ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ៣ថ្ងៃ រាជធានីភ្នំពេញ​ ទទួល​បាន​ទេសចរ​ជិត​ ៨០ម៉ឺននាក់
16, Apr 2024 , 3:40 pm        
រូបភាព
ភ្ញៀវទេសចរ ជាច្រើនមកចូលរួមសង្ក្រាន្ដវត្តភ្នំ
ភ្ញៀវទេសចរ ជាច្រើនមកចូលរួមសង្ក្រាន្ដវត្តភ្នំ
ត្រឹមរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៣-១៥ ខែមេសា រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជិត ៨០ម៉ឺននាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន៧៧៧៥៨៥នាក់ និងភ្ញៀវទេសចរបរទេស ១៤៧៦៦នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ និងមន្ទីទេសចរណ៍រាជធានី ខេត្ត។

ស្ថិតិចំនួនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅទីរាជធានីភ្នំពេញ គិតត្រឹមរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៣-១៥ ខែមេសា មានចំនួន ៧៩២៣៥១នាក់ ក្នុងនោះអន្ដរជាតិ ១៤៧៦៦នាក់។ វត្តភ្នំ ដែលជាទីតាំងធ្វើសង្ក្រាន្ដដ៏ធំ ទាក់ទាញភ្ញៀវទេសចរជាច្រើន ដោយសារមានការរៀបចំកម្មវិធីកម្សាន្ដ និងការតុបតែងផ្សេងៗ។ 
 
បរិវេណវត្តភ្នំ ត្រូវបានតុបតែងយ៉ាងស្អាតសម្រាប់ត្រៀមបុណ្យចូលឆ្នាំនេះ។ ការតុបតែងនោះ មានដូចជានាគធ្វើពីឫស្សី ឧបករណ៍ភ្លេងខ្មែរ សួនគោមផ្ការំដួល ទីតាំងសម្តែងសិល្បៈបុរាណ ទីតាំងពូនភ្នំខ្សាច់ និងស្រង់ព្រះ រូបសត្វតំណាងឆ្នាំទាំង១២ និងគ្រឿងលម្អជាច្រើនទៀត សុទ្ធតែបានបញ្ចូលនូវរចនាបថខ្មែរ។
 
ដោយឡែក នៅសល់តែ១ទៀតប៉ុណ្ណោះ សង្ក្រាន្ដវត្តភ្នំ ដែលទាក់ទាញភ្ញៀវទេសចរនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕

Tag:
 (ចូលឆ្នាំខ្មែរ
  សង្ក្រាន្ដ)
© រក្សាសិទ្ធិដោយ thmeythmey.com