ជាតិ
អត្រាស្គមស្គាំងរបស់កុមារកម្ពុជា ថយចុះតែ០,០២ភាគរយប៉ុណ្ណោះ ​នា១០ឆ្នាំចុងក្រោយ
26, Apr 2024 , 8:19 pm        
រូបភាព
រូបភាព៖ United Nations in Cambodia
រូបភាព៖ United Nations in Cambodia
ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០១៤ ដល់២០២៤ អត្រានៃភាពស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំកម្ពុជា បានថយចុះពីរង្វ​ង់១០ភាគរយ មកត្រឹម៩,៨ភាគរយប៉ុណ្ណោះ។ តួលេខនេះ ​គឺថយចុះតិចតួចបំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ខណៈរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់។



របាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) បានបង្ហាញថា ភាពស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ គឺនៅតែជាបញ្ហាចម្បងដែលត្រូវដោះស្រាយ។ ជាក់ស្ដែង តួលេខកាលពីឆ្នាំ ២០១៤ ស្ថិតក្នុងអត្រា១០ភាគរយ រហូតដល់ឆ្នាំ២០២៤ អត្រានៃភាពស្គមស្គាំងនេះ ថយចុះមកត្រឹមតែ៩,៨ភាគរយប៉ុណ្ណោះ។ ខេត្តចំនួន១៣ មានអាត្រាភាពស្គមស្គាំងកុមារខ្ពស់ រួមមាន ខេត្តឧត្តមមានជ័យ, សៀមរាប, ព្រះវិហារ, កំពង់ធំ, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនគីរី, មណ្ឌលគីរី, ត្បូងឃ្មុំ ក្នុងនោះ ខេត្តកំពង់ឆ្នាំង មានអត្រាខ្ពស់ជាងគេរហូតដល់៣០ភាគរយ។
 
ក្នុងកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ មេសា លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ២០២៤-២០២៨ ដើម្បីផ្តល់ធាតុចូលធ្វើដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបរិបទកម្ពុជា និងនិន្នាការពិភពលោក។
 
ដើម្បីប្រយុទ្ឋប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ពិសេសភាពស្គាំងស្គមរបស់កុមារ លោកទេសរដ្ឋមន្ត្រី ទស្នើរឱ្យក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដោយសហការឲ្យបានជិតស្និទ្ឋិជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីអនុវត្តការងារនេះឱ្យកាន់តែប្រសើ៕ 

Tag:
 អ៊ុក រ៉ាប៊ុន
  ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com