កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ថាមានកីឡាករ ៥រូបលើពិភពលោកមានបច្ចេកទេសញ៉ាក់បាល់ពូកែជាងខ្លួន
13, Apr 2024 , 8:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Neymar Jr ត្រូវបានគេស្គាល់ថា ជាកីឡាករដែលតែងនិយមប្រើប្រាស់ក្បាច់ញ៉ាក់ដ៏ប៉ិនប្រសប់ អំឡុងការប្រកួត។ ដោយសារបច្ចេកទេសដ៏ពិសេសនេះហើយ បានធ្វើឱ្យរូបគេក្លាយជាកីឡាករ ដែលពូកែក្នុងការបង្កើតឱកាសរកគ្រាប់បាល់ និងមានភាពល្បីល្បាញ។ តែយ៉ាងណា Neymar Jr បាននិយាយថា មានកីឡាករ ៥រូបទៀត ដែលមានបច្ចេកទេសញ៉ាក់បាល់ល្អជាងខ្លួន។


 
កាលពីប៉ុន្មានឆ្នាំមុន Neymar បានក្លាយជាកីឡាខ្លាំងពូកែមួយរូប នៅលើពិភពលោក ដែលបាននាំយកបច្ចេកទេសលេងបាល់ បែបផែនជនជាតិដើមប្រទេសប្រេស៊ីល បង្ហាញទៅពិភពបាល់ទាត់ម្តងទៀត។ ភាគច្រើនគ្មានកីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបណា អាចធ្វើបានរាល់បច្ចេកទេសដ៏ពិសេសទាំងនេះ រាល់ការប្រកួតឡើយ។
 
នៅពេលដែល Neymar Jr ល្បីខ្លាំងបំផុត គឺជាមួយក្លិប Barcelona បន្ទាប់ពីបានចាកចេញពីក្លិប Santos របស់ប្រទេសប្រេស៊ីល។ Neymar បានក្លាយជាមិត្តដ៏ល្អពេលលេងជាមួយនឹងខ្សែប្រយុទ្ធ Lionel Messi នឹង Luis Suarez ត្រូវបានគេស្គាល់ថា ជាខ្សែប្រយុទ្ធជួរមុខដ៏មានគ្រោះថ្នាក់បំផុត។
 
មានទេពកោលស្យដ៏ពិសេស Neymar ត្រូវបានក្លិប Paris Saint Germain នាំយកទៅចូលរួមក្រុម ដោយធ្វើឱ្យរូបគេក្លាយជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោក ដោយតម្លៃនៃការផ្ទេរកាលឆ្នាំ ២០១៧ ប្រមាណ ២២២លានអឺរ៉ូ។ យ៉ាងណាទៅដល់ទឹកដីបារាំង ខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនជាងគេប្រចាំជម្រើសជាតិប្រេស៊ីល ហាក់ធ្វើមិនបានល្អដូចពេលនៅ Barca នឹងបរាជ័យជួយក្រុម PSG ប្រជែងពាន UCL។
 
កាលពីឆ្នាំ ២០២៣ Neymar បានចាកចេញពី PSG ទៅកាន់ក្លិប Al Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីត ស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា ដោយតារាវ័យ ៣១ឆ្នាំ ត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ថ្លៃពលកម្មប្រមាណ ១៤០លានដុល្លារក្នុងមួយឆ្នាំ។ តែលេងបានត្រឹមតែប៉ុន្មានប្រកួត Neymar បានជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ធ្ងន់ធ្ងរ ហើយបានសម្រាកព្យាបាលរហូតមកដល់ជិតបញ្ចប់រដូវកាល ២០២៣-២៤។
 
នាពេលថ្មីៗនេះ Neymar បានធ្វើកិច្ចសម្ភាសជាមួយនឹងគេហទំព័រកីឡា Oh My Goal ដោយក្នុងកិច្ចសម្ភាសនោះ តារាបាល់ទាត់សញ្ជាតិប្រេស៊ីល បានអះអាងថា មានកីឡាករ ៥រូប លើពិភពលោក ដែលមានបច្ចេកទេសលេងបាល់ពូកែជាងខ្លួន។ 
 
កីឡាករទាំង ៥ ដែល Neymar Jr បានជ្រើសរើសនោះរួមមាន៖ 
 
១. Lionel Messi


 
មិនមែនជារឿងភ្ញាក់ផ្អើលឡើយ Messi ធ្លាប់ជាអតីតដៃគូរបស់ Neymar មួយរូបផងដែរ ប្រៀបបានទៅនឹងមិត្តភក្ក័ដ៏ល្អ កីឡាករទាំង ២ តែងចំណាយពេលវេលាជាមួយគ្នាច្រើន អំឡុងពេលក្នុងក្លិបតែមួយទាំងនៅ Barcelona និង PSG។
 
២. Eden Hazard


 
Hazard ទើបតែប្រកាសចូលនិវត្តន៍កាលពីឆ្នាំ ២០២៣ កន្លងទៅ បន្ទាប់ពីរូបគេបានផុតកិច្ចសន្យាជាមួយនឹងក្លិប Real Madrid។ Hazard កាលនៅក្លិបតោខៀវ Chelsea រូបគេបានបង្កភាពភ្ញាក់ផ្អើលខ្លាំងពីបច្ចេកទេសនៃការញ៉ាក់បាល់ ហើយធ្វើឱ្យមានភាពល្បីល្បាញខ្លាំងលើពិភពលោកកាលនោះ។
 
៣. Kevin De Bruyne 


 
ខ្សែបម្រើក្រុម Manchester City ជាកីឡាករដ៏សំខាន់មួយរូប តែងបង្កើតឱកាសស៊ុតបាល់បញ្ចូលទីដល់មិត្តរួមក្រុម។ កីឡាករអន្តរជាតិប៊ែលហ្សិកមួយនេះ ពិតជាមានជំនាញខ្លាំងក្នុងការបង្កើតឱកាសពីការប៉ះបាល់ដ៏ច្បាស់ និងចំគោលដៅបំផុតនៅក្នុងក្រុមរបស់លោក Pep Guardiola។
 
៤. Marco Verratti 


 
ជាអតីតមិត្តរួមក្រុមរបស់ Neymar កាលនៅក្លិប PSG ខ្សែបម្រើសញ្ជាតិអ៊ីតាលីក៏មានជំនាញប៉ិនប្រសប់ ខាងផ្នែកញ៉ាក់បាល់មួយរូបផងដែរ ក៏ដូចជាការបិតបាំងការពារត្រង់តំបន់ខ្លួនបានកាន់កាប់។
 
៥. Thiago Alcantara 


 
ជាអតីតកីឡាករក្រុម Liverpool ដោយបុរសសញ្ជាតិអេស្ប៉ាញ កាត់ប្រេស៊ីលរូបនេះ ក៏មានបច្ចេកទេសនៃការគ្រប់គ្រងបាល់ដ៏ស្អិតរមួត ការបញ្ជូនបាល់ច្បាស់ៗចំគោលដៅ ព្រមទាំងបច្ចេកទេសញ៉ាក់បាល់ថែមទៀត។ Thiago ដ៏ធ្លាប់បានរួមចំណែកខ្លាំងនៅក្នុងក្រុម Barcelona, Bayern Munich ផងដែរ៕
 

Tag:
 Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com