សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃនឹងដាក់ពន្ធតម្លៃបន្ថែម៧ភាគរយលើទំនិញនាំចូលទាំងអស់ ចាប់ពីខែឧសភា អ្នកប្រើប្រាស់ទិញទំនិញនៅផ្សារទំនើបមួយកន្លែងនៅទីក្រុងបាងកក។ រូបភាព ៖ AFP
× ថៃនឹងយកពន្ធលើតម្លៃបន្ថែម (VAT) អត្រា ៧ភាគរយលើទំនិញនាំចូលទាំងអស់ ដោយមិនបែងចែកពីតម្លៃចាប់ពីខែឧសភានេះតទៅ។ នេះបើតាមលោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុថៃនាថ្ងៃទី២៩ ខែមេសា។
កន្លងមក ថៃ បានអនុវត្តគោលនយោបាយលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែមសម្រាប់ទំនិញនាំចូលនីមួយៗដែលមានតម្លៃតិចជាង ៤០,៥ដុល្លារ។
យ៉ាងណាមិញ ការហូរចូលនៃទំនិញចិនថោកៗចូលទីផ្សារថៃនាពេលថ្មីៗនេះ បានបង្កើតផលចំណេញមិនស្មើភាពគ្នា ដោយសារក្រុមហ៊ុនផលិតក្នុងស្រុកនៅតែត្រូវបង់ពន្ធ។ ដើម្បីធានាបាននូវការអនុវត្តពាណិជ្ជកម្មដោយស្មើភាព ថៃនឹងដាក់ពន្ធតម្លៃបន្ថែមលើទំនិញនាំចូលគ្រប់ប្រភេទចំនួន ៧ភាគរយ ដោយមិនគិតពីតម្លៃចាប់ពីថ្ងៃទី១ ខែឧសភា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុថៃរូបនេះ បានបញ្ជាក់ថា នាយកដ្ឋានគយនឹងគ្រប់គ្រងការប្រមូលពន្ធលើតម្លៃបន្ថែមក្នុងដំណាក់កាលដំបូង។ ក្នុងរយៈពេលវែង ក្រសួងហិរញ្ញវត្ថុថៃនឹងធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធពន្ធលើតម្លៃបន្ថែម ដើម្បីឲ្យនាយកដ្ឋានពន្ធដារអាចអនុវត្តបានដោយផ្ទាល់។
ទំនិញដែលនាំចូលថៃក្នុងមួយឆ្នាំៗមានចំនួនជាង ៣០លានកញ្ចប់ ក្នុងនោះជាងពាក់កណ្តាលជាទំនិញថោកដែលមានតម្លៃមិនលើសពី៤០,៥ដុល្លារ។ នេះកំពុងបង្កផលប៉ះពាល់ដល់អ្នកផលិតក្នុងស្រុកដែលមិនអាចប្រកួតប្រជែងតម្លៃបាន។ នេះបើតាមកាសែត Bangkok Post ។
អ្នកជំនាញសេដ្ឋកិច្ចថៃនិយាយថា វិធានការថ្មីរបស់រដ្ឋាភិបាលថៃនឹងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែងនៃអាជីវកម្មក្នុងស្រុក និងគ្រប់គ្រងលំហូរនៃផលិតផលចិនដែលមានតំលៃថោកដែលលក់តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដូចជា Lazada ឬ Shopee...។
កាលពីខែកុម្ភៈ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានស្នើឱ្យនាយកដ្ឋានពន្ធដារ និងនាយកដ្ឋានគយបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការហូរចូលនៃទំនិញថោកៗពីចិនទៅទីផ្សារក្នុងស្រុក ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ក្នុងស្រុកថៃ៕
Tag:
VAT
ពន្ធតម្លៃបន្ថែម
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com