កីឡាអន្តរជាតិ
អន្តរជាតិ
កូនៗលោក Maradona ស្នើប្តូរទីតាំងតម្កល់ធាតុឪពុក ដើម្បីសុវត្ថិភាព
05, May 2024 , 2:59 pm        
រូបភាព
កូនៗរបស់លោក Diego Maradona បានដាក់សំណើរទៅកាន់តុលាការប្រទេសអាហ្សង់ទីន ដើម្បីស្នើសុំផ្លាស់ប្តូរទីតាំងតម្កល់ធាតុ របស់វីរបុរសបាល់ទាត់ប្រចាំប្រទេស ទៅកាន់ទីតាំងបញ្ចុះសពដែលមានសុវត្ថិភាពជាងសព្វថ្ងៃ និងសម្រាប់អ្នកគាំទ្រអាចចូលគោរពវិញ្ញាណក្ខន្ធបាន។


 
ធាតុរបស់លោក Maradona កំពុងបន្តស្ថិតនៅទីបញ្ចុះសពឯកជនមួយនៅជាយទីក្រុង Buenos Aires ដែលជាទីកន្លែងដែលលោកត្រូវបានដង្ហែរ និងតម្កល់ធ្វើបុណ្យដ៏ធំមួយកាលពីខែវិច្ឆិកា ឆ្នាំ ២០២០។ ទីកន្លែងតម្កល់សពឯកជននោះ ដល់ពេលនេះអនុញ្ញាតឱ្យតែក្រុមគ្រួសារប៉ុណ្ណោះ ទើបមានសិទ្ធិចូលទៅមើលបាន។
 
បើតាមសម្តីរបស់លោកស្រី Veronica Ojeda ម្តាយរបស់កូនប្រុសពៅ លោក Maradona ក្រុមគ្រួសារបានស្មើសុំប្តូរទីតាំងតម្កល់ធាតុទៅកាន់ ទីតាំងបញ្ចុះសពក្នុងព្រះវិហារ Memorial del Diez ស្ថិតនៅពីក្រោយទីស្នាក់ការប្រតិបត្តិការនៃរដ្ឋាភិបាលអាហ្សង់ទីន ហើយទីតាំងនេះតែងបើកជាសាធារណៈ។ 
 
«អ្នកស្នងមរតកទាំងអស់ស្នើសុំដោយកិច្ចព្រមព្រៀងរួមដើម្បីអនុញ្ញាតឱ្យផ្ទេរសមទៅទិសដៅ បន្ទាប់របស់គាត់នៃការសម្រាកអស់កល្បជានិច្ច […] នៅកន្លែងដែលមានសុវត្ថិភាពជាងកន្លែងបច្ចុប្បន្ននេះ។ ដូច្នេះប្រជាជនអាហ្សង់ទីន និងជនរួមជាតិទាំងអស់ និងអាចមានឱកាសបង្ហាញការគោរពមកកាន់លោកឪពុករបស់យើង ដែលជាវិរបុរស និងនិមិត្តរូបដ៏អស្ចារ្យបំផុតក្នុងប្រទេសអាហ្សង់ទីន»។ លោកស្រី Ojeda បានអះអាងបែបនេះចំពោះមុខអ្នកកាសែត។
 
តាមការបញ្ជាក់របស់ មេធាវីម្នាក់ក្នុងគ្រួសារ ការផ្លាស់ប្តូរទីតាំងសពលោក Maradona នឹងអាចប្រព្រឹត្តិទៅនៅថ្ងៃទី ៣០ ថ្ងៃតុលា ដែលជាថ្ងៃកំណើតរបស់លោក Maradona ដែលជួយអាហ្សង់ទីនឈ្នះពាន World Cup នៅឆ្នាំ ១៩៨៦។ 
 
គួររំលឹកថា លោក Maradona បានទទួលមរណៈភាព នៅក្នុងវ័យ ៦០ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ដោយសារតែបញ្ហាជំងឺគាំងបេះដូង។ អ្នកគាំទ្រក្រុម SSC Napoli និងប្រទេសអាហ្សង់ទីនបានផ្តល់រហស្សនាមដល់លោក Maradona ថាជាព្រះនៃបាល់ទាត់ (God of Football)៕
 

Tag:
 Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com