កីឡាអន្តរជាតិ
អន្តរជាតិ
​Kane កីឡាករល្អបំផុតលើពិភពលោក ដែលមិនធ្លាប់ឈ្នះពានសោះ
15, Apr 2024 , 12:00 am        
រូបភាព
 
ខ្សែប្រយុទ្ធ Harry Kane ក៏ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ម្នាក់ ដែលមានទម្រង់លេងល្អបំផុតនៅលើពិភពលោក ប៉ុន្តែរឿងដែលគួរឱ្យសោកស្តាយសម្រាប់រូបគេ គឺមិនដែលឈ្នះពានរង្វាន់អ្វីមួយសោះក្នុងអាជីព រហូតមកដល់បច្ចុប្បន្ន។ តើកីឡាករសញ្ជាតិអង់គ្លេស ជាប់បណ្តាសាមិនឈ្នះពានឬយ៉ាងណា?

​Kane ជាប្រធានក្រុមជម្រើសជាតិអង់គ្លេសមួយរូប ដែលគេតែងតែបង្កើតភាពភ្ញាក់ផ្អើលរាល់ការប្រកួតម្តងៗ ពីការស៊ុតបាល់ទម្លុះសំណាញ់ទីគូប្រកួតជារឿយៗ។ សម្រាប់អង់គ្លេស Kane ពេលនេះរកបាន ៦២គ្រាប់ ហើយឈរក្នុងនាមជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ក្នុងជម្រើសជាតិអង់គ្លេស។ សរុបចំនួន ២២ប្រកួតចុងក្រោយ ដែលបានលេងឱ្យក្រុមតោកំណាច ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះ បានបង្ហាញខ្លួនរាល់ពានរង្វាន់ UEFA Euro ព្រមទាំង FIFA World Cup ជាដើម។
 
ទម្រង់លេងជាមួយជម្រើសជាតិ ​Kane ត្រូវបានគេមើលឃើញថា មានកម្រិតលេងខ្ពស់ខ្លាំង ប៉ុន្តែបើប្រៀបទៅនឹងការលេងក្នុងក្លិបវិញ ហាក់បីជាខុសគ្នាឆ្ងាយខ្លាំងរវាងកម្រិតទាំងពីរ។ អំឡុងប្រកបអាជីពក្នុងប្រទេសអង់គ្លេសជាមួយនឹងក្លិប Tottenham Hotspur ខ្សែប្រយុទ្ធ Harry ​Kane ជាកីឡាករមួយរូបតែងតែបង្កើតកំណត់ត្រា និងធ្វើបានកំណត់ត្រានានា។ បច្ចុប្បន្នរូបគេស្ថិតក្នុងការប្រកួតលីគកំពូលប្រទេសអាល្លឺម៉ង់ តែគេនៅតែបន្តការស៊ុតបាល់ និងធ្វើបានកំណត់ត្រាបន្តបន្ទាប់។ 
 
ផ្លាស់មក Bayern Munich រដូវកាលដំបូង Kane រកបាន ៣១គ្រាប់ គិតដល់ពេលនេះ ខណៈកំណត់ត្រាប្រចាំលីគ គឺមានតែ Robert Lewandowski ដែលរកបាន ៤១គ្រាប់ពេញមួយរដូវកាល។ ទោះបីជា Kane ជាកីឡាករម្នាក់ ដែលមានទម្រង់លេងល្អ និងពូកែ ក្នុងការស៊ុតស្វែងរកគ្រាប់បាល់ក៏ដោយ ប៉ុន្តែរូបគេមិនដែលឈ្នះពានរង្វាន់អ្វីមួយឡើយក្នុងអាជីព ទាំងការប្រកបអាជីពនៅអង់គ្លេស។
 
មិនធ្លាប់ឈ្នះពានជាមួយ Spurs
លេងបាន ៩ រដូវកាលជាមួយនឹង Tottenham Hotspur មិនដែលឈ្នះពានអ្វីមួយសោះ Kane ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលជាប់បណ្តាសារបស់ក្លិប។ បន្ទោសទៅលើកីឡាករប្រធានក្រុមអន្តរជាតិអង់គ្លេស តែមួយផ្នែកក៏មិនត្រឹមត្រូវដែរ ។ បើមើលចាប់តាំងពីឆ្នាំ ១៩៩៦ មក ក្លិប Spurs ស្ថិតក្នុងចំណោមក្លិបអ្នកមានទាំង ៦ ប្រចាំអង់គ្លេស ដែលជាក្លិបមួយ មិនដែលប្រជែងឈ្នះពានរង្វាន់អ្វីមួយឡើយ ទោះពេលខ្លះក្លិបមួយនេះ បានរកឃើញទម្រង់លេងល្អខ្លាំងក៏ដោយ។ ក្លិបរហស្សនាមមាន់ខ្នាយមាសមួយនេះ ក៏តែងតែដាក់គោលដៅជាប្រចាំ តាមរដូវកាលនីមួយៗ ដោយការឈ្នះពានរង្វាន់យ៉ាងតិច ១ ឬ ២ ប៉ុន្តែគោលដៅនេះហាក់បីមិនជោគជ័យទាល់តែសោះ។
 
