ក្រុមភ្លេងកាយរឹទ្ធវិទ្យាល័យបាក់ទូក ដណ្តើមបានជ័យលាភីលេខ១ ពីការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី១ ដែលរៀបចំឡើង កាលពីថ្ងៃទី៣ ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំណែកលេខ២ បានទៅក្រុមកាយរឹទ្ធិកងឯកភាពវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងលេខ៣ បានទៅក្រុមកាយរឹទ្ធិជាតិកម្ពុជា ខេត្តសៀមរាប។
ជ័យលាភីលេខ១ ទទួលបានមេដាយ ដំបងបញ្ជាភ្លេង និងទឹកប្រាក់២០លានរៀល។ ជ័យលាភីលេខ២ ទទួលបានមេដាយ និងទឹកប្រាក់ ១២លានរៀល និង ជ័យលាភីលេខ៣ ទទួលបានមេដាយ និងទឹកប្រាក់៨លានរៀល។
ជយលាភីលេខ១ រូបពី MoEYS Cababodia
ការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជា ក្រោមប្រធានបទ«ភ្លេងក្នុងសន្តិភាព»។ ការប្រកួតនេះ រៀបចំឡើងក្នុងបំណងអភិវឌ្ឍន៍សមត្ថភាពយុវជនកាយរឹទ្ធិ ឱ្យមានសក្ដានុពលពេញលេញ ផ្នែកផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ផ្លូវអារម្មណ៍ តាមរយៈវិធីសាស្ត្ររៀន ដោយផ្សារភ្ជាប់នឹងការរីករាយ ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈ កុមារ និងយុវជន ឱ្យមានទំនួលខុសត្រូវខ្ពស់ក្នុងការសិក្សា និងជាសមាជិកសកម្ម ក្នុងសាលារៀន ក៏ដូចជាសហគមន៍រស់នៅ។
ក្រុមជាប់ជយលាភីលេខ២ រូបពី MoEYS Cambodia
បន្ទាប់ពីវាយតម្លៃយ៉ាងហ្មត់ចត់ ក្រុមការងារបានសម្រេច យកក្រុមភ្លេងតែ៨ក្រុម ប៉ុណ្ណោះ តំណាងឱ្យ ៦រាជធានីខេត្ត ក្នុងការប្រកួតដណ្ដើមជ័យលាភី នៅរាជធានីភ្នំពេញ។ ក្នុងទាំងនោះមានរាជធានីភ្នំពេញ ចំនួន៣ក្រុម ខេត្តកណ្ដាល១ក្រុម ខេត្តសៀមរាប១ក្រុម កោះកុង១ក្រុម ឧត្តរមានជ័យ១ក្រុម និងខេត្តរតនគិរី១ក្រុម។
ការប្រកួតប្រជែងនេះ មានគណៈកម្មការចំនួន៧រូប មកពីក្រសួងការពារជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដាក់ពិន្ទុ ដោយផ្ដោតទៅលើចង្វាក់ភ្លេង ខ្លឹមសារ ការសម្ដែង ការបំបែកក្បួន ឯកសណ្ឋាន និងការសហការក្រុម។
ក្រុមជយលាភីលេខ៣ រូបពី MoEYS Cabodia
សូមបញ្ជាក់ថា កាយរឹទ្ធិជាតិបង្កើតឡើងក្នុងឆ្នាំ២០០០ ក្រោមគំនិតផ្ដួចផ្ដើម របស់សម្ដេច ហ៊ុន សែន។ ក្រុមកាយរឹទ្ធជាតិកម្ពុជា បានទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ នៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០០៨។
បច្ចុប្បន្នកាយរឹទ្ធិជាតិកម្ពុជា មានសមាជិក ១៧៥ ០០០នាក់។ ឆ្នាំ២០០៦ ក្រុមភ្លេងកាយរឹទ្ធិ បានចាប់ផ្ដើមបង្កើតឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប កណ្ដាល តាកែវ រតនគិរី កំពង់ស្ពឺ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកោះកុង៕
រូបពី MoEYS Cabodia
រូបពី MoEYS Cabodia