ជាតិ
អាកាសធាតុក្តៅ៖ លោក យី គឹមថាន បារម្ភពីសុខភាពកុមារខ្វះអាហារូបត្ថម្ភ និងទឹកស្អាត
06, May 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ប៉ុន្មានខែមកនេះ អាកាសធាតុក្ដៅ បានកើតឡើងមិនថានៅជនបទ ឬទីក្រុងភ្នំពេញនោះទេ។ ការកើនកម្ដៅនេះ បានធ្វើឱ្យប៉ះពាល់ការសិក្សា និងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះសុខភាពកុមារ ជាពិសេសកុមារនៅតំបន់ភូមិភាគឦសាន ដែលប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់ រួមទាំងបញ្ហាអាហារូបត្ថម្ភ។



សម្រាប់បញ្ហាអាកាសធាតុក្ដៅខ្លាំងនៅរដូវប្រាំងនេះ លោក យី គឹមថាន សង្កេតឃើញថា កត្តានេះ អាចធ្វើឱ្យប៉ះពាល់ច្រើន ជាពិសេសស្ថានភាពទឹកស្អាត សម្រាប់ការប្រើប្រាស់ និងជួបការលំបាកនៅតំបន់មួយចំនួន។ 
 
នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជារូបនេះ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖«បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងប្រមូលទិន្នន័យ នៅតាមខេត្តនីមួយៗ ជាពិសេសនៅស្រុក និងភូមិឃុំ ដែលជួបការលំបាក បញ្ហាខ្វះទឹកប្រើប្រាស់។ ការកើនកម្ដៅខ្លាំង វាក៏ធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារដែលងាយរងគ្រោះជាងគេ»។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា។ អង្គការភ្លែនអន្តរជាតិកម្ពុជា

ការកើនកម្ដៅនេះ ក៏អាចប៉ះពាល់ទៅដល់ទឹកស្អាត និងអនាម័យរបស់កុមារ ជាពិសេស ជះឥទ្ធិពលដល់សុខភាពអាហារូបត្ថម្ភកុមារផងដែរ។ ត្រង់ចំណុចនេះ លោក យី គឹមថាន បន្ថែមថា ឪពុកម្ដាយ ត្រូវយកចិត្តទុកថែទាំកុមារក្រោមអាយុ៥ឆ្នាំ ដើម្បីធ្វើយ៉ាងណាឱ្យសុខភាពល្អប្រសើរ។ អ្វីដែលជាកត្តាសំខាន់ គឺការផ្ដល់នូវទឹកសុវត្ថិភាពដល់កូនហូបឱ្យបានញឹកញាប់ ដែលត្រូវជាទឹកស្អាត។ លើសពីនេះ ត្រូវផ្ដល់ចំណីអាហារដល់កូន ប្រកបដោយអាហារូបត្ថម្ភ ជាពិសេសអាហារចម្រុះ ដែលមានវីតាមីន និងមានជីវជាតិ រួមទាំងការថែរក្សាអនាម័យជាប្រចាំ។ 
 
«បើមើលទៅលើទិន្នន័យពីក្រសួងពាក់ព័ន្ធផ្សេង ឃើញថា ការឡើងកម្ដៅនេះ គឺប៉ះពាល់ទូទៅប្រទេសតែម្ដង។ មិនមានតំបន់ណាប៉ះពាល់តិចឬច្រើន ប៉ុន្តែអាស្រ័យទៅតាមតំបន់ខ្លះងាយរងគ្រោះ។ តំបន់ដែលងាយរងគ្រោះ គឺតំបន់ភូមិភាគឦសាន»។ នេះជាការពន្យល់បន្ថែមរបស់លោក យី គឹមថាន ដោយបន្តថា ការទទួលបានទឹកស្អាត និងអនាម័យ រួមទាំងអាហារូបត្ថម្ភនៅមានកម្រិតទាបនៅឡើយ ជាពិសេសសម្រាប់កុមារ។ 
  


នៅដើមឆ្នាំ២០២៤នេះ ស្ថានភាពអាកាសធាតុនៅកម្ពុជា ហាក់កើនកម្ដៅខ្លាំងជាងឆ្នាំមុនៗ។ ក្នុងអំឡុងខែមេសា អាកាសធាតុនៅតាមបណ្ដាខេត្តខ្លះ កើនលើស៤០អង្សា។ ដោយសារកម្ដៅថ្ងៃក្ដៅខ្លាំង កាលពីថ្ងៃទី៣០ មេសា ក្រសួងអប់រំ យុវជន និងកីឡា បានបង្រួមម៉ោងសិក្សា ដោយចូលរៀននៅម៉ោង៧ព្រឹក ចេញនៅម៉ោង១០និង៣០នាទី សម្រាប់ពេលព្រឹក។ ដោយឡែក ពេលរសៀល ចាប់ផ្ដើមចូលរៀន នៅម៉ោង១និង៣០នាទី ចេញនៅម៉ោង ៥ល្ងាច។
 
«ការផ្លាស់ប្ដូរម៉ោងសិក្សានេះ ដើម្បីទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ»។ នេះជាខ្លឹមសារនៅក្នុងសេចក្ដីណែនាំដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ 



របាយការណ៍ផែនការប្រតិបត្តិឆ្នាំ ២០២៣-២០២៨ បង្ហាញថា កង្វះលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាមូលដ្ឋាន រួមជាមួយឥរិយាបថប្រតិបត្តិអនាម័យមិនល្អ ត្រូវបានគេសង្កេតឃើញនៅតំបន់ជនបទដាច់ស្រយាល ដែលជាកត្តាកំណត់ដ៏សំខាន់នៃអត្រាប្រេវ៉ាឡង់ខ្ពស់នៃភាពស្គមស្គាំងនិងក្រិសក្រិន ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ ដែលជះឥទ្ធិពលដល់បុគ្គលម្នាក់ៗ និងសង្គមនៃបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។
 
សូមបញ្ជាក់ថា ទាក់ទងអាកាសធាតុក្ដៅនេះ ក្រសួងសុខាភិបាល ក៏បានចេញណែនាំឱ្យថែរក្សាសុខភាពផងដែរ។ ក្រសួងសុខាភិបាល បញ្ជាក់ថា អាកាសធាតុក្តៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក បុគ្គលមានប្រព័ន្ធ ការពាររាង្គកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺ ជាយថាហេតុ ដូចជាការខ្សោះជាតិទឹក ជំងឺ បេះដូង រលាកផ្លូវដង្ហើម ដែលនាំឱ្យមានជំងឺឆ្លងផ្សេងៗជាច្រើនទៀត បណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។ 
 
បើតាមក្រសួងសុខាភិបាល បរិមាណទឹកស្អាតមានសារៈសំខាន់ណាស់អាចជួយទ្រទ្រង់ជីវិតមនុស្ស តែផ្ទុយទៅវិញការប្រើប្រាស់ទឹកមិនស្អាត អាចបណ្តាលឱ្យមានជំងឺដូចជា ជំងឺរាករូស ជំងឺរាកមូល ជំងឺអាសន្នរោគ និងជំងឺគ្រុនពោះវៀន ក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត ដោយសារមេរោគនៅក្នុងទឹក និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់៕





Tag:
 អង្គការភ្លែនអន្តរជាតិកម្ពុជា
  ទឹកស្អាត
  អនាម័យ
  អាហារូបត្ថម្ភ
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com