ជម្លោះរុស្ស៊ី និងអ៊ុយក្រែនមកទល់ពេលនេះមានរយៈពេលជាង ២ឆ្នាំមកហើយ។ ដោយសារបញ្ហានេះ រុស្ស៊ីត្រូវរងទណ្ឌកម្មជាបន្តបន្ទាប់ពីលោកខាងលិច។ យ៉ាងណាមិញ ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីមានភាពប្រសើរជាងអាម៉េរិក និងអឺរ៉ុបមួយចំនួន។
កាលពីខែតុលាឆ្នាំមុន កំណើនសេដ្ឋកិច្ចរុស្សីត្រូវបានប៉ាន់ប្រមាណថាមានកំណើនត្រឹម ១,២ភាគរយសម្រាប់ឆ្នាំ២០២៤ ក្រោយមករហូតដល់ខែមករាឆ្នាំនេះ តួលេខខាងលើត្រូវបានកែប្រែមកជា ២,៦ភាគរយ។ នៅខែមេសា មូលនិធិរូបិយវត្ថុអន្តជាតិ (IMF) បានកែប្រែការព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីម្តងទៀត ដោយកំណើនផលិតផលក្នុងស្រុកសរុបរបស់ ប្រទេស (GDP) មានដល់ ៣,២ភាគរយនៅឆ្នាំ២០២៤។
ទស្សនវិស័យសម្រាប់ដំណើរការសេដ្ឋកិច្ចរបស់រុស្ស៊ីមានសុទិដ្ឋិនិយមជាងប្រទេសមហាអំណាចមួយចំនួនទៀតដូចជាអាម៉េរិក (២,៨ភាគរយ) ជប៉ុន (០,៩ភាគរយ) ឬបារាំង (០,៧ភាគរយ) សម្រាប់ឆ្នាំ២០២៤ ។
បន្ទាប់ពីជាប់ក្នុងវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងដល់អត្រា៣,៦ភាគរយនៅឆ្នាំ២០២៣។ សេដ្ឋកិច្ចរុស្ស៊ីកំពុងទប់ទល់បានយ៉ាងល្អ ទោះបីជាមានទណ្ឌកម្មលោកខាងលិចជាបន្តបន្ទាប់ក៏ដោយ។
បង្អែកជាចម្បងរបស់សេដ្ឋកិច្ចរុស្ស៊ី ដោយសារការរីកចម្រើននៃការបញ្ជាទិញសព្វាវុធ។ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass កាលពីឆ្នាំ២០២៣ វិស័យឧស្សាហកម្មការពារជាតិបានកើនឡើងពី ៣០ភាគរយទៅ ៤០ភាគរយខ្ពស់ជាងបើធៀបឆ្នាំ ២០២១។ ចំណែក ការវាយតម្លៃរបស់់វិទ្យាស្ថានសន្តិភាព Stockholm នៅឆ្នាំ២០២៣ ការចំណាយលើផ្នែកយោធារបស់រុស្ស៊ីបានកើនឡើង ២៤ភាគរយមានតម្លៃ ១០៩ពាន់លានដុល្លារ (ឬប្រមាណ ១១៥ពាន់លានដុល្លារតាមការប៉ាន់ប្រមាណរបស់ IMF)។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ការចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ីបានកើនឡើង ៥៧ភាគរយ។
បើតាម IMF មូលហេតុដែលរុស្ស៊ីរឹងមាំកំណើនសេដ្ឋកិច្ចដោយសារការនាំចេញប្រេងឆៅក្នុងតម្លៃខ្ពស់។ នៅឆ្នាំ ២០២២ ទោះបីជាការដាក់ទណ្ឌកម្មប្រេងក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលនាំចេញរបស់ទីក្រុងម៉ូស្គូ ក៏ការនាំចេញប្រេងប្រទេសនេះទទួលបានកំណត់ត្រាខ្ពស់។ ពេលនោះ លោកខាងលិចបានកំណត់តម្លៃប្រេងរុស្ស៊ីនាំចេញរបស់រុស្ស៊ីអតិបរមាត្រឹម ៦០ដុល្លារក្នុងមួយធុងប៉ារែល។ យ៉ាងណាមិញ ឥណ្ឌា និងចិនបានជំនួសអ្នកទិញនៅអឺរ៉ុបភាគច្រើនដោយទិញ ៨០ភាគរយទៅ ៩០ភាគរយនៃការនាំចេញប្រេងឆៅរបស់រុស្ស៊ី។
លើសពីនេះ សកម្មភាពអ្នកប្រើប្រាស់របស់រុស្ស៊ីក៏កំពុងងើបឡើងវិញ ទីផ្សារការងារមានភាពរឹងមាំ ហើយប្រាក់ឈ្នួលក៏កើនឡើង។ IMF បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចភាគច្រើនរបស់រុស្ស៊ីបានមកពីការរីកចម្រើនផ្នែកវិនិយោគនៅក្នុងសហគ្រាសរដ្ឋ ជាពិសេសអាជីវកម្មនៅក្នុងវិស័យសន្តិសុខ និងការពារជាតិ។
ជារួម សមត្ថភាពរបស់សេដ្ឋកិច្ចរុស្ស៊ីក្នុងការទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច ដោយសារតែការបង្វែរទិសដៅយ៉ាងលឿននៃលំហូរថាមពលទៅកាន់បូព៌ា ការអភិវឌ្ឍសហគ្រាសរដ្ឋក្នុងវិស័យយោធា និងការងើបឡើងវិញទីផ្សារប្រើប្រាស់៕