ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចង់ដឹងទេ! តើយុវជនស្គាល់ល្បែងប្រជាប្រិយខ្មែរអ្វីខ្លះ?
15, Apr 2024 , 9:39 pm        
រូបភាព
 
ដោយ៖ តុប វណ្ណារ៉ា
 
ភ្នំពេញ៖ ល្បែងទាញព្រ័ត្រ លាក់កន្សែង បោះអង្គញ់  និងវាយក្អម ជាល្បែងដែលយុវជនស្គាល់ច្បាស់ និងនិយមលេងជាងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។បច្ចុប្បន្នបើចង់លេងល្បែងប្រជាប្រិយ លុះត្រាតែកម្មវិធីបុណ្យទាន ដូចជាចូលឆ្នាំជាដើម។ ក្រៅពីលេងកម្សាន្តសប្បាយនៅពេលជួបជុំគ្នា ល្បែងប្រជាប្រិយមួយចំនួន បានភ្ជាប់ទៅនឹងកិច្ចពិធីផ្សេងៗទៀតផង។

សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

កញ្ញា  សុន ស្រីដារឿន និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង រៀបរាប់ថា​ កញ្ញាស្គាល់ និងធ្លាប់លេងល្បែងប្រជាប្រិយខ្មែរមួយចំនួនដូចជា លាក់កន្សែង ទាញព្រ័ត្រ  វាយក្អម បោះអង្គុញ និងដណ្តើមស្លឹកឈើជាដើម។ កញ្ញាដារឿន ចូលចិត្តលេងបោះអង្គញ់ ជាងល្បែងដ៏ទៃទៀត ដោយសារនៅតាមស្រុកភូមិរបស់នាង និយមលេងល្បែងនេះនៅពេលចូលឆ្នាំ និងបុណ្យទានផ្សេងៗ។ មួយវិញទៀតល្បែងបោះអង្គញ់ តម្រូវឱ្យអ្នកឈ្នះខោកជង្គង់អ្នកចាញ់ ដែលជាហេតុធ្វើឱ្យកញ្ញា ចង់គប់ឱ្យត្រូវគោលដៅ និងចងចាំរូបភាពមួយនេះ ។ 
 


មិនខុសពីកញ្ញា សុន ស្រីដារឿន លោកសំរិត ដាវីត ក៏ស្គាល់ល្បែងប្រជាប្រិយខ្មែរប្រហាក់ប្រហែលគ្នាដែរ។ ប៉ុន្តែខុសត្រង់ថា យុវជនមកពីខេត្តកណ្តាលរូបនេះ ចូលចិត្តលេងល្បែងលាក់កន្សែង ចោលឈូងច្រើនជាង ជាពិសេសនៅពេលចូលឆ្នាំតែម្តង។
  

 «ខ្ញុំចូលចិត្តល្បែងលាក់កន្សែង ចោលឈូង ពេលលេងយើងមានច្រៀងផង ទះដៃផង»។ នេះជាការប្រាប់ឱ្យដឹងពីនិស្សិតរូបនេះ។ លោកបន្តថា ល្បែងលាក់កន្សែង ពេលលេងបង្កើតបរិយាកាសប្បាយប្លែក ដោយលេងផងមានច្រៀងបន្ទរផង បើចោលឈូងវិញ តម្រូវឱ្យអ្នកចាញ់រាំថែមទៀតផង។ 



ជាមួយគ្នានេះលោក ផេន ចិត្រា លើកឡើងថា ល្បែងប្រជាប្រិយដែលលោកស្គាល់មាន វាយក្អម ទាញព្រ័ត្រ ពង្រត់កូនក្រមុំ ។ ចំណែកល្បែងប្រជាប្រិយដែលលោកនិយមលេងជាងគេគឺល្បែងទាញព្រ័ត្រ។ និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យកម្ពុជា រូបនេះពន្យល់ថា ល្បែងទាញព្រ័ត្រ ត្រូវប្រើកម្លាំងទាញទៅវិញទៅមក ដើម្បីទទួលបានជ័យជម្នះរៀងខ្លួន៕
 
 

Tag:
 ThmeyThmey
 ល្បែងប្រជាប្រិយ
 ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com