ចាប់ផ្តើមលេងដំបូងពីឆ្នាំ ២០១៤-១៥ ​Kane រកបាន ២១គ្រាប់ និងបញ្ជូនបាល់ ៤គ្រាប់ ។ នៅត្រឹមវ័យ ២១ឆ្នាំប៉ុណ្ណោះ តារាបាល់ទាត់អង់គ្លេសរូបនេះ អាចជួយក្រុមរកបានគ្រាប់បាល់ចំនួន ២៥គ្រាប់ ទូទាំងរដូវកាលទាំងមូល។ ឆ្នាំដដែល Spurs បានឈានជើងឡើងដល់ការប្រកួតពានរង្វាន់ League Cup វគ្គផ្តាច់ព្រ័ត្រ តែកាលនោះក្រុមបានចាញ់ក្រុមថ្វីជើង Chelsea​ ។ 
 
កាលនោះកីឡាករ​ John Terry បានស៊ុតបាល់ពីលើអាកាស ទៅប៉ះចំជើង Kane ដែលកំពុងជួយក្រុមការពារពីការសម្រុករបស់តោខៀវ តែបែរជាភ្លាត់ស្នៀតស៊ុតបាល់ចូលទីខ្លួនឯង​​។
 
ឆ្នាំ ២០១៩ Spurs មានឱកាសធំមិនធ្លាប់មាន គឺវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដោយត្រូវប្រជែងទល់នឹងក្រុម Liverpool ដែលកំពុងឡើងជើងខ្លាំងកាលនោះ។ Spurs បានរបូតពានរង្វាន់អឺរ៉ុបដ៏ធំ ក្រោយពេលចាញ់ការប្រកួតក្នុងលទ្ធផល ២-១​ ក្រោមថ្វីជើងកូនក្រុមរបស់លោក Jurgen Klopp ធ្វើឱ្យ Kane បន្តបណ្តាសាមិនឈ្នះអ្វីមួយ។
 
ពីរដូវកាល ២០១៤-១៥ ដល់រដូវកាល ២០១៦-១៧ Harry Kane ត្រូវបានគេស្គាល់ថា ជាកីឡាករដែលតែងស៊ុតបាល់បញ្ចូលទីច្រើនពីចន្លោះ ២៥គ្រាប់ ទៅ ៣១គ្រាប់ ពេញមួយរដូវកាល ។ ប៉ុន្តែបន្ទាប់ពីរដូវកាល ២០១៨-១៩​ មក ការស៊ុតបាល់បញ្ចូលទីសម្រាប់ Spurs ហាក់បីថមថយទៅវិញ។
 
ផ្លាស់មកកាន់ Bayern Munich ចំពេលក្រុមធ្លាក់ទម្រង់លេង
បន្ទាប់ពី Kane ផ្លាស់មកកាន់ក្លិបយក្សអាល្លឺម៉ង់ រឿងដំបូងដែលកីឡាករអង់គ្លេស បាននិយាយដំបូងគេនោះ គឺការចង់ឈ្នះពានរង្វាន់លើកដំបូងក្នុងអាជីព ខណៈក្លិប Bayern Munich តែងតែឈ្នះពានរង្វាន់ ស្ទើរតែរាល់រដូវកាលទៅហើយ។ ពិតណាស់ការឈ្នះពានលីគអាល្លឺម៉ង នឹងអាចបញ្ចប់ សម្រាប់ Kane ក្រោយក្រុម Bayern Munich ឃ្លាតឆ្ងាយពិន្ទុពីក្រុមកំពូលតារាង Bayer Leverkusen រហូតដល់ទៅ ១០ពិន្ទុ។ ក្តីសង្ឃឹមប្រជែងពានលីគកំពូលអាល្លឺម៉ង់សម្រាប់ Kane កំពុងតែរសាត់ឆ្ងាយ​ ខណៈក្លិបនៅសល់ពានរង្វាន់ UEFA Champions League ដែលត្រូវប្រជែងប៉ុណ្ណោះ។
  


ក្លិបយក្សអាល្លឺម៉ង់ ធ្លាក់ទម្រង់លេង តើអាចបន្ទោសលើ Kane មួយរូបបានឬទេ? ពិតណាស់គឺមិនអាចឡើយ ។ កត្តាជាច្រើនបានកើតចេញពីរបៀបនៃការដឹកនាំរបស់លោក Thomas Tuchel គ្រូបង្វឹកអាល្លឺម៉ង់ ដែលធ្លាប់ដឹកនាំ Chelsea ឈ្នះ UEFA Champions League ឆ្នាំ ២០២១។ មួយវិញទៀត Bayer Leverkusen ដែលដឹកនាំដោយលោក Xabi Alonso ក៏កំពុងតែមានទម្រង់លេងមួយល្អខ្លាំង ដោយឆ្លងកាត់ ៤០ប្រកួតកន្លងមក មិនទាន់រងបរាជ័យម្តងឡើយ។
 
ប្រសិនបើ Bayern Munich មិនឈ្នះពានរង្វាន់អ្វីមួយសោះ ក្នុងរដូវកាលនេះ នោះខ្សែប្រយុទ្ធ Harry Kane នឹងត្រូវបន្តរង់ចាំឱកាសឈ្នះពានឡើងវិញ នៅរដូវកាលក្រោយបន្ថែមទៀត បន្ទាប់ពីក្លិបយក្សអាល្លឺម៉ង់ បានផ្លាស់ប្តូរគ្រូបង្វឹកថ្មី។ តើ Kane ជាអ្នកនាំបណ្តាសា មិនឈ្នះពានរង្វាន់ពីក្លិប ​Tottenham Hotspur មកបន្តនៅក្លិប Bayern Munich?
 
 

Tag:
 Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com