ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើទៅរដ្ឋបាលមីយ៉ាន់ម៉ា សុំជួបសួរសុខទុក្ខលោកស្រី អ៊ុងសាន ស៊ូជី
07, May 2024 , 2:41 pm        
រូបភាព
សម្ដេច ហ៊ុន សែន ស្នើសុំជួបសួរសុខទុក្ខលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំង ដែលកំពុងឃុំខ្លួននៅគេហដ្ឋាន នៃទីក្រុងណៃពិដោ។ ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកសំណើបែបនេះ តាមរយៈកិច្ចសន្ទនាជាមួយលោក មីន អោងឡាំង(Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៧ ឧសភា។

 
បំណងសួរសុខទុក្ខនេះ ដោយសារសម្ដេច ហ៊ុន សែន និងលោកស្រី ស៊ូជី ធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំ នៅក្នុងកិច្ចការអាស៊ាន ។ ជាមួយសំណើនេះ ប្រមុខបក្សកាន់អំណាចនៅកម្ពុជារូបនេះ បានរំលេចពីសារៈសំខាន់នៃកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច ដែលអាស៊ានបានសម្រេចដាក់ឱ្យមីយ៉ាន់ម៉ាអនុវត្តកន្លងមកដែរ។ សម្ដេច រំពឹងថា ការរីកចម្រើននៃកិច្ចព្រមព្រៀងនេះ នឹងរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ា។
 
អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានយោធាមីយ៉ាន់ម៉ា ផ្លាស់ប្តូរពីការឃុំខ្លួននៅពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ នៅក្រុងណៃពិដោ ក្រោមហេតុផលអាកាសធាតុក្តៅខ្លាំង។ យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ា មិនបានបង្ហាញពីទីតាំងផ្ទះ ដែលត្រូវឃុំខ្លួនលោកស្រី ស៊ូជី នោះទេ។
 
លោកស្រី ស៊ូជី វ័យ ៧៨ ឆ្នាំត្រូវបានយោធាមីយ៉ាន់ម៉ា ចាប់ឃុំខ្លួន តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ មកម្ល៉េះ។ លោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល ២៧ ឆ្នាំ ពីបទឧក្រិដ្ឋកម្ម រាប់ចាប់ពីការក្បត់ជាតិ និងការស៊ីសំណូក រហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍ ដែលការចោទប្រកាន់ទាំងនេះ ត្រូវបានលោកស្រីបដិសេដ។
 
ចំពោះសំណើរបស់សម្ដេច ហ៊ុន សែន សុំជួបសួរសុខទុក្ខលោកស្រី ស៊ូជី នេះ លោក មីន អោងឡាំង សន្យាថា នឹងយកទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់ ជាពិសេសនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួន មកកាន់កម្ពុជានាពេលខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ ព្រមទាំងទទួលយកការចែករំលែកបទពិសោធន៍ល្អៗ ពីគណៈកម្មជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា សម្រាប់ការរៀបចំការបោះឆ្នោតមួយ ដែលសេរី យុត្តិធម៍ និងមានតម្លាភាព ។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់ខ្លឹមសារនៃកិច្ចពិភាក្សាគ្នានេះ។
 
កាលពីខែមករា ២០២៤ ក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា បានបញ្ជូនតំណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេស នៅប្រទេសឡាវ។ សម្ដេច ហ៊ុន សែន លើកទឹកចិត្តឱ្យមីយ៉ាន់ម៉ា បន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។
 
ឆ្លើយតបចំណុចនេះ លោក មីន អោងឡាំង បានឯកភាពថា លោកបន្តបញ្ជូនតំណាងមិននយោបាយមីយ៉ាន់ម៉ា ឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានទៀត៕

អត្ថបទទាក់ទង
 
 
 

Tag:
 ហ៊ុន សែន
  អ៊ុង សានស៊ូជី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com