ជាតិ
លោកអាចារ្យ ប៊ុន វាសនា៖ «បាយសី គឺប្រាសាទអង្គរវត្ត»
14, Apr 2024 , 4:59 pm        
រូបភាព
ភ្នំពេញ៖ មើលពីចម្ងាយ កំពូលទាំង៥របស់ប្រាសាទអង្គរវត្ត គឺជាចំណុចគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត មុខពេលអ្នកទស្សនា ចូលទៅពិនិត្យធាតុលម្អិត នៅខាងក្នុង។ ចំណែកបាយសី ក៏មានកំពូល៥ដែរ។ លោកអាចារ្យ ប៊ុន វាសនា ថាបាយសី គឺជាប្រាសាទអង្គរវត្ត ដែលដូនតាខ្មែរ ធ្វើឡើងជាគំរូ សម្រាប់សាងសង់ប្រាសាទអង្គរវត្ត។



កំពូលទាំង៥ នៃប្រាសាទអង្គរវត្ត មានតែកំពូលកណ្ដាលតែមួយប៉ុណ្ណោះ ដែលធំជាងគេ។ កំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត តំណាងឱ្យភ្នំសុមេរុ (ភ្នំដែលខ្ពស់ជាងគេលើពិភពលោក)។ ចំណែកកំពូលទាំង៤ ព័ន្ធជុំវិញកំពូលកណ្ដាល តំណាងឱ្យមហាទ្វីបទាំង៤ ដែលព័ន្ធជុំវិញភ្នំសុមេរុ។ ក្រឡេកមកមើល ទម្រង់ទ្រង់ទ្រាយ នៃបាយសីវិញ ក៏មានទម្រង់ស្រដៀងនឹង កំពូលប្រាសាទអង្គរដែរ។
 
ដើម្បីជ្រាបច្បាស់ សូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន ជាមួយលោកអាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដោយការពិចារណារៀងៗខ្លួន៖
 
លោកអាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា បាយសី គឺ ប្រាសាទអង្គវត្ត។ បាយសីកើតឡើង ក្នុងសម័យអង្គ។ បាយសី គឺជារូបគំរូ នៃការធ្វើប្រាសាទអង្គវត្ត។ 
  
លោកអាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ

លោកថា ដូនតាខ្មែរធ្វើបាយសីឡើង គឺដើម្បីឧទ្ទិសដល់ព្រលឹងដូនតា ឧទ្ទិសដល់ប្រាសាទអង្គរវត្ត និងឧទ្ទិសសម្រាប់ចក្រវាលទាំងមូល។ ដូច្នោះហើយ ទើបបានជាគេឃើញ វត្តមានបាយសី មានសឹងគ្រប់ពិធីកម្មទាំងតូចទាំងធំ ក្នុងប្រពៃណីខ្មែរ។



រាប់ចាប់ពីពិធីបង្កក់ខែកូន សូត្រមន្តលើករាសី សង្ឃទានជូនដូនតា ពិធីឡើងផ្ទះ ឆ្លងព្រះពុទ្ធរូប ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យសព និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាដើម តែងមានវត្តមានបាយសីជានិច្ច។ និយាយជារួម សឹងគ្រប់ពិធីទាំងតូច ទាំងធំ ខ្មែរតែងធ្វើបាយសី។ ហេតុអ្វីបាយសី មានវត្តមានគ្រប់ពិធីកម្ម ក្នុងប្រពៃណីខ្មែរ?
បើតាមលោកអាចារ្យ ប៊ុន វាសនា នៅលើពិភពលោក មានតែប្រទេសខ្មែរតែមួយគត់ ដែលមានបាយសី។ ការធ្វើបាយសី មានច្រើនរបៀប ច្រើនកម្រិត ច្រើនថ្នាក់ និងច្រើនសណ្ឋាន ដូចជាបាយសីថ្នាក់ព្រះមហាក្សត្រ ថ្នាក់មេទ័ព ថ្នាក់មន្ត្រី និងថ្នាក់រាស្ត្រធម្មតាជាដើម។ សូម្បីបាយសី សម្រាប់ក្រុមរបាំ និងសម្រាប់ពិធីបុណ្យផ្សេងៗ ឬក្នុងកិច្ចពិធីនានា ក៏មានជាន់  និងមានសណ្ឋានខុសគ្នាដែរ។ 
 
គេធ្វើបាយសី១ថ្នាក់ ៣ថ្នាក់ ៥ថ្នាក់ រហូតល់ដល់១០៨កូន ឬ១០៨ថ្នាក់ ទៅតាមការតំណាង ឬជំនឿរៀងៗខ្លួន។ បាយសី គេមិនធ្វើថ្នាក់ជាចំនួន(គូ) ឡើយ ដោយគេធ្វើថ្នាក់ជាចំនួន(សេស)។ ព្រោះក្នុងជំនឿខ្មែរ ចំនួន(គូ) ស្មើនឹងស្លាប់ ឯចំនួនសេស ស្មើនឹងអមត ឬមិនស្លាប់។  
 
លោកអាចារ្យ វាសនា ថា បាយសីកើតឡើងតាំងពីមានប្រាសាទអង្គរ។ ដូនតាខ្មែរ ធ្វើបាយសីឡើង ហើយដាក់បញ្ចូលក្នុងពិធីកម្មផ្សេងៗ ដើម្បីឱ្យប្រជាជនខ្មែរ រលឹកនឹកឃើញគុណរបស់បុព្វបុរសខ្លួន ពិសេសរលឹកនឹកដល់គុណប្រាសាទអង្គរវត្ត ដែលធ្វើឡើងដើម្បីឧទ្ទិសសម្រាប់ ចក្រវាលទាំងមូលនោះ។
 
«នៅពេលដែលខ្មែរធ្វើពិធីអ្វីមួយ ទៅតាមប្រពៃណីរបស់ជាតិខ្លួន ពុំបានទៅលុតជង្គង់ក្រាបបង្គំដល់ប្រាសាទអង្គរទេ ដូច្នោះហើយទើបធ្វើបាយសី ដើម្បីឧទ្ធិសចំពោះព្រលឹងបុព្វបុរស ប្រលឹងដូនតា ពិសេសឧទ្ទិសដល់ប្រាសាទអង្គរ និងចក្រវាលតែម្ដង»៕
 

Tag:
 វប្បធម៌
  ប្រពៃណី
  ទំនៀមទម្លាប់
  បាយសី
  អង្គរវត្ត
  អាចារ្យ
 
© រក្សាសិទ្ធិដោយ thmeythmey.com