អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ស្ថិតក្នុងបញ្ចីតាមចាប់ខ្លួនរបស់រុស្ស៊ី
05, May 2024 , 7:39 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន (កណ្តាល)។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន (កណ្តាល)។ រូបភាព AFP
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ក្រសួងមហាផ្ទៃរុស្ស៊ី។ នេះបើតាមការចុះផ្សយរបស់ទីភ្នាក់ងារព័ត៌មាន Tass នៅថ្ងៃទី៤ ខែឧសភា។

 
ចាប់តាំងពីផ្តើមសង្រ្គាមនៅអ៊ុយក្រែន រុស្ស៊ី បានដាក់មេដឹកនាំមួយចំនួនទៅក្នុងបញ្ជីតាមចាប់ខ្លួនជាបន្តបន្ទាប់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass ព័ត៌មានរបស់ក្រសួងមហាផ្ទៃរុស្ស៊ី បានបង្ហាញថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួន។ យ៉ាងណាមិញ រុស្ស៊ី មិនបានបង្ហាញព័ត៌មានលម្អិតឡើយ។ 
 
ក្រោយការចុះផ្សាយខាងលើ អ៊ុយក្រែន បានច្រានចោលព័ត៌មាននោះ និងចាត់ទុកជាការភ័យខ្លាចរបស់រុស្ស៊ី ស្របពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ស្ថិតនៅក្នុងដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ 
 
«យើងចង់រម្លឹកអ្នកថា ខុសពីការប្រកាសរបស់រុស្ស៊ី តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាចាប់ខ្លួនមេដឹកនាំផ្តាច់ការលោកវ្ល៉ាឌីមៀ ពូទីន ពីបទសង្ស័យពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាម»។ ក្រសួងការបរទេសអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៤ ខែឧសភា។ 
 
បើតាមភាគីអ៊ុយក្រែន ការប្រកាសរបស់រុស្ស៊ី បានបង្ហាញពីភាពភ័យខ្លាចរបស់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ហើយគ្មានវិធីផ្សេង ដើម្បីអាចទាក់ទាញចំណាប់អារម្មណ៍។ 
 
កន្លងមក រុស្ស៊ី ក៏បានចេញដីកាចាប់ខ្លួនមេដឹកនាំផ្សេងដែរ ក្នុងនោះមានដូចជា នាយករដ្ឋមន្រ្តីអេស្តូនី លោកស្រី Kaja Kallas, រដ្ឋមន្រ្តីវប្បធម៌លីទុយអានី និងសមាជិកសភាឡេតូនីជាដើម៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com