវិញទៅមករវាងហ្វីលីពីននិងសហរដ្ឋអាមេរិក។ បើនិយាយឲ្យងាយស្តាប់ គឺលោកចូ បៃដិន បានអះអាងថា ក្នុងករណីដែលហ្វីលីពីន រងនូវការវាយប្រហារណាមួយនៅក្នុងសមុទ្រចិនខាងត្បូង គឺអាមេរិកនឹងទៅជួយការពារហ្វីលីពីនភ្លាម។
 
ទោះបី លោកចូ បៃដិន មិនបញ្ចេញឈ្មោះឲ្យចំ តែគ្រប់គ្នាដឹងយ៉ាងច្បាស់ ថាលោកបានសំដៅទៅលើចិន ដែលកំពុងតែវាតទីអាងយ៉ាង ប្រើប្រាស់វត្តមានយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ លោកចូ បៃដិន បានអះអាងបន្ថែមថា ការសន្យារបស់សហរដ្ឋអាមេរិក នៅក្នុងការការពារសន្តិសុខរបស់ហ្វីលីពីន និងជប៉ុន គឺគ្មានថ្ងៃរង្គោះរង្គើជាដាច់ខាត។ លោកចូ បៃដិន បានរំលឹកឡើងវិញ អំពីកម្មវត្ថុរួម បំណងប្រាថ្នារួម ដែលចង់ធ្វើឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិក ជាតំបន់ “សេរី បើកចំហ មានវឌ្ឍនភាព និងមានសុវត្ថិភាព”។
 
ប៉ុន្មានម៉ោងក្រោយចប់ជំនួបកំពូលនៅវ៉ាស៊ីនតោន មេដឹកនាំទាំង៣ បានចេញលិខិតប្រកាសរួម ដោយបានលើកឡើង អំពីការព្រួយបារម្ភកាន់តែខ្លាំង ប្រឈមនឹងសកម្មភាពដ៏គ្រោះថ្នាក់ និងព្រហើនកោងកាចរបស់សាធារណរដ្ឋប្រជាមានិត្យចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ មេដឹកនាំទាំងបី បានគូសបញ្ជាក់ពីការព្រួយបារម្ភ ទាក់ទិននឹងសកម្មភាពក៏ដូចជាការបោះទីតាំងយោធា នៅតាមដែនកោះ និងដែនទឹក ដែលចិនដណ្តើមគ្រប់គ្រងដោយខុសច្បាប់។
 
ព្រឹកថ្ងៃសុក្រ ទី១២មេសា លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបទេសចិន បានប្រតិកម្មតបទៅនឹងការលើកឡើងទាំងនេះ ដោយលោកស្រីបានអះអាងថា សកម្មភាពរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង គឺជាសកម្មភាពត្រឹមត្រូវស្របច្បាប់ និងគ្មានអ្វីអាចមកស្តីបន្ទោសបានឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានបន្ថែមថា ចិននឹងប្រឆាំងជាដាច់ខាត ចំពោះសកម្មភាពរករឿង បង្កបញ្ហា បង្កើតជម្លោះ ដែលប៉ះពាល់មកលើសន្តិសុខ និងផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសដ៏ទៃ។
 
គួរកត់សំគាល់ថា ប្រមាណ២ឆ្នាំចុងក្រោយនេះ សន្តិសុខតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង បានជួបនូវបញ្ហាតានតឹងកាន់តែខ្លាំង។ ការគំរាមប្រើកម្លាំងវាយយកកោះតៃវ៉ាន់ ពីសំណាក់ចិន បានធ្វើឲ្យជប៉ុនព្រួយបារម្ភ ដល់សន្តិសុខខ្លួន។ បន្ថែមពីនេះ ការប៉ះទង្គិចគ្នារវាងកងទ័ពចិននិងឆ្មាំសមុទ្រហ្វីលីពីន បានកើតឡើងកាន់តែញឹកញាប់។
ហេតុផលទាំងនេះហើយ ទើបធ្វើឲ្យមេដឹកនាំហ្វីលីពីននិងជប៉ុន ទាមទារចង់បានការសន្យាជាក់ច្បាស់ពីសំណាក់សហរដ្ឋអាមេរិក ថាពិតជាជួយការពារគេពិតមែន ក្នុងករណីដែលមានការវាយប្រហារឈ្លានពានណាមួយពីចិន នៅថ្ងៃខាងមុខ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com