ជាតិ
អន្តរជាតិ
កម្ពុជា ត្រៀមសហការជាមួយទូតកូរ៉េខាងត្បូង ក្រោយមានការព្រមានពីការវាយប្រហារភេរវកម្ម
05, May 2024 , 12:19 pm        
រូបភាព
ទង់ជាតិកូរ៉េខាងជើង។ រូបភាព Reuters
ទង់ជាតិកូរ៉េខាងជើង។ រូបភាព Reuters
ភ្នំពេញ៖ កម្ពុជា ត្រៀមខ្លួនជាស្រេចសហការជាមួយស្ថានទូតកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសនេះ បានបានព្រមានការវាយប្រហារភេរវកម្ម ដែលបង្កដោយកូរ៉េខាងជើង លើស្ថានបេសកកម្មខ្លួនប្រចាំនៅប្រទេសចំនួន ៥ ដោយក្នុងនោះរួមមានកម្ពុជាផង។ មិនត្រឹមតែសម្រាប់សាធារណរដ្ឋកូរ៉េនោះទេ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់សារព័ត៌មានថ្មីៗបែបនេះ តាមបណ្តាញទំនាក់ទំនងTelegram នៅថ្ងៃទី៤ ខែឧសភាថា កម្ពុជា បានយកចិត្តទុកដាក់ និងត្រៀមខ្លួនជានិច្ចសហការស្ថានបេសកកម្មបរទេសផ្សេងទៀតដែលមានវត្តមាននៅកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ។

 
កូរ៉េខាងត្បូង នៅថ្ងៃទី២ ខែឧសភា បានព្រមានការវាយប្រហារភេរវកម្ម ដែលបង្កដោយកូរ៉េខាងជើង លើស្ថានបេសកកម្មខ្លួនប្រចាំនៅប្រទេសចំនួន ៥ ដោយក្នុងនោះរួមមានកម្ពុជាផង។ កូរ៉េខាងត្បូង បានដំឡើងកម្រិតអាសន្ននៃការវាយប្រហារមកកម្រិត៣ ក្នុងចំណោម ៤កម្រិត ក្រោយមានរបាយការណ៍ចារកិច្ចរបស់ខ្លួន។ ចំណែកស្ថានបេសកកម្ម ៤ផ្សេងទៀត មាននៅឡាវ វៀតណាម រុស្ស៊ី និងចិន។
 
ជុំវិញបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងហ្មត់ចត់រាល់ព័ត៌មានពាក់ព័ន្ធសន្តិសុខរបស់ស្ថានបេសកកម្មបរទេស។
 
«ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមរួចជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយស្ថានបេសកកម្មពាក់ព័ន្ធនឹងបញ្ហានេះ»។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយនឹងសំណួររបស់សារព័ត៌មានថ្មីៗបែបនេះ នៅថ្ងៃទី៤ ខែឧសភា ដោយបន្តថា ភាគីទាំងពីរ មិនអាចពិភាក្សាជាសាធារណៈលើបញ្ហាដ៏រសើបនេះបានឡើយ។ 
 
ស្ថានបេសកកម្មកូរ៉េខាងជើង សុទ្ធតែមានវត្តមាននៅក្នុងប្រទេសទាំង៥ខាងលើ ដូចជាឡាវ កម្ពុជា វៀតណាម ចិន និងរុស្ស៊ី។
 
កន្លងមក ទីភ្នាក់ងារចារកិច្ចកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនរកឃើញសញ្ញាមួយចំនួន ដែលកូរ៉េខាងជើង កំពុងរៀបចំការវាយប្រហារលើមន្រ្តីស្ថានទូត និងជនជាតិខ្លួននៅបរទេសដូចជា ចិន តំបន់អាស៊ីអាគ្នេយ៍ និងរុស្ស៊ីជាដើម។ បើតាមទីភ្នាក់ងារចារកិច្ច ក្រុងព្យុងយ៉ាង បានបញ្ជូនទីភ្នាក់ងាររបស់ខ្លួនទៅតាមដានស្ថានទូតកូរ៉េខាងត្បូង និងប្រជាជនខ្លួន ក្នុងគោលបំណងធ្វើសកម្មភាពភេរវកម្ម៕ 
 

Tag:
 កម្ពុជា
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com