ជាតិ
វីដេអូ
ហេដ្ឋារចនាសម្ព័ន្ធ, តំបន់ទេសចរណ៍សម្បូរបែប និងអាហារសមុទ្រ ធ្វើឱ្យមានកំណើនទេសចរនៅ​កំពត
16, Apr 2024 , 7:00 pm        
រូបភាព
កំពត៖ មិនមែនតែកត្តា​សក្ដានុពលទេសចរណ៍តែមួយមុខនោះទេ តែ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ និងម្ហូបអាហារ ក៏​ជា​កត្តាសំខាន់​ ក្នុង​ការ​ជំរុញឱ្យ​មាន​កំណើន​ទេសចរ​ក្នុង​ខេត្ត​កំពត។ នេះបើតាម​ការ​លើក​ឡើង​របស់​លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត។


កំពត ជាខេត្ត​មួយ​​ស្ថិត​ក្នុង​តំបន់​សមុទ្រ​ ដែល​សម្បូរ​ទៅ​ដោយ​សក្ដានុពលធម្មជាតិ​ ប្រវត្តិសាស្រ្ត និង​វប្បធម៌។ បច្ចុប្បន្ន​ ខេត្ត​កំពត បាន​ប្រែ​មុខ​ប្រែ​មាត់​ តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង​សោភ័ណភាព​ក្នុង​ក្រុង។
  

ខេត្ត​កំពត មាន​តំបន់​ទេសចរណ៍​ចំនួន ៣៩​កន្លែង ទាំង​ធម្មជាតិ និង​កែច្នៃ។ តំបន់​ទេសចរណ៍នៅខេត្ត​កំពត បាន​ទាក់ចិត្ត​​ភ្ញៀវជាតិ និង​អន្តរជាតិឱ្យ​មក​កម្សាន្ត​មិនថា​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​បុណ្យ​ទាន​ឡើយ​។ ក្រៅ​ពីមាន​កន្លែង​កម្សាន្តច្រើន ខេត្ត​កំពត ក៏​មាន​ម្ហូបអាហារ​ឆ្ងាញ់ៗ ជាពិសេស​អាហារសមុទ្រ។​
  


ក្នុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន​ឌីជីថល​ថ្មីៗ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បាន​លើក​ឡើងថា ការ​បង្កើត​ផលិតផលទេសចរណ៍ថ្មីៗ មាន​សារៈសំខាន់​ក្នុង​ការ​ទាក់ទាញ​ទេសចរណ៍។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បន្តថា ការ​មាន​ហេដ្ឋារចនាសម្ព័ន្ធល្អ ដែលផ្ដល់​ភាព​ងាយស្រួល​ដល់​ទេសចរ ​និង​តំបន់ទេសចរណ៍សម្បូរបែប ពិសេស​អាហារសមុទ្រ សុទ្ធតែរួមចំណែក​ដល់​ការកើតមាន​កំណើនទេសចរ។
  


សូម​អញ្ជើញ​ទស្សនា​បទសម្ភាស​រវាង​អ្នក​ស្រី ញឹក​ ស្រីល័ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដូចតទៅ៖

 

ជាមួយ​គ្នានេះ ផលិត​ផល​កសិកម្ម ក៏​ជាផ្នែក​នៃ​ការ​ទាក់ទាញ​ទេសចរឱ្យ​មក​កម្សាន្ត​នៅ​ខេត្ត​កំពតផងដែរ។ ទុរេន មង្ឃុត សាវម៉ាវ ដូង និង​ម្រេចកំពត សុទ្ធតែ​កសិផល​កសិកម្ម ដែល​មាន​កេរ្តិ៍ឈ្មោះ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។ កសិផលទាំងនេះ ជំរុញចិត្តឱ្យទេសចរ​មក​ភ្លក្ស​នៅពេល​ដល់​រដូវផ្លែឈើ៕  




Tag:
 ទេសចរណ៍
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com