សង្គមអន្តរជាតិ
អន្តរជាតិ
ទីក្រុងម៉ានីលគ្រោងអនុវត្តថ្ងៃអាទិត្យគ្មានរថយន្ត ដើម្បីឲ្យប្រជាជនហាត់ប្រាណនៅខាងក្រៅ មហាវិថី Roxas Avenue ក្នុងទីក្រុងម៉ានីល ។ រូបភាព ៖ PGAA Creative Design
× ហ្វីលីពីន កំពុងស្នើឲ្យអនុវត្តថ្ងៃអាទិត្យគ្មានរថយន្ត (Car-Free Sunday) នៅផ្នែកមួយនៃ មហាវិថី Roxas Avenue ក្នុងរដ្ឋធានីម៉ានីល ដើម្បីឲ្យប្រជាជនអាចហាត់ប្រាណនៅខាងក្រៅ និងមានពេលវេលាភ្ជាប់ទំនាក់ទំនងគ្នា។
ក្រុមប្រឹក្សាទីក្រុងម៉ានីល លោក Salvador Philip Lacuna បានដាក់សេចក្តីព្រាងច្បាប់លេខ ៨៧២៤ ដោយស្នើឱ្យបិទទាំងផ្លូវផ្នែកខាងជើង និងខាងត្បូង នៃមហាវិថី Roxas Avenue ពីចំណុច Padre Burgos Avenue ទៅ Quirino Avenue រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៥ ដល់ម៉ោង ៩ព្រឹក។ នេះបើតាមសារព័ត៌មាន Philstar ។
សេចក្តីព្រាងច្បាប់នេះ អនុញ្ញាតឱ្យអាជ្ញាធរក្នុងតំបន់ បិទផ្លូវជាអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ន ព្រមទាំងធ្វើសកម្មភាពអាជីវកម្ម ជាពិសេសកន្លែងលក់អាហារ និងភេសជ្ជៈ។ បន្ថែមពីនេះ អាជ្ញាធរត្រូវធានាដល់ប្រជាពលរដ្ឋថា ការបិទផ្លូវ Roxas Avenue នឹងមិនបង្កការកកស្ទះចរាចរណ៍នៅថ្ងៃអាទិត្យនោះទេ ព្រោះនឹងមានយានជំនិះតិចជាងមុន។
តាមការវាយតម្លៃពីប្រយោជន៍នៃការអនុវត្ត Car-Free Sunday អាជ្ញាធរទីក្រុងបាននិយាយថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ព្រោះវាលើកទឹកចិត្តដល់សកម្មភាពហាត់ប្រាណ ក៏ដូចជាការចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ។
បច្ចុប្បន្ននេះ តំណាងអាជ្ញាធរអភិវឌ្ឍន៍ក្រុងម៉ានីល និងមន្ទីរសាធារណការ ព្រមទាំងអាជ្ញាធរផ្លូវជាតិ មិនជំទាស់នឹងសំណើនោះឡើយ។ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាក្រុង នៅថ្ងៃ ទី២ ខែឧសភា សមាជិកក្រុមប្រឹក្សាចំនួន១៣នាក់ ក្នុងចំណោម២២រូបដែលមានវត្តមាន បានអនុម័តលើការអានសេចក្តីព្រាងច្បាប់ ជាលើកទី២។ បច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះ រង់ចាំការចុះហត្ថលេខាពីអភិបាលក្រុងម៉ានីល មុនពេលត្រូវបានអនុវត្ត។
គំរូថ្ងៃអាទិត្យគ្មានរថយន្ត ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព នៅតាមដងផ្លូវមួយចំនួននៃរដ្ឋធានីហ្សាការតា ឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនឆ្នាំ។ ថ្ងៃអាទិត្យគ្មានរថយន្ត ចាប់ពីម៉ោង៥ ដល់ម៉ោង ១០ព្រឹក នៅតំបន់ផ្លូវ Sudirman ក្រោមគំនិតផ្តួចផ្តើមដំបូង ដើម្បីកាត់បន្ថយការបំពុលបរិយាកាស៕
Tag:
ម៉ានីល
ហ្វីលីពីន
Car-Free Sunday
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com