ជាតិ
សម្ដេច ហ៊ុន សែន សោកស្ដាយដែលជំនួយ១០ម៉ឺនដុល្លាររបស់សម្ដេច មិនអាចជួយជីវិតលោក សំបូរ មាណ្ណារ៉ា ពិធីបុណ្យសពលោក សំបូរ មាណ្ណារ៉ា។ រូបភាពពីហ្វេសប៊ុក PUC
× ភ្នំពេញ៖ ក្រោយផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានបន្តចែករំលែកវីដេអូចុងក្រោយរបស់លោក សំបូរ មាណ្ណារ៉ា អមដោយពាក្យពេចន៍ស្ដាយស្រណោះ។ ក្នុងសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្ដេច នាយប់ថ្ងៃទី២០ មេសា សម្ដេច ហ៊ុន សែន បានរំឭកពីការផ្ដល់ជំនួយ១០ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺកាលពី២ខែមុន។
មរណភាពរបស់លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្ត បានធ្វើឱ្យមានការសោកស្ដាយពីសំណាក់ព្រះសង្ឃ និស្សិត សាធារណជន មន្រ្តីរាជការ និងអ្នកនយោបាយ ជាដើម។ ការបាត់បង់លោក សំបូរ មាណ្ណារ៉ា ត្រូវបានគេចាត់ទុកថាជា ការបាត់បង់ធនធានមនុស្សដ៏ឆ្នើមម្នាក់របស់កម្ពុជា។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមពិធីបុណ្យសពលោក សំបូរ មាណ្ណារ៉ា។ រូបភាពពីហ្វេសប៊ុក PUC
នៅម៉ោងប្រមាណ ១០យប់ ថ្ងៃទី២០ មេសា សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបង្ហោះវីដេអូចុងក្រោយរបស់លោក សំបូរ មាណ្ណារ៉ា ដែលមានរយៈពេលជាង២នាទី។ វីដេអូនោះ ជាសារដាស់តឿនយុវជនខ្មែរ ក្នុងការឱ្យតម្លៃប្រទេសជាតិ ជាពិសេសវប្បធម៌ជាតិ។
ក្នុងសំណេរអមជាមួយវីដេអូខាងលើ សម្ដេច ហ៊ុន សែន បានរៀបរាប់ថា សាររបស់លោក សំបូរ មាណ្ណារ៉ា មានសារៈសំខាន់ខ្លាំងណាស់។ សម្ដេច ហ៊ុន សែន សរសេរថា៖«ទោះបីពេលនេះ លោកសាស្ត្រាចារ្យបានឃ្លាតកាយឆ្ងាយពីពួកយើងហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប»។
ប្រធានព្រឹទ្ធសភារូបនេះ បានអរគុណលោក សំបូរ មាណ្ណារ៉ា ដែលបានជួយសម្ដេច និងកូនប្រុស គឺសម្ដេច ហ៊ុន ម៉ាណែត ក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានរំឭកពីការផ្ដល់ជំនួយរបស់សម្ដេច និងភរិយា ចំនួន១០ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺលោក សំបូរ មាណ្ណា កាលពី២ខែមុន ផងដែរ។ សម្ដេច បន្តសរសេរថា៖ «ជំនួយនេះ មិនអាចជួយជីវិតលោកសាស្ត្រាចារ្យបានទេ ប្រហែលមកពីយឺតពេល។ ខ្ញុំសូមជូនដំណើរលោកសាស្ត្រាចារ្យត្រឹម នេះនិងសូមជម្រាបលាដោយគ្មានពេលជួបវិញ»។
គួរបញ្ជាក់ថា លោក សំបូរ មាណ្ណារ៉ា បានទទួលមរណភាពនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត។ សពរបស់លោក នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
Tag:
ហ៊ុន សែន
សំបូរ មាណ្ណារ៉ា
ប្រវត្តិសាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com