ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ចាប់អនុវត្ត ​«ប្រព័ន្ធបញ្ជរតែមួយជាតិ» ដើម្បីជំរុញ​ការពាណិជ្ជកម្ម និងតភ្ជាប់​ទៅកាន់​ប្រព័ន្ធអាស៊ាន​
07, May 2024 , 11:59 am        
រូបភាព
នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តជាផ្លូវការ«ប្រព័ន្ធបញ្ជរតែមួយជាតិ» នាព្រឹកថ្ងៃទី៧ឧសភា។​
នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តជាផ្លូវការ«ប្រព័ន្ធបញ្ជរតែមួយជាតិ» នាព្រឹកថ្ងៃទី៧ឧសភា។​
«ប្រព័ន្ធបញ្ជរតែមួយជាតិ» ត្រូវបានកម្ពុជាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជា។ រដ្ឋាភិបាលបានអះអាងថា ការអនុវត្តនូវប្រព័ន្ធនេះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំង​​វិស័យសាធារណៈ និងវិស័យឯកជន។

 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-cus​tom​s, ASYCUDA, Pre-Arrival Manifest System ... ជាដើម។ 
 
នាពិធីសម្ពោធដាក់ឱ្យអនុវត្ត«ប្រព័ន្ធបញ្ជរតែមួយជាតិ» នាព្រឹកថ្ងៃទី៧ឧសភា លោក អូន ព័ន្ធមុនីរ័ត្ន បានរៀបរាប់ថា ប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បី​​បានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែប​បទបញ្ចេញ​ទំនិញ​ពីគយ តាមមធ្យោបាយអេឡិចត្រូនិក។
 
«ប្រព័ន្ធបញ្ជរតែមួយជាតិ» ក៏មានមុខងារដ៏សំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរ​តែ​មួយ​អាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, ទិន្នន័យ​ឯក​សារ​​ប្រតិវេទ​ន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជា​មួយបណ្តាប្រទេសជាសមាជិកអាស៊ាន ផងដែរ។
 
ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំង​សម្រាប់​វិស័យសាធារណៈ និងវិស័យឯកជន។ នេះជាការលើកឡើងរបស់លោក​រដ្ឋមន្រ្តីសេដ្ឋកិច្ច ដោយបានបន្ថែមថា  សម្រាប់វិស័យសាធារណៈ,​ ប្រព័ន្ធបញ្ជរ​តែមួយ​ជាតិ មានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាង​ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម។ ជាពិសេសសម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែប​ប​បទ​នាំចេញ-នាំចូលទំនិញ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយ របស់រាជ​រដ្ឋាភិបាល ។

 លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច  និងជាប្រធានគណៈកម្មាធិការគម្រោង«ប្រព័ន្ធបញ្ជរតែមួយជាតិ»។ 

«ជារួម ប្រព័ន្ធនេះ បានផ្តល់អត្ថប្រយោជន៍សំខាន់ដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ឱ្យទទួល​បាននូវព័ត៌មាន និងទិន្នន័យត្រឹមត្រូវ និងទាន់ពេល សម្រាប់ធ្វើការវិភាគវាយ​តម្លៃហានិ​ភ័យ និងសម្រាប់ប្រើប្រាស់តាមតម្រូវការផ្សេងទៀត»។ នេះជាការអះអាងរបស់លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច ​និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង«ប្រព័ន្ធបញ្ជរតែមួយជាតិ»​​។ 
 
សម្រាប់វិស័យឯកជន ប្រព័ន្ធនេះក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ផងដែរ។ ដូចជា ចំណេញ​ពេល ព្រមទាំងការកាត់បន្ថយចំណាយ។ ជាពិសេស ការកាត់បន្ថយការិយាធិបតេយ្យក្នុង​ការរត់ការឆ្លងកាត់ពី​ក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយទៅមួយទៀតពាក់ព័ន្ធនឹងការស្នើ​សុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងៗ, សម្រាប់ការនាំ​ចេញ-នាំចូលទំនិញ។ លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើង​វិញនូវទិន្នន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបាន​ទាន់ពេល, មានសង្គតិភាព និងមានភាពច្បាស់លាស់ ផងដែរ។
 
រដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មាធិការដឹកនាំគម្រោង«ប្រព័ន្ធបញ្ជរតែមួយជាតិ»​​ នៅខែមីនា ឆ្នាំ២០១៥ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  គម្រោងនេះ​ត្រូវបានចែកចេញជាបីដំណាក់កាល​ក្នុងរយៈពេល៧ឆ្នាំ(២០១៨-២០២៤) ដោយប្រើប្រាស់ថវិកាប្រមាណ៣,៤លានដុល្លារអាម៉េរិក។ 
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ការអភិវឌ្ឍន៍ដំណាក់កាលទីមួយ១ រដ្ឋាភិបាលបានផ្តោតសំខាន់លើការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់តភ្ជាប់រវាងប្រព័ន្ធស័្វយប្រវត្តិកម្មទិន្នន័យគយ(ASYCUDA) ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើនទំនិញរបស់ក្រសួងពាណិជ្ជកម្ម ​និងសម្រាប់តភ្ជាប់ទៅប្រព័ន្ធបញ្ជរតែមួយអាស៊ាន​។  ក្នុងដំណាក់កាលទី២ រដ្ឋាភិបាលបានពង្រីកបន្ថែមមុខងារថ្នាលបច្ចេកវិទ្យាព័ត៌មានឱ្យមានវិសាលភាពបន្ថែមទៅលើក្រសួង-ស្ថាប័ន ដែលមានប្រតិបត្តិការច្រើនក្នុងការចេញអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ព្រមទាំងវិញ្ញាបនបត្រ និងឯកសារផ្សេងៗ​។  ក្នុងនោះមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ ក្រសួងពាណិជ្ជកម្ម  ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ​និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​។​
 
រហូតដល់ដំណាក់ទី៣ រដ្ឋាភិបាលបានសម្រេចពង្រីកវិសាលភាពបន្ថែម​ហើយគ្រប់ដណ្តប់ដល់ក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ​នឹងការចេញអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងៗ សម្រាប់ទំនិញនាំចេញ​-នាំចូល ស្របតាមខ្លឹមសារនៃអនុក្រឹតស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ ​ទំនិញជាប់កម្រិតកំណត់​ និងសម្រាប់ទំនិញដែលទទួលបានការលើកទឹកចិត្តពន្ធ-អាករ តាមច្បាប់ និងបទបញ្ញាត្តិពាក់ព័ន្ធជាធរមាន។ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ  ក្រសួងបរិស្ថាន ក្រសួងរ៉ែ​ និងថាមពល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា​៕ 

Tag:
 ប្រព័ន្ធបញ្ជរតែមួយជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